Ad Code

ស្ត្រី​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​វ៉ា​រថយន្ត​កុងតឺន័រ​ដួល​បោក​ចូល​ក្រោម​កង់ឡាន​កិន​ស្លាប់​ពីរ​នាក់​របួសធ្ងន់​ម្នាក់​


ភ្នំពេញ ៖ នារី​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លេង​កើតហេតុ​ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​បាក់​ភ្លៅ​ឆ្វេង​បន្ទាប់ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​៣​នាក់​ពេល​ខំ​បើក​វ៉ា​រថយន្ត​កុងតឺន័រ​ខាងស្ដាំ​ដៃ​ខ្លួន​បាន​ទៅ​បុក​ជា​មួយ​ពំនូក​ខ្សាច់​ ហើយ​បាន​ផ្លាត​កង់​ដួល​បោក​មក​ចូល​ក្រោម​កង់​រថយន្ត​កុងតឺន័រ​បណ្ដាល​ឲ្យ​កិន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​បំផុត ​ក្នុង​នោះ​មាន​ជនរងគ្រោះ​ម្នាក់​ត្រូវ​រថយន្ត​កិន​បាក់​ភ្លៅ​ខាងឆ្វេង​រង​របួស​ធ្ងន់ធ្ងរ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​ព្រលប់​ ថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ ​នៅ​តាម​បណ្ដោយ​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់ ​សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនរងគ្រោះ​ដែល​ស្លាប់​ទី​១​-មានឈ្មោះ ​រតនា​ ភេទ​ស្រី​ តែ​កាត់សក់​ខ្លី​ដូច​មនុស្ស​ប្រុស ​អាយុ​២១​ឆ្នាំ​(ជា​អ្នក​ឌុប), ទី​២​-មានឈ្មោះ​ លន់ សុខ​ហេង​ ភេទ​ស្រី ​អាយុ​២២​ឆ្នាំ និង​អ្នក​រងរបួស​ធ្ងន់​មាន​ឈ្មោះ​ ឌឿ​ន ស្រី​ស្រស់​ ភេទ​ស្រី ​អាយុ​២១​ឆ្នាំ ​មុខរបរ​រត់​តុ​នៅ​ហាង​តែ​គុជ ​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ចោមចៅ​។​ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន​ពណ៌​ស​លាយ​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1X 9000។ ​ចំណែក​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ក្បាល​ពណ៌​ស​លាយ​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A 1706 ជា​រថយន្ត​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ អ្នកបើកបរ​បាន​រត់​គេច​ខ្លួន​បាត់។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​បាន​បើកបរ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ ដោយ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ឌុប​គ្នា​៣​នាក់​ពីក្រោយ​រថយន្ត​នោះ​តែ​ដោយសារ​ដី​ហុយ​ខ្លាំងពេក​អ្នក​ជិះ​ម៉ូតូ​ខំ​បើក​វ៉ា​រថយន្ត​កុងតឺន័រ​ខាងស្ដាំ​ដៃ​របស់​ខ្លួន ពេល​បើក​នោះ​ម៉ូតូ​បាន​ទៅ​បុក​ជាមួយ​ពំនូកដី​ខ្សាច់​ដែល​គេ​ចាក់​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​កង់​ម៉ូតូ​ផាយ​ដួល​បោក​ចូល​ក្រោម​កង់​រថយន្ត ​ហើយ​ក៏​កិន​ស្លាប់​២​នាក់​ភ្លាមៗ​តែម្ដង។​

ចំណែក​ជនរងគ្រោះ​ដែល​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​កិន​បាក់​ភ្លៅ​ខាងឆ្វេង​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​។ ​សព​ជនរងគ្រោះ​ត្រូវ​នគរបាល​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​រថយន្ត​និង​ម៉ូតូ​ត្រូវ​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់៕

វិទូ​

Post a Comment

0 Comments

Close Menu