Ad Code

តៃកុង​រថយន្ត​ដឹក​ដំឡូង​មី​ត្អូញត្អែរ​មិន​ដាច់​ពី​មាត់​ ដោយសារ​កុងត្រូល​របស់​គយ​ជាន់ក​ជម្រិត​យក​លុយ​ខ្លាំងពេក​


ប៉ោយប៉ែត ៖ តៃកុង​រថយន្ត​ដឹក​ដំឡូង​មី​នាំគ្នា​រអ៊ូ​មិន​ដាច់​ពី​មាត់ ដោយសារ​កុងត្រូល​របស់​មន្ត្រី​គយ​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​នាំគ្នា​ជម្រិត​ជាន់​.ក​ពួកគាត់​យក​លុយ​ដូច​ព្យុះកំបុតត្បូង ទង្វើ​បែបនេះ​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​កសិករ​ដាំដំឡូង​មី​នាំគ្នា​ត្អូញត្អែរ​ថា តម្លៃ​ដំឡូង​មី​របស់​ពួកគាត់​មិនសូវ​លក់​បាន​ថ្លៃ​ដូច​ឆ្នាំមុនៗ​នោះ​ទេ បែរជា​អស់លោក​ម្ចាស់​កុងត្រូល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នាំ​គ្នា​យក​លុយ​របស់​ពួកគាត់​ថែមទៀត​នោះ​។​

គួរ​រំលឹក​ដែរ​ថា នៅ​រសៀល​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត្រង់​ចំណុច​កុងត្រូល​របស់​គយ​រដ្ឋាករ ខេត្ត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវ​ហា ដែល​មាន​ចម្ងាយ​ពី​ក្រុង​ប៉ោយប៉ែត​ចំនួន​៨​គីឡូ​ម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ប៉ោយប៉ែត​មក​ខេត្តបន្ទាយមានជ័យ ដែល​កុងត្រូល​ខាងលើ​នោះ​គ្រប់គ្រង​ដោយ​មន្ត្រី​គយ​រដ្ឋាករ​ស្នាក់​ការ​ខេត្តបន្ទាយមានជ័យ​តែម្តង ស្រប​ពេល​ដែល​មានការ​ឯកភាព​ពី​សាលាខេត្ត​អោយ​ដាក់​សម្រាប់​ទប់ស្កាត់​ និង​ប្រមូល​ពន្ធ​ជូន​រដ្ឋ។​

មានការ​រអ៊ូ​ពី​សំណាក់​ក្រុម​តៃកុង​រថយន្ត​ជាច្រើន​ដែល​បាន​ដឹក​កសិផល​ដំឡូង​មី​ចេញពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះទៅ​បណ្ដា​ច្រករបៀង ឫ​ច្រក​តំបន់​នានា​ក្នុងស្រុក​ម៉ាឡៃ ច្រក​តំបន់​បឹង​ត្រកួន​ក្នុង ស្រុក​ស្វាយចេក​បាន​នាំ​គ្នា​លើ​កក​ឡើង​ថា រាល់​ពេល​ដែល​ពួកគាត់​បាន​ដឹក​ដំឡូង​មី​ចេញពី​ក្រុង​ប៉ោយ​ប៉ែត​មកដល់​ត្រង់​ចំណុច​គយ​រដ្ឋាករ​ខាងលើ ត្រូវ​គេ​ទាយ​លុយ​ជា​រៀងរាល់ថ្ងៃ ដែល​នាក់​កាក់​រថយន្ត​របស់​ពួកគាត់​នោះ​គឺជា​មន្ត្រី​ប៉េអិម​ដែល​ឈរ​ចាំ​យាម​កាក់​ស្ទាក់​រថយន្ត​យក​លុយ​ពី​ជន​រង​គ្រោះ​ជាប្រចាំ។ ពលរដ្ឋ​បាន​បន្ត​ទៀត​ថា ការ​យក​លុយ​របស់​ពួកគាត់​នោះ មិន​ដឹង​ថា​បាន​ចូល​ទៅ​ដល់​ចំណូល​ពន្ធ​ដែរ​ឫ​អត់​? ឬ​មួយ​លុយ​ដែល​ពួកគេ​យក​ពី​តៃកុង​រថយន្ត​នោះ បាន​ត្រឹម​ចូលក្នុង​ហោ​ប៉ៅ​អ្នកយាម​តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា មាន​ពេល​ខ្លះ​តៃកុង​រថយន្ត​តាក់ស៊ី​តូចតាច​ដែល​ដឹក​ផ្លែឈើ​ និង​ទំនិញ​ផ្សេងៗ ត្រូវ​បាន​គេ​បង្ខំ​អោយ​ដាក់​ខែ​ក្រៅ​ពន្ធគយ​ផង​ដែរ។ ជនរងគ្រោះ​ជាច្រើន​នាក់​បាន​លើក​ជា​សំណួរ​ថា តើ​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ក្រោម​ការ​ឯកភាព​របស់​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​នោះ គឺ​គេ​ប្រមូល​ក្នុង​បែប​ជាន់.ក​យក​លុយ ទាំង​ឈ្មួញ​តូច​ទាំង​ឈ្មួញ​ធំ សូម្បីតែ​កសិករ​ដែល​មាន​ដំឡូង​មី​ឫ​ស្រូវ ក៏​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ឫ​មួយ​យ៉ាងណា​?​

លោក​ ថោង សុខាំ​ភូ ប្រធាន​ស្នាក់​ការ​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​ថា លោក​គ្មាន​គម្រោង​ឲ្យ​កូនចៅ​ទៅ​កាក់​រថយន្ត​ដឹក​ដំឡូង​មី​របស់​ប្រជាកសិករ​ក្នុងស្រុក​យក​មក​បង់ពន្ធ​នោះ​ទេ។ លោក​បាន​បញ្ជាក់​ទៀត​ថា បើសិន​ជា​មាន​កូនចៅ​ណា​ធ្វើ​បែប​នេះ លោក​នឹង​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​មិន​ឲ្យ​កើតមាន​តទៅទៀត​ទេ​។​

លោក​ គោ ​ស៊ុំ​សារឿ​ត ​អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បាន​លើក​ឡើង​ថា សាលាខេត្ត​បន្ទាយមានជ័យ​ពិតជា​បាន​ឯកភាព​ឲ្យ​ដាក់កុង​ត្រូល​នៅ​ចំណុច​ផ្លូវ​ហា​នោះ​មែន ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​គេចពន្ធ​ និង​ទប់ស្កាត់​រាល់​ការ​នាំចូល​នៅ​ទំនិញ​ខូចគុណភាព​ទៀត​ផង។ លោក​បាន​បន្ត​ទៀត​ថា ពន្ធ​នៅក្នុង​ឆ្នាំ​២០១៤​កន្លងទៅ គឺ​មាន​ការ​កើន​ឡើងរ​ហូត​ដល់​ជាង​១០០​លាន​ឯណោះ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០១៣​កន្លងទៅ គឺ​មាន​ត្រឹមតែ​ជាង​៩០​លាន​តែប៉ុណ្ណោះ នេះ​គឺជា​ការ​កើន​ឡើង​លើ​ចំណូល​ពន្ធ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំមុនៗ​កន្លងមក​និង​ខិតខំ​បន្ត​អនុវត្ត​ការ​ប្រមូល​ពន្ធ​ឲ្យ​បាន​ច្រើន​តទៅទៀត​សម្រាប់​ឆ្នាំ​២០១៥​ និង​ឆ្នាំ​តៗ​ទៅមុខ​ទៀត​៕​

ពៅ​រី​

Post a Comment

0 Comments

Close Menu