Ad Code

ចូល​ផឹកស៊ី​នៅ​ហាង​(3M)​មាន​ទំនាស់​គ្នាឯង​ដក​កាំភ្លើង​បាញ់​គំរាម​មួយ​គ្រាប់

ភ្នំពេញ ​៖ ​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ បន្ទាប់ពី​គេ​ឮ​សំឡេង​ផ្ទុះ​អាវុធ​មួយ​គ្រាប់​នៅក្នុង​ហាង​ផឹក​ស៊ី​យីហោ​(3M) ​ដែល​ជា​ហាង​មួយ​ឧស្សាហ៍​មានរឿង​កើតឡើង​ញឹកញាប់ ​ដោយសារ​តែ​មាន​ភ្ញៀវ​ក្រុម​ចំនួន​៥​ទៅ​៦​នាក់​ជា​អង្គរក្ស​បាន​ផ្ទុះ​កំហឹង​គ្នាឯង​បាញ់​គំរាម​គ្នា​១​គ្រាប់​ ហើយ​ភ្លាមៗ​នោះ​ដែរ​ជន​ដៃដល់​បាញ់​បោះ​សេរី​នោះ​ត្រូវ​បាន​កម្លាំង​ប៉េ​អឹម​ខណ្ឌដូនពេញ​ចុះមក​ក្របួច​ក​នាំទៅ​ដុស​ក្អែល​នៅ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ភ្លាមៗ​ដែរ។


ហេតុការណ៍​ផ្ទុះ​អាវុធ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​​និង​៤០៥​នាទី​យប់​រំលង​អធ្រាត្រ​​​​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា ​ឆ្នាំ​២០១៥​ នៅ​ចំណុច​ហាង​ផឹក​ស៊ី​យីហោ​(3M)​ ដែល​មាន​ទីតាំងនៅ​ផ្លូវ​លេខ​១៤៤​កែង​ផ្លូវ​លេខ​៤៧​ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្ញៀវ​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​ ដែល​ទើប​ចេញពី​ខួបកំណើត​កន្លែង​ផ្សេង​ ដោយ​ផឹក​មិន​អស់ចិត្ត​បាន​នាំគ្នា​មក​ផឹក​ស៊ី​បន្តទៀត​នៅក្នុង​ហាង​(3M)​នោះ​ ដោយ​នាំគ្នា​អង្គុយ​ផឹក​ប្រាជ្ញ​គ្នា​លេង​សប្បាយ​បាន​មួយសន្ទុះ​ស្រាប់តែ​ពួកគាត់​ទាំងនោះ​បាន​គំហក​សម្តី​ដាក់គ្នា​ខ្លាំងៗ។ ខណៈ​នោះដែរ​ស្រាប់តែ​ជន​ដៃដល់​ម្នាក់​ក្នុងចំណោម​គ្នាឯង​៥​ទៅ​៦​នាក់​នោះ ​​ដែល​គេ​ស្គាល់​ថា​ជា​អង្គរក្ស​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​មក​បាញ់​ឡើងលើ​មួយ​គ្រាប់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដទៃ​អង្គុយ​តុ​ផ្សេង​ក៏ដូចជា​បុគ្គលិក​ថៅកែ​ហាង​នាំគ្នា​ជ្រួលច្របល់​ពេញ​ហាង​តែម្តង​ ពីព្រោះ​ម្នាក់ៗ​ខ្លាច​ត្រូវ​គ្រាប់កាំភ្លើង​របស់​ជន​ប្រមឹក​រូបនោះ​បាញ់​ថែម​ទៀត។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​ភ្លាមៗ​នោះ​ដែរ​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ចាប់​ក្របួច​.ក​ជន​ដៃដល់​រូប​នោះ​នាំទៅ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​ព្រោះ​គោរព​តាម​បញ្ញា​ថ្នាក់លើ​មិន​នាំទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ​នោះ​ទេ ​ដោយសារ​​​ជនបង្ក​ភាព​អនាធិបតេយ្យ​បាញ់​បោះ​សេរី​នោះ​ជា​អង្គរក្ស។


ពាក់ព័ន្ធ​នឹង​ការចាប់​បង្ក្រាប​ជន​បាញ់បោះ​សេរី​រូប​នោះ​គេ​ចាំ​មើល​ថា​តើ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង ​និង​នីតិ​វិធី​បញ្ជូន​ជនដៃដល់​រូប​នោះ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ដែរ​ឬ​អត់ ​ឬក៏​ពិន័យ​តាមរយៈ​អង្គភាព​ហើយ​ដោះ​វិញ​នោះ។ដូច្នេះហើយ​គេ​ជឿថា​សមត្ថកិច្ច​ជំនាញ​មិន​បណ្ដែតបណ្ដោយ​ឲ្យ​ជន​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម​បាន​រួចខ្លួន​ដោយ​ងាយៗ​នោះទេ ​ពោល​គឺ​ប្រហែលជា​គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​ឡើយ។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនសង្ស័យ​បាញ់​បោះ​សេរី​នោះ​ឈ្មោះ ឃឺ​ថា​រះ ប្រា​ចក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ។ ក្នុង​ការ​ឃាត់​ខ្លួន​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​​​រួមមាន​អាវុធ​ខ្លី​ម៉ាក​GLOCK19 ចំនួន​០១ដើម​ មាន​បង់​០៣ ​ហើយ​មាន​គ្រាប់​ពេញ​ទាំងអស់​ ម៉ូតូ​០១​គ្រឿង​ម៉ាក CBR ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​សិច ចំនួន​០២​គ្រឿង​ ខ្សែក​ធ្វើ​ពី​​លោហធាតុ​ពណ៌​ទង់ដែង​ចំនួន​០១​ខ្សែ​ លុយ​ចំនួន​៣៨​ម៉ឺន​រៀល។


សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា​ ជន​ដៃដល់​សមាសភាព​ជា​កម្លាំង​ប្រដាប់អាវុធ​ដែរ​ តែ​មិន​អាច​បង្ហើប​ប្រាប់​ឲ្យ​ច្បាស់​ថា​នៅ​ខាង​អង្គភាព​ណា​ឡើយ៕




ចូល​ផឹកស៊ី​នៅ​ហាង​(3M)​មាន​ទំនាស់​គ្នាឯង​ដក​កាំភ្លើង​បាញ់​គំរាម​មួយ​គ្រាប់

Post a Comment

0 Comments

Close Menu