Ad Code

ឥរិយាបថ​របស់ព្រះ​វិស្ណុ ក្នុង​សិល្បៈខ្មែរ​បុរាណ

តាមរយៈ​ហិណ្ឌូ​សាសនា​ក្នុងសង្គមខ្មែរ​បុរាណ​ជា​ពិសេសនៅ​សម័យ​អង្គរ​ចាប់ពី​ គ.ស៨០២ ដល់ គ.ស​១៤៣២ គឺមាន​រយៈពេល​៦៣០ឆ្នាំ​ដែល​នគរខ្មែរយើង​បាន​ជួបនូវ​ភាព​រីកចម្រើន​រុង​រឿង​ដល់កំពូល​។ តាមការ​និយម​នៃ​ជំនឿ​បែប​ព្រហ្មញ្ញ សសនា​ ឬជា​សាសនា​ហិណ្ឌូ​នោះគឺ​មាន​ការ​គោរព​ព្រះ​អាទិទេព​សំខាន់​ៗ​ ៣អង្គ​ពីសំណាក់បុព្វបុរស​ ឬពី​ដូនតាខ្មែរ មាន ព្រះព្រហ្ម, ព្រះវស្ណុ ឬព្រះ​នារាយណ៍ និង​ព្រះឥសូរ ឬព្រះ​សិវៈ។ ក្នុងខណៈ​នេះខ្ញុំ​នឹងធ្វើការ​រៀបរាប់​អំពី​ឥរិយាបថ​របស់ព្រះ​វិស្ណុ​ក្នុង​សិល្បៈ​ខ្មែរ​បុរាណ​ដូចតទៅ ៈ

មុននឹង​បង្ហាញ​អំពី​ឥរិយាបថ​តាមរយៈ​បដិមា​ដ៏សំខាន់ៗ​ស្តីពី​ព្រះ​វិស្ណុ​នោះ​យើង​គប្បី​ដឹង​អំពី​ព្រះនាម​ជា​ច្រើន​ និងតួនាទី​របស់វិស្ណុ​ជាមុនសិន។ ព្រះ​វិស្ណុ​មានព្រះ​នាម​ដែលគេសម្រាប់​ហៅ ឬជា​ការ​សម្គាល់​ដូច​ជា នារាយណ៍, ភគវន្ត, ហរិ, អានន្ត។ ប៉ុន្តែ​ព្រះនាម​ប្រកបដោយ​ប្រជាប្រិយ​របស់​ព្រះអង្គដែល​គេនិយម​ហៅញឹក​ញាប់​នោះគឺ ព្រះវិស្ណុ និងព្រះនារាយណ៍។ បាន​សេចក្តីថា ព្រះ​វិស្ណុ​គឺ​ជាព្រះ​នារាយណ៍​ ឬព្រះ​នារាយណ៍​ជា​ព្រះ​វិស្ណុ។ ជាមួយនេះដែរ​គេតែង​បានយល់​យ៉ាង​ច្បាស់ប្រកដោយជំនឿ​ក្នុងសាសនា​ព្រាហ្មណ៍​ថា ព្រះ​អង្គ​មានតួនាទី​ជាអ្នក​ថែរក្សា​ការពារ-រៀប​ចំលោក ក្រោយពី​ផែន​ដីកើតហើយ។ ព្រះនារាយណ៍ ឬព្រះ​វិស្ណុមាន​មហេសី ពីរអង្គគឺ ព្រះនាង​ស្រីុ និងព្រះ​នាងលក្ស្មីហើយដែល​មាន បុត្រ​ម្នាក់ឈ្មោះ​កាម។ ព្រះនាង​ស្រីុ​តំណាង​អោយ​សោភណភាព និងព្រះ​នាងលក្ស្មី​តំណាង​អោយទ្រព្យ​សម្បតិ្ត។ ជាសក្ខីភាព​នៃព្រះ​សកម្ម​ភាពរបស់​ព្រះវិស្ណុ​ក្នុងការ​ជួយទ្រទ្រង់​លោក ឬ​ថែរក្សា​ការពារ​លោកនោះ គឺក្នុង​ទេវតានៃ​ព្រហ្មញ្ញ សាសនា​បាន​បង្ហាញអំពី​អវតារ (ការ​បែងភាគ)ទាំង​​១០របស់ព្រះ​វិស្ណុ។


បន្ទាប់​ទៅនេះ​យើង​នឹងបង្ហាញ​អំពី​ឥរិយាបថ​របស់​ព្រះវិស្ណុក្នុង​សិល្បៈ​ខ្មែរបុរាណ​តាមរយៈ​បដិមា​និងក្បាច់​ចម្លាក់​តាមជញ្ជាំង​ប្រាសាទ​នានា។ ជាដំបូង​យើង​ឃើញ​រូបរាង​នៃ​ព្រះវិស្ណុ​គឺជា​រូបមនុស្ស​មានក្បាល​មួយ​មានដៃ​បួន​កាន់​ថាសមួយ (កងចក្រ),ស័ង្ខមួយ, មោងមួយ,ដីដុំ​មូលមួយ និងមាន​ពាក់​មួក។

​ចំពោះ​ឥរិយា​បថជាច្រើន​របស់ព្រះវិស្ណុ​តាមរយៈ​សិល្បករ​ឆ្លាក់​ ឬកសាង​បដិមា​ឡើង​នោះ មានលក្ខណៈ​សំខាន់ៗដូចជា ៈ

១-នៅ​លើភ្នំ​មន្ទរៈ គឺ​ជាការ​បំពេញ​ភារកិច្ច​ដ៏ធំ​មួយ​របស់ព្រះ​វិស្ណុ​ដែលព្រះ​អង្គជា​អធិបតីនៃការ​បញ្ជា និង​ជាការ​សម្របសម្រួល​អោយមាន​ពិធី​កូរសមុទ្រ​ទឹកដោះ។ រូបភាព​នេះមាននៅ​ថែវខាង​កើត​ឆៀង​ខាង​ត្បូង​នៃប្រាសាទ​អង្គរវត្ត។ ជាពិសេស​ចម្លាក់​នេះឋិតនៅតាម​ប្រាង្គប្រាសាទ​ជា​ច្រើន​ទៀត​ផងដែរ​​សិល្បករ​បានបន្ត​ការចេះចាំ​និងកសាង​ចម្លាក់​កូរសមុទ្រទឹកដោះ។

២-ព្រះ​នារាយណ៍​ ផ្ទំ​លើគ្រែ​នាគ​អា​នន្ត​បណ្តែត​ខ្លួន​លើផ្ទៃ​ជលសា ហើយ​ដែលមាន​ផ្កាឈូក​ដុះចេញ​ពីផ្ចិត​របស់ព្រះ​អង្គទៀតផង។ ជាមួយ​នេះដែរ​ផ្កាឈូក​នោះជា​បល្ល័ង្ក​នៃការ​គង់​ប្រថាប់​របស់ព្រះ​ព្រហ្មនាពេល​នោះដែរ។

៣-ចម្លាក់​បង្ហាញ​អំពីព្រះ​វិស្ណុជិះ​គ្រុឌ ព្រោះគ្រុឌ​ជាយាន​ជំនិះ​របស់ព្រះអង្គក្នុងការ​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស។

៤-ចម្លាក់​ព្រះវិស្ណុ​ទ្រង់ឈរដែលមាន​ដងខ្លួន​ត្រង់​ដូច​ជាចម្លាក់​ព្រះវិស្ណុ​ នៅខាងមុខសាលាខេត្ត​កណ្តាល​បច្ចុប្បន្ននេះជាដើម។

៥-ព្រះហរិ ហរៈ គឺបដិមា​ដែលបាន​បញ្ជាក់​អំពី​ព្រះភក្ត្រ ម្ខាងជាព្រះ​វិស្ណុ​(ខាងឆ្វេង)​ហៅថា ហរិ ឯខាងស្តាំជា​ព្រះភក្ត្រព្រះឥសូរ​ដែល​គ​េហៅ​ថា ហរៈ។

៦-ចម្លាក់​ព្រះនារាយណ៍​(វិស្ណុ)ឈរ​អង្កុញ​ជើង​តាមបែប​សម្តែង​ឫទ្ធិ​ក៏ថា​បាន ឬ​ជាទម្រង់​នៃឥរិយាបថ​ក្នុងការ​ជិះគ្រុឌ​ហោះហើរ​លើអាកាស​ក៏ថាបាន​។

សរុបមកបុព្វបុរស​ និងដូនតា​ខ្មែរពី​បុរាណមាន​ជំនឿ​យ៉ាង​ក្រៃ​លែង​ទៅ​លើ​មហិទ្ធិឫទ្ធិរបស់ព្រះ​វិស្ណុដែលព្រះ​អង្គ​ជា​អ្នកថែរក្សា​លោកអោយ​មាន​វឌ្ឍនភាព។ ជាក់ស្តែង​តាមរយៈ​ការមាន​ជំនឿ​ទៅព្រះ​វិស្ណុ​ពីព្រះ​បាទសុរិយាវរ្ម័នទី២បាន​ដឹកនាំ​កសាង​ប្រាសាទ​អង្គរវត្ត​ដ៏ល្បីល្បាញ​បំផុត។ ជាពិសេស​ក្រោយពី​ព្រះអង្គ​យាងចូល​ទិវង្គតទៅ​គេបាន​ថ្វាយព្រះ​បច្ឆាមរណនាម​ព្រះអង្គ​ថា​ ព្រះ​បរមពិស្ណុ​លោកតរៀងមក៕



ឥរិយាបថ​របស់ព្រះ​វិស្ណុ ក្នុង​សិល្បៈខ្មែរ​បុរាណ

Post a Comment

0 Comments

Close Menu