Ad Code

បុរស​ម្នាក់​បើក​ម៉ូតូ​រ៉ឺម៉ក​ទៅ​ដឹក​ជណ្ដើរ​ខ្យល់គ​ស្លាប់​នៅ​តាម​ផ្លូវ​


ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​រ៉ឺម៉ក​ទៅ​ដឹក​ជណ្ដើរ​យក​ទៅ​ដាក់​ផ្ទះ​តែ​មិនទាន់​ដល់​គោលដៅ​ផង​ខ្យល់គ ដួល​ម៉ូតូ​ធ្លាក់​មក​លើ​ចិញ្ចើម​ផ្លូវ ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ទល់​មុខ​កា​រ៉ា​ស​សាំង​MP ស្ថិត​ក្នុង​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ។

ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ខ្យល់គ​ដួល​ម៉ូតូ​រ៉ឺម៉ក​ស្លាប់​នោះ​ឈ្មោះ​ ថាច គា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ ​មា​នទី​លំនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ម៉ាក​គុប​មូល ពណ៌​ខៀវ អត់​ស្លាក​លេខ។​

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ក្នុង​ទិសដៅ​ពី​ទិស​ខាងជើង​មក​ត្បូង ទៅ​ដឹក​ជណ្ដើរ​នៅ​ជិត​គល់​ស្ពាន​ព្រែក​ព្នៅ យក​ទៅ​ដាក់​ផ្ទះ​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​។ លុះ​ធ្វើ​ដំណើរ​មកដល់​ចំណុច​កើត​ហេតុ​ខាងលើ មិនទាន់​ដល់​គោលដៅ​ផង​ ម៉ូតូ​ជនរងគ្រោះ​បាន​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ ធ្លាក់​ចិញ្ចើម​ផ្លូវ​ ហើយ​ក៏​ដួល​បត់​ម៉ូតូ​និង​រ៉ឺម៉ក ខណៈនោះ​ជនរងគ្រោះ​បាន​ធ្លាក់​បោក​ក្បាល​ទៅ​នឹង​ដី សន្លប់​ស្តូកស្តឹង​តែម្តង។

ប្រភព​បន្ត​ថា ក្នុង​ខណៈ​ជនរងគ្រោះ​ខ្យល់គ​ដួល​ម៉ូតូ​រ៉ឺម៉ក​នោះ​ប៊ិះ​ជ្រុល​ទៅ​ចូល​រថយន្ត​ដឹក​ដំឡូង​មី​ដែល​គេ​ចត​ស្ងៀម នៅ​ចិញ្ចើម​ផ្លូវ​នោះ​ទៀត​ផង​។ បន្ទាប់ពី​ខ្យល់គ​សន្លប់​ហើយ​នោះ កម្មករ​ដែល​លើក​ដំឡូង​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​បាន​នាំ​គ្នា​មក​ជួយ​ធ្វើ​ចលនា និង​បាន​ហៅ​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ តែ​មិនទាន់​ទៅដល់​មន្ទីរ​ពេទ្យ​ផង​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។​

ក្រោយ​កើតហេតុ​ប៉ូលិស​បាន​បញ្ជាក់​ថា ការពិនិត្យ​សាកសព និង​កន្លែង​កើតហេតុ​ឃើញថា ជន​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតប្រាកដ​មែន មិន​មាន​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​នោះ​ឡើយ។ ហើយ​សមត្ថកិច្ច​ប៉ូលិស​ក៏​បាន​ធ្វើ​ការ​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ដោយ​ពុំ​មានការ​ប្តឹង​ផ្ដល់​អ្វី​ឡើយ៕

ឧ​ត្ត​រ៉ា​


Post a Comment

0 Comments

Close Menu