ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន១៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីកសាងសំណុំរឿងចាត់បញ្ជូនទៅសាកសួរនៅសាលាដំបូងរាជធានី នៅព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចការិយាល័យជំនាញប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌ ដូនពេញព្រែកព្នៅពោធិសែនជ័យនិងខណ្ឌមានជ័យ បានចេញប្រតិបត្តិការចុះបង្ក្រាបជាបន្តបន្ទាប់ពាក់ព័ន្ធការប្រើប្រាស់និងចែកចាយក្នុងរយៈពេល៣ថ្ងៃគិតចាប់តាំងពីថ្ងៃទី២៥ ទី២៦ និងទី២៧ខែសីហាឆ្នាំ២០១៥កន្លងថ្មីៗនេះ។ សមត្ថកិច្ចអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនរាជធានី បានបញ្ជាក់កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៨ ខែសីហា២០១៥ថាជនសង្ស័យសរុបទាំង១៧នាក់ប្រុស១២ស្រី៥
នាក់ដែលត្រូវបានអាវុធហត្ថការិយាល័យជំនាញ និងអាវុធហត្ថខណ្ឌខាងលើឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅចំនុចខាងលើ និងខណ្ឌដទៃទៀតនោះដែលសកម្មភាពរបស់ពួកគេហាក់បីដូចជាផ្គើននឹងសមត្ថកិច្ចតែម្ដង។
មន្ត្រីដដែលបានបន្តថា ពាក់ព័ន្ធទៅនឹងការបង្ក្រាបករណីជួញដូរគ្រឿងញៀននោះ កម្លាំងអាវុធហត្ថរាជធានីដកហូតបានថ្នាំញៀនម៉ាទឹកកក៩កញ្ចប់តូចល្មម ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ ជាក់ស្ដែងនៅយប់ថ្ងៃទី២៥រហូតដលយប់ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥អាវុធខណ្ឌមានជ័យ ដូនពេញព្រែកព្នៅ និងពោធិ៍សែនជ័យ និងកម្លាំងការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនរាជធានីចាប់ជនសង្ស័យជួញដូរគ្រឿងញៀន១៧នាក់ និងថ្នាំម៉ាទឹកកក៩កញ្ចប់តូចល្មមរួមនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ដូច្នោះសរុបទាំងអស់ទៅរយៈពេល៧២ម៉ោងកម្លាំង អាវុធហត្ថម្ចាស់ការបង្ក្រាបករណីគ្រឿងញៀនដោយបានដកហូតវត្ថុតាងនូវថ្នាំម៉ាទឹកកក និងសំភារៈពាក់ព័ន្ធមួយចំនួនទៀតដែលប្រតិបត្តិការនេះដូចភ្លៀងរលឹមនេះជាការកាត់បន្ថយនូវបទល្មើសបានមួយកម្រិតធំផងដែរ។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីបានបញ្ជូនជនសង្ស័យទាំង១៧នាក់ ទៅតុលាការហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំៗជាមេៗរបស់ជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសបន្តទៀតតាមទិសដៅចង្អុលបង្ហាញរបស់លោកមេបញ្ជាការអាវុធហត្ថរាជធានីពីព្រោះថា បទល្មើសភាគច្រើនពួកជនល្មើសសុទ្ធសឹងតែប្រើប្រាស់ ហើយងប់ងុលនឹងគ្រឿងញៀនតែម្ដង៕
ជនសង្ស័យប្រុសស្រី១៧នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវអាវុធហត្ថចាត់បញ្ជូនទៅសាលាដំបូង
0 Comments