Ad Code

និស្សិត​សកលវិទ្យាល័យ​មានជ័យ​ម្នាក់​ជិត​ប្រលង​បញ្ចប់​ឆ្នាំ​ទី​៤ ​ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​


បន្ទាយមានជ័យ ៖ និស្សិត​សកលវិទ្យាល័យ​មានជ័យ​ឆ្នាំ​ទី​៤​ម្នាក់​ដែល​គេ​ដឹង​ថា​ជិត​នឹង​ប្រលង​បញ្ចប់​ឆ្នាំ​ទី​៤​ហើយ​នោះ ​ត្រូវ​បាន​រថយន្ត​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ លោក ​សន​ គីម​សួ​គ៍​ នាយការិយាល័យ​ចរាចរ​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ សំ ប៉ាន​យៀប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាង​វៀន ឃុំ​ផ្គាំ ស្រុក​ស្វាយ ចេក​ខេត្តបន្ទាយមានជ័យ គ្រា​ដែល​ជនរងគ្រោះ​ជា​និស្សិត​ឆ្នាំ​ទី​៤ សិក្សា​ផ្នែក​កសិឧស្សាហកម្ម​នៅ​សកលវិទ្យាល័យ​មានជ័យ​។ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ធ្រី​មធុ​ន​សេ​១២៥​សេរី​២០០៨ ពាក់​ស្លាក​លេខ​ប​.​មានជ័យ​1A.7576​។ ចំណែក​ឯ​រថយន្ត​ដែល​បុក​ម៉ាក​តូ​យូ​តា​កា​មា​រី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ប​.​មានជ័យ​.2A.4438 អ្នកបើកបរ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ចែត សំណាង ភេទ​ប្រុស ​អាយុ​ប្រហែល​៤៦​ឆ្នាំ ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ មាន​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ឯក។ ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ ម៉ូតូ​បើក​មកពី​ទិសខាងកើត​ទៅ​លិច ពេល​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្លងផ្លូវ​ចូល​ទៅ​ផ្ទះ​ដែល​ជួល​ស្នាក់នៅ ស្រាប់​តែ​រថយន្ត​មកពី​ក្រោយ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​ផ្លោង​ខ្ទាត​ចម្ងាយ​ជាង​៤០​ម៉ែត្រ រង​របួស​ធ្ងន់​ ហើយ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ដឹក​តាម​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ខ្ទាត​ប្រហែល​៦០​ម៉ែត្រ​ខូច​ខាត​ទាំងស្រុង​។​ លោក​បាន​បញ្ជាក់​ទៀត​ថា ​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ត្រូវ​នគរបាល​ចរាចរណ៍​ដឹក​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

គង្គា​

Post a Comment

0 Comments

Close Menu