សៀមរាប ៖ ឆ្លងតាមការហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល៤៥ថ្ងៃរួចមក របស់នាយទាហាន ពលទាហាន វរៈសេនាតូចការពារព្រំដែនលេខ៤០៨ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ចំណុះយោធភូមិភាគទី៤ ប្រចាំឆ្នាំ២០១៥ ប្រកបដោយភាពរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាដូចគោលបំណងដែលបានគ្រោងទុកនៅទីបញ្ជាការវរៈសេនាតូចការពារព្រំដែនលេខ៤០៨ អូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានធ្វើពិធីបិទក្រោមអធិបតីភាពរបស់លោកឧត្ដមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរងយោធភូមិភាគទី៤ និងលោក សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជាមេបញ្ជាការ មេបញ្ជាការរងប្រចាំទិស នាយ នាយរងស្ថាប័នការិយាល័យ និងមេបញ្ជាការបណ្ដាកងឯកភាពចំណុះទីបញ្ជាតំបន់ប្រតិបត្តិការសឹករងសៀមរាប ព្រមទាំងអស់លោកជាយោធាចារ្យ កម្មការីសិក្សា អាជ្ញាធរដែនដី និងសមត្ថកិច្ចចូលរួមផងដែរ។
ក្នុងកិច្ចស្វាគមន៍នោះដែរ លោកវរសេនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងសៀមរាបក៏បានបញ្ជាក់ពីការហ្វឹកហ្វឺនពង្រឹងនាយទាហាន ពលទាហានដោយម្ចាស់ការប្រចាំឆ្នាំ២០១៥ ជាការបង្កើនសមត្ថភាព កម្រិតយល់ដឹងគ្រប់មុខវិជ្ជាយុទ្ធវិធីរបស់កងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ក្លាយជាឆ្អឹងខ្នងដ៏រឹងមាំក្នុងបុព្វហេតុការពារជាតិ និងបូរណភាពដែនដី ព្រមទាំងអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ក្នុងការត្រៀមលក្ខណៈខ្ពស់លើការចុះជួយអន្តរាគមន៍ក្នុងការការពារបូរណភាពទឹកដីដែនសីមាព្រះរាជាណាចក្រកម្ពុជា។
តាមការហាត់ហ្វឹកហ្វឺនរបស់យោធាចារ្យ ក៏កាន់តែធ្វើឲ្យកម្មសិក្សាការីមានការស្ទាត់ជំនាញបន្ថែមទៀតលើជំនាញយុទ្ធវិធី បច្ចេកទេសសំខាន់ៗ ដល់កម្មសិក្សាការីពីការធ្វើប្រតិបត្តិការសឹកសង្គ្រាម ការផ្លាស់ប្ដូរចល័តគ្រប់បែបយ៉ាង និងការក្ដាប់ស្ថានភាពប្រយុទ្ធគ្រប់ពេលវេលា ហើយត្រូវបានការឧបត្ថម្ភផ្គត់ផ្គង់អាហារក្នុងការហ្វឹកហ្វឺនពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើឲ្យវគ្គហ្វឹកហ្វឺននេះដំណើរការទៅបានដោយជោគជ័យ។
បន្ទាប់ពីការធ្វើសច្ចាប្រណិធានរបស់កម្មសិក្សាការី និងការប្រោះព្រហ្មរបស់ព្រះសង្ឃរួចមក ក្នុងនាមតំណាងលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត លោក សង់ រីហា ក៏បានថ្លែងនូវការកោតសរសើរចំពោះការយកចិត្តខ្ពស់ ការបង្ហាត់ហ្វឹកហ្វឺនរបស់គ្រូយោធាចារ្យ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាបដល់កម្មសិក្សាការី ជានាយទាហាន ពលទាហាន វរៈសេនាតូចការពារព្រំដែនលេខ៤០៨ ឲ្យកាន់តែយល់អំពីច្បាប់កងយោធពលខេមរភូមិន្ទលើការកំណែទម្រង់បួនយ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា។
លោក ពៅ ហេង បានមានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន វរៈសេនាតូចការពារព្រំដែនលេខ៤០៨ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប ដើម្បីជាការបង្កើនសមត្ថភាពដល់កម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងការត្រៀមលក្ខណៈការពារអធិបតេយ្យភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យសត្រូវណាឈ្លានពានបានឡើយ។ វគ្គហ្វឹកហ្វឺននេះក៏ជាការឆ្លើយតបទៅនឹងវិស័យអភិវឌ្ឍន៍ការងារ កងទ័ព ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ និងជាទុនក្នុងការកសាងប្រភពធនធានមនុស្សរបស់កងខេមរភូមិន្ទ។
លោក ពៅ ហេង ក៏បានសង្កត់ធ្ងន់ចំពោះការអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងគាំទ្រនូវអនុសាសន៍ចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងមានការអត់ធ្មត់ ដោយឈរលើការគោរពនូវបទបញ្ញត្តិទាំង០៨ របស់កងយោធពលខេមរភូមិន្ទ ដោយមានការទំនាក់ទំនងល្អរវាងគ្នានឹងគ្នានៅតាមព្រំដែន ក្នុងការបន្តការគ្រប់គ្រងទាំងវិស័យយោធា និងសេដ្ឋកិច្ច ក្នុងការបញ្ចៀសនូវជម្លោះរវាងប្រទេសទាំងពីរ ។
លោកក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំង២៥០នាក់នេះ ត្រូវយកចិត្តទុកដាក់គោរពអង្គការវិន័យសណ្ដាប់ធ្នាប់ គឺត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ ព្រមទាំងត្រូវយកចិត្តទុកដាក់ថែទាំ សម្ភារៈអាវុធយុទ្ធភណ្ឌដែលបានបំពាក់ និងត្រូវបង្កើនយកចិត្តទុកដាក់លើការហ្វឹកហ្វឺនបន្ថែមឲ្យបានជាប្រចាំ ក្នុងការបង្កើនសមត្ថភាព និងធនធានមនុស្ស តាមអង្គភាព ត្រៀមលក្ខណៈនូវគ្រប់វិនាទីលើការគ្រប់គ្រងកម្លាំងក្នុងការធានារ៉ាប់រងបានទាន់ពេល នៅមានពេលមានសភាពការណ៍កើតឡើងណាមួយ ជាពិសេសក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ សំខាន់សន្តិសុខទេសចរណ៍ និងកសាងអង្គភាព ចិញ្ចឹមសត្វ បង្កបង្កើនផលក្នុងការទ្រទុងជីវភាពកងទ័ព និងគ្រួសារទ័ព ព្រមទាំងការងារប្រឡងប្រណាំងលើការកសាងអង្គភាព និងអនាម័យ សុខភាព បរិស្ថាន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចជំនាញក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ កាត់បន្ថយវប្បធម៌អន្តរាគមន៍ និងសកម្មក្នុងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋានដែលអង្គភាពបានឈរជើង ដើម្បីរក្សាសន្តិសុខជូនដល់ប្រជាជន៕
ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហាន ពលទាហានវរៈសេនាតូចការពារព្រំដែនលេខ៤០៨ ឆ្នាំ២០១៥
0 Comments