ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងជាក្រុមជើងឯកឆ្នាំចាស់ កំពុងតែនាំមុខកំពូលតារាងលីកបាល់ទាត់កម្ពុជា ជាបណ្ដោះអាសន្ននេះនឹងត្រូវប្រកួតកម្ដៅសាច់ដុំមិត្តភាពជាមួយក្រុមខេមបូឌានថៃហ្គ័រ (Cambodian Tiger) នៅចុងខែសីហា នេះអំឡុងពេលលីកបាល់ទាត់មិត្តហ្វូនខេបូឌានលីក២០១៥ (Metfone Cambodian League 2015) ផ្អាកការប្រកួតមួយរយៈ។
ជំនួបមិត្តភាពរវាងក្រុមខ្លាំងទាំង ២ នេះនឹងធ្វើឡើងនៅកីឡដ្ឋាន RSN Stadium ទឹកដីរបស់ក្លិបភ្នំពេញក្រោន ដែលមានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោង ៤ រសៀលតទៅ នៅថ្ងៃ សៅរិ៍ ទី ២៩ ខែ សីហា ឆ្នាំ ២០១៥ ខាងមុខ។
សូមបញ្ជាក់ថាលីកកំពូលកម្ពុជាត្រូវផ្អាកការប្រកួតជិត១ ខែពោលគឺចាប់ពីថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ដោយសារទុកឱកាសឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារើសកីឡាករទៅចូលរួមប្រកួតជម្រុះ 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ីជាមួយក្រុមខ្លាំងជប៉ុន និង ស៊ីរីក្នុងវគ្គសន្សំពិន្ទុតាមពូល E ជើងទី។
សម្រាប់ក្រុមភ្នំពេញក្រោន ដែលដឹកនាំដោយលោក Sam Schweingruber ជាជនជាតិស្វីស នឹងត្រូវអវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា កែវ សុខផេង, ធារី ចន្ថាប៊ីន, កុក បូរីស និង សុះ ស៊ូហាណា ព្រោះពួកគេជាប់ចូលលេងក្នុងក្រុមជម្រើសជាតិដែលត្រៀមទៅជម្រុះ World Cup នៅជប៉ុន។
គិតត្រួសៗ ភ្នំពេញក្រោន ឈរកំពូលតារាង MCL 2015 បណ្ដោះអាសន្ន ក្រោយប្រកួតបាន ១៤ សប្ដាហ៍ឈ្នះ ១១ ស្មើ ៣ និងមិនធ្លាប់ចាញ់ ព្រមទាំងទាត់ចូលទីគូប្រកួតបាន ៤២ គ្រាប់ហើយរបូតវិញ ១៣ គ្រាប់មាន ៣៦ ពិន្ទុក្នុងដៃ។
ចំណែកក្រុមខេមបូឌានថៃហ្គ័រ វិញឈរនៅចំណាត់ថ្នាក់លេខ៣ បណ្ដោះអាសន្នដែរក្រោយប្រកួតបាន ១៤ លើកឈ្នះ ៧ ស្មើ ៣ និង ចាញ់ ៤ លើកហើយទាត់ចូលទីគេបាន ៣២ គ្រាប់ របូតគ្រាប់បាល់វិញ ២៣ គ្រាប់ មាន ២៤ ពិន្ទុ។ កីឡាករសំខាន់ៗដូចជា សុខ ចាន់រស្មី, ហែម ស៊ីម៉ៃ, សួង វីរៈ,ចាន់ រិទ្ធី សុទ្ធតែអាចនឹងបង្ហាញខ្លួនក្នុងជំនួបមិត្តភាពមួយនេះ៕
ភ្នំពេញក្រោន និងខេមបូឌានថៃហ្គ័រ ប្រកួតមិត្តភាពចុងសប្ដាហ៍នេះចំពេលលីកកម្ពុជាកំពុងសម្រាក
0 Comments