តាកែវ ៖ ក្រុមស្ម័គ្រចិត្តណាហ្គាវើលបេះដូងសប្បុរសកាលពីពេលថ្មីៗនេះបានប្រគល់រង្វាន់ថវិកាដល់សិស្សចំនួន ២៩នាក់ ដែលទទួលបានជ័យលាភីក្នុងកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេស នៅសាលាបឋមសិក្សាអង្គជុំ ស្ថិតក្នុងឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
កម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសបានធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ដោយ មានសិស្សានុសិស្សចំនួន ៩១៥នាក់ មកពីសាលាបឋមសិក្សាចំនួន៤ ដែលបានចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។
លោក James Maនាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើលបានមានប្រសាសន៍ថា កម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេស គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលណាហ្គាវើលបេះដូងសប្បុរសបានផ្តួចផ្តើមបង្កើតឡើងដើម្បីលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រភាសាអន្តរជាតិមួយនេះ។គោលបំណងនៃកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ស្តង់ដារភាសាអង់គ្លេសក្នុងចំណោមកុមារកម្ពុជានៅតាមបណ្តាខេត្ត។
លោកបានបន្តថា ដោយមានភាពជោគជ័យនៃការអនុវត្តន៍កម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសនៅក្នុងខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ យើងបានពង្រីកកម្មវិធីនេះទៅខេត្តតាកែវដោយមានការចូលរួមពីសាលាបឋមសិក្សាចំនួន៤ដោយមានសិស្សានុសិស្សចំនួន ៩១៥នាក់ ដែលបានចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធីនេះ។
លោកបានបន្ថែមទៀតថា ជាលទ្ធផលមានសិស្សចំនួន២៩នាក់ដែលបានទទួលជ័យលាភីនៅក្នុងកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសនេះ។ រង្វាន់លេខមួយបានទៅសិស្សឈ្មោះ យឹម យ៉ាណែត ថ្នាក់ទី៦ “គ” មកពីសាលាអង្គជុំ ដែលទទូលបាន៩៤ពិន្ទុ។ នាងបានទទួលរង្វាន់ជាទឹកប្រាក់ចំនួន ១២០.០០០,០០រៀល និងប័ណ្ណសរសើរផងដែរ។ អ្នកទទួលបានជ័យលាភីទាំងអស់បានទទួលប្រាក់រង្វាន់ និងប័ណ្ណសរសើរក្នុងការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ពួកគេ។
យើងសង្ឃឹមថា សិស្សានុសិស្សដែលមិនបានទទួលរង្វាន់នៅពេលនេះនឹងខិតខំរៀនសូត្របន្ថែមទៀតដើម្បីទទួលបានរង្វាន់នៅពេលអនាគត។ រហូតមកដល់ពេលនេះ កុមារកម្ពុជាជាង២,២០៩នាក់ នៅក្នុងខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដែលទទួលបានផលប្រយោជន៍ពីកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេសរបស់យើង។ ដោយមានភាពជោគជ័យនៃការអនុវត្តន៍កម្មវិធីនេះ និងមានការស្នើសុំពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងនោះ យើងនឹងបន្តកម្មវិធីនេះក្នុងខេត្តផ្សេងៗទៀត”។
លោក អ៊ុក សាមឿន នាយកសាលាបឋមសិក្សាអង្គជុំបានមានប្រសាសន៍ថា យើងសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសសម្រាប់ការផ្តួចផ្តើមបង្កើតកម្មវិធីប្រឡងប្រកបពាក្យសម្រាប់សិស្សរបស់យើង។ វាគឺជាកម្មវិធីដ៏ល្អមួយសម្រាប់សិស្សរបស់យើងដើម្បីរៀនសូត្រភាសាអង់គ្លេស។ លោកសូមសរសើរនូវរាល់សកម្មភាពដែលណាហ្គាវើលបេះដូងសប្បុរសបានធ្វើសម្រាប់សហគមន៍របស់យើង។ ណាហ្គាវើលបេះដូងសប្បុរសមិនត្រឹមតែបានផ្តល់កម្មវិធីអប់រំបន្ថែមសម្រាប់កុមារកម្ពុជារបស់យើងប៉ុណ្ណោះនោះទេ ហើយថែមទាំងបានផ្តល់សម្ភារសិក្សាជាច្រើនដើម្បីលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រដើម្បីអនាគតល្អប្រសើររបស់ប្រទេសកម្ពុជា។ ថ្ងៃនេះពួកគេបានផ្តល់រង្វាន់ថវិកាដល់អ្នកទទួលបានជ័យលាភីក្នុងការប្រកួតនេះ។
លោកថាតាមរយៈការចូលរួមចំណែករបស់ណាហ្គាវើលបេះដូងសប្បុរស វានឹងផ្តល់ឱកាសដល់កុមារកម្ពុជានៅតាមបណ្តាខេត្តដើម្បីធ្វើឲ្យជីវិតរបស់ពួកគេមានការផ្លាស់ប្តូរ។ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះណាហ្គាវើលបេះដូងសប្បុរសសម្រាប់ការផ្តួចផ្តើមបង្កើតកម្មវិធីលើកទឹកចិត្តជាច្រើនដែលនឹងជួយអភិវឌ្ឍចំណេះដឹង និងភាពជឿជាក់របស់កុមារ។
កុមារី យឹម យ៉ាណែតអ្នកទទួលបានជ័យលាភីលេខ១ក្នុងកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេស និងជាសិស្សថ្នាក់ទី៦“គ”នៃសាលាបឋមសិក្សាអង្គជុំបាននិយាយថា “ខ្ញុំរំភើបខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេស ដែលបានរៀបចំដោយក្រុមហ៊ុនណាហ្គាវើល។ កម្មវិធីនេះបានជំរុញលើកទឹកចិត្តខ្ញុំឲ្យពង្រឹងភាសាអង់គ្លេសរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំអាចនិយាយភាសាអង់គ្លេសបានខ្លះៗ។ ខ្ញុំចេះភាសាអង់គ្លេសច្រើនជាងមុនបើប្រៀបធៀបកាលពីមុន។ បន្ថែមពីលើនេះទៀត នេះគឺជាលើកទឹមួយសម្រាប់ខ្ញុំដែលទទួលបានប្រាក់រង្វាន់។ ទឹកប្រាក់ចំនួន ១២០.០០០,០០រៀល វាគឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលរូបនាងខ្ញុំមិនធ្លាប់មានពីមុនមក។ ខ្ញុំនឹងចែកលុយមួយចំនួនទៅឲ្យឳពុកម្តាយខ្ញុំ និងមួយចំនួនទៀតទុកសម្រាប់គាំទ្រការសិក្សារបស់ខ្ញុំ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនណាហ្គាវើលខ្លាំងណាស់សម្រាប់ប្រាក់រង្វាន់នេះ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុនណាហ្គាវើលនឹងរៀបចំកម្មវិធីនេះនាពេលអនាគតសម្រាប់ពួកយើងទៀត”។
លោក ខៀវ បុត្រ មេឃុំខ្វាវបានមានប្រសាសន៍ថា “តាំងនាមឲ្យអាជ្ញាធរមូលដ្ឋាន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនណាហ្គាវើលបេះដូងសប្បុរសសម្រាប់ការចូលរួមចំណែករបស់ពួកគេដើម្បីជួយអភិវឌ្ឍកុមារនៅតាមបណ្តាខេត្ត។ ការប្រឡងប្រកបពាក្យភាសាអង់គ្លេស គឺជាកម្មវិធីមួយដ៏ល្អដែលនឹងជួយលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រសម្រាប់អនាគតភ្លឺស្វាងរបស់ពួកគេ។ ប្រាក់រង្វាន់ដែលបានប្រគល់ដោយណាហ្គាវើលបេះដូងសប្បុរសនឹងជួយផ្លាស់ប្តូរជីវិតរបស់កុមារនៅតាមបណ្តាខេត្ត។ ការចូលរួមចំណែករបស់ណាហ្គាវើលបេះដូងសប្បុរសចំពោះសហគមន៍នឹងមិនត្រឹមតែផ្តល់នូវចំណេះដឹងសម្រាប់កុមារប៉ុណ្ណោះនោះទេ ថែមទាំងនឹងធ្វើឲ្យសហគមន៍របស់យើងមានលក្ខណៈអន្តរជាតិផងដែរ។ យើងសង្ឃឹមថាណាហ្គាវើលបេះដូងសប្បុរសនឹងបន្តកម្មវិធីនេះសម្រាប់កុមាររបស់យើងនាពេលអនាគត”៕
ណាហ្គាវើល ប្រគល់រង្វាន់ដល់សិស្សជ័យលាភី២៩នាក់ក្នុងកម្មវិធីប្រឡងប្រកបពាក្យភាសាអង់គ្លេស
0 Comments