Ad Code

បញ្ជូន​កីឡាករ​ទៅ​ចូលរួម ASIA CROSS COUNTRY RALLY 2015

ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​នៅ​ក្នុង​ឱកាស​ចូល​រួម​បើក​មហាសន្និបាត​ប្រចាំ​ឆ្នាំ​២០១៥​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​កក្កដា ​នៅ​ស្នាក់​ការ​អូ​ឡាំពិក បាន​បង្ហាញ​ឲ្យ​ដឹង​ពី​សមាស​ភាព​កីឡាករ​ប្រណាំង​រថយន្ត និង​ម៉ូតូ​របស់​កម្ពុជា ដែល​ត្រូវ​ទៅ​ចូលរួម​កម្មវិធី​ASIA CROSS COUNTRY RALLY 2015 នៅ​ប្រទេស​ថៃ នា​ដើមខែ​សីហា​ខាងមុខនេះ ។


ព្រឹត្តិការណ៍ ASIA CROSS COUNTRY RALLY លើក​ទី​២០ ​ឆ្នាំ​២០១៥​នេះ ជា​កម្មវិធី​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦ ហើយ​បាន​ឆ្លងកាត់​ប្រទេស​ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ចិន ឡាវ និង​កម្ពុជា​(​ឆ្នាំ​២០១២​ និង​២០១៤)​។


កម្ពុជា​បញ្ជូន​កីឡាករ​ប្រណាំង​រថយន្ត (០១​គ្រឿង​)​ មាន​លោក ​ហូ សិទ្ធី​គុណ​ អ្នក​បើក និង​មាន​ជំនួយការ​អ្នក​បើក​២​នាក់ គឺ​លោក​ ផល ​សុ​ផេង ​និង​លោក ​វង្ស គឹម​ហួត។ ឯ​កីឡាករ​ម៉ូតូ ដែល​មាន​២​គ្រឿង​នោះ គឺ​កីឡាករ​ ឃួន ផាន់​ដា​រ៉ា និង​កីឡាករ ​ចាន់ ដារ៉ាវុធ។ ក្រៅពីនោះ​មាន​រថយន្ត​ជំនួយការ​២​គ្រឿង​ទៀត ដែល​មាន​ក្រុម​ជំនួយការ​៩​នាក់។

លោក មៀ​ច សុផាន់​ណា បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ការចេញដំណើរ​នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា និង​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ទី​១៦​ ខែ​សីហា។ ការ​ប្រណាំង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤​ ខែ​សីហា។


ជា​ការ​ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​មាន​ដូចជា ​ផ្លូវ​តូច ផ្លូវ​ធំ ព្រៃ​ភ្នំ ចម្ការ ជ្រលង ទឹក ថ្ម​ផុក.។​ល.​។ ដោយ​ចាប់ផ្ដើម​ពី​នៅ​ទីក្រុង​ឈៀង​ម៉ៃ ឆ្លងកាត់​ខេត្ត​មែ​ហុង​សុន ,​ខេត្ត​មែ​សុ​ត​,​ខេត្ត​សុខោទ័យ និង ខេត្ត​ផ្រែ ហើយ​បញ្ចប់​នៅ​ទីក្រុង​ឈៀង​ម៉ៃ​វិញ ដែល​សរុប​ចម្ងាយ​ផ្លូវ​ប្រមាណ​២០០០​គីឡូម៉ែត្រ។ ព្រឹត្តិការណ៍​នេះ មាន​កីឡាករ​ចូលរួម​មកពី​១១​ប្រទេស គឺ​បែលហ្សិក កម្ពុជា កាណាដា ដាណឺ​ម៉ាក ជប៉ុន ម៉ាឡេស៊ី កូរ៉េ ន័រវ៉េ ស៊ុយអែត តៃវ៉ាន់ និង​ថៃ ដែល​មាន​រថយន្ត​ចំនួន​៣០​គ្រឿង និង​ម៉ូតូ​៤២​គ្រឿង៕



បញ្ជូន​កីឡាករ​ទៅ​ចូលរួម ASIA CROSS COUNTRY RALLY 2015

Post a Comment

0 Comments

Close Menu