អតីតខ្សែបម្រើការពារកណ្ដាល ង៉យ ស្រ៊ីន សមាជិកក្នុងក្រុមជម្រើសជាតិយុវជនក្រោមអាយុ២៣ឆ្នាំ របស់កម្ពុជា និងជាសមាជិកក្នុងក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន បានបាក់ដៃឆ្វេង ក្នុងពេលជួយក្រុមប្រកួតឈ្នះបៀលប្រាយ ១ ទល់ ០ លើទឹកដីកីឡដ្ឋាន RSN Stadium របស់ខ្លួន នៅល្ងាចថ្ងៃ ពុធ ទី ២៩ ខែកក្កដា ឆ្នាំ ២០១៥ កន្លងទៅនេះ ក្នុងពានរង្វាន់បាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក ២០១៥ (Metfone Cambodian League 2015 ឬ MCL 2015) ។
យោងតាមសម្ដីរបស់អ្នកគាំទ្រជាច្រើនបានឃើញផ្ទាល់នឹងភ្នែកនិយាយថា ស្ទើរតែនឹងចប់ការប្រកួតទៅហើយពោលគឺក្នុងចុងតង់ទី២ ង៉យ ស្រ៊ីន បានលោតតែតបាល់ចេញពីមុខទី ប៉ុន្តែចៃដន្យអាក្រក់ ពេលធ្លាក់មកវិញច្រត់ដៃផ្ទប់ទៅនឹងដី ហើយក៏បាក់ឆ្អឹងដៃឆ្វេងទាំង២ តែម្ដង។
ថ្នាក់ដឹកនាំក្រុមម្នាក់បានឱ្យដឹងថាស្ថានភាពរបស់ ង៉យ ស្រ៊ីន នៅពេលនេះបានធូរស្បើយឡើងវិញហើយ ក្រោយវះកាត់បានជោគជ័យ ទាំងយប់នៅមន្ទីរពេទ្យឯកជនមួយកន្លងក្នុងរាជធានីភ្នំពេញ។ បើតាមការព្យាករណ៍របស់វេជ្ជបណ្ឌិតដែលកំពុងព្យាបាលផ្ទាល់បានឱ្យដឹងថា កីឡាករដែលមានកំណើតមកពីខេត្តកោះកុង មួយនេះត្រូវចំណាយពេលថែរក្សាខ្លួនយ៉ាងហោច ៣ ខែទើបអាចចូលហ្វឹកហាត់បានឡើងវិញ ហើយរយៈពេល៤ ខែ ទើបអាចចូលលេងលើទីលានបានដូចដើម។
ក្លិបនឹងរកកីឡាករមកជំនួស ង៉យ ស្រ៊ីន បណ្ដោះអាសន្នសិន ទម្រាំរូបគេជាសះស្បើយឡើងវិញ។ មានអ្នកគាំទ្រ និងមិត្តរូបអាជីពជាច្រើនបានបួងសួង និងជូនពរឱ្យកីឡាករវ័យ២០ឆ្នាំស្ដើងរូបនេះឆាប់ជាបានដូចដើមឡើងវិញ ក្រោយទទួលដំណឹងគ្រោះអាក្រក់មួយនេះ។
នេះជាឧបទ្ទវហេតុលើកទី៣ ហើយលើទីលានប្រកួតក្នុងរដូវកាល MCL 2015 នេះបន្ទាប់ខ្សែការពារកណ្ដាល James Micheal របស់ក្រុមស្វាយរៀងអែហ្វស៊ី បានបាក់ឆ្អឹងជើងជា ២ កំណាត់ពេលប៉ះជាមួយក្រុមបឹងកេតអង្គរ កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ហើយខ្សែការពារ សុខ រិទ្ធី របស់ក្រុមណាហ្គាវើល បានបាក់ដៃឆ្វេង ពេលប្រកួតជាមួយក្រមខេមបូឌានថៃហ្គ័រ កាលពីថ្ងៃទី ២៥ ខែ កក្កដា នៅទីលាមបាល់ទាត់មជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ៕
ង៉យ ស្រ៊ីន បាក់ដៃឆ្វេង ស្របពេលភ្នំពេញក្រោន ឈ្នះបៀលប្រាយ ១ ទល់ ០ លើទឹកដីខ្លួន
0 Comments