សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យមានការបន្តគាំទ្រមួយរយៈថែមទៀត ដល់ប្រទេសទន់ខ្សោយ ដែលទទួលបានជោគជ័យក្នុងការឈានឡើង ទៅកាន់ដំណាក់កាលអភិវឌ្ឍន៍បន្ត ដើម្បីប្រទេសទាំងនោះអាចឈរជើងរឹងមាំសម្រាប់ប្រកួតប្រជែងជាអន្តរជាតិ តាមរយៈការបន្តផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ទាំងហិរញ្ញប្បទានឥតសំណង ទាំងជាឥណទានសម្បទាន ដើម្បីដោះស្រាយតម្រូវការជាមូលដ្ឋាននានា ពិសេសបញ្ហាគម្លាតហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន។
ក្នុងសុន្ទរកថា ថ្លែងទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ក្រោមប្រធានបទ«ការផ្លាស់ប្ដូរពិភពលោកតាមរយៈការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥»នៅទីក្រុងញូយ៉កថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវការវិវត្តប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម៧,៧% ក្នុងមួយឆ្នាំ។ លើមូលដ្ឋាននេះ អត្រានៃភាពក្រីក្របានធ្លាក់ចុះយ៉ាងលឿន ពីជាង ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៦% នៅឆ្នាំ២០១៣ ដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍លើការកាត់បន្ថយភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនទៀត មុនពេលកំណត់ឆ្នាំ២០១៥។ ចំណែកឯគោលដៅសេសសល់ ក៏ត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវដំណាច់ឆ្នាំ ២០១៥ នេះដែរ។
សម្ដេចបន្តថា បច្ចុប្បន្នកម្ពុជាកំពុងឆ្លងទៅក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ នោះគឺការឈានឡើង ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៦ ខាងមុខ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា SDGs ទាង១៧ ដែលត្រូវបានបង្កើតឡើងលើមូលដ្ឋាននៃ MDGs បិតជាមានភាពសមស្របសម្រាប់បរិការណ៍កម្ពុជា ក្នុងការបន្តពង្រឹងសមិទ្ធផលសម្រេចបានក្នុងរយៈពេល១៥ឆ្នាំកន្លងមក ហើយក៏មានសារៈសំខាន់សម្រាប់គាំទ្រដល់អន្តរកាលរបស់កម្ពុជា ក្នុងការឈានចូលដំណាក់កាលដំបូងនៃប្រទេសមានចំណូលមធ្យមផងដែរ។ យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបឲ្យបានពេញលេញទៅនឹងបរិការណ៍ជាក់ស្ដែង និងសេចក្ដីត្រូវការរបស់ខ្លួន កម្ពុជានឹងដាក់បញ្ចូលការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យទៅជាគោលដៅបន្ថែមមួយទៀតនៅក្នុង SDMs។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការសម្រេចបាននូវកុងសង់ស៊ីសលើ របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ គឺជាសមិទ្ធផលដ៏សំខាន់របស់មេដឹកនាំពិភពលោកនាពេលនេះ។ ក៏ប៉ុន្តែ ការធានាឲ្យបានថា របៀបវារៈដែលត្រូវបានដាក់ចេញមកនេះ ពិតជានឹងសម្រេចបានជាលទ្ធផលជាក់ស្ដែង តាមការរំពឹងទុកនោះគឺកំពុងតែស្ថិតជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នានៅឡើយ។ ហេតុនេះ ខ្ញុំយល់ឃើញថា មានកិច្ចការជាគន្លឹះមួយចំនួន ដែលយើងទាំងអស់គ្នាត្រូវខិតខំរួមគ្នាធ្វើ គឺ៖ ទី១- ធានាសម្រេចឲ្យបាននូវការអនុវត្តកិច្ចសន្យាបន្តផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ពីសំណាក់ប្រទេសអ្នកផ្ដល់ជំនួយ ក្នុងទំហំ ០,៧% នៃចំណូលជាតិសរុប ទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍និងក្នុងទំហំ ០,១៥-០,២០% នៃចំណូលជាតិសរុប ទៅដល់ប្រទេសមានការអភិវឌ្ឍតិចតួច។ ទី២- បន្តលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និង កិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំងផ្ដល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងស្មារតីធានាឲ្យបានថា ផលប្រយោជន៍ដែលទទួលបានពីការធ្វើសកលភាវូបនីយកម្ម ត្រូវបានបែងចែកប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ទី៣- បន្តពង្រឹងស្ថិរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ភាព និងលើកកម្ពស់តួនាទី និងជីវភាពរបស់វិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ឈានទៅសម្រេចបាននូវ SDGs ។ទី៤- បន្តពង្រឹងភាពជាម្ចាស់របស់ប្រទេស តាមរយៈការកសាងភាពជាដៃគូរវាងបណ្ដាតួអង្គអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី វិស័យឯកជន និងតួអង្គអភិវឌ្ឍន៍ដទៃទៀត ។ ទី៥- ធានាឲ្យបាននូវភាពស៊ីចង្វាក់គ្នា ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវរវាង គោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី ជាមយយនឹងអាទិភាពនៃគោលនយោបាយជាតិ និងជាមួយ SDGs។
សម្ដេចក៏បានសម្ដែងនូវជំនឿថា របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់សម្រាប់ជួយឲ្យប្រទេសទាំងអស់ ប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍មួយត្រឹមត្រូវដែលនឹងអាច ធានាឲ្យមនុស្សជំនាន់ក្រោយ រស់នៅក្នុងសង្គមមួយប្រកបដោយភាពសុខដុមរមនា និងភាពរុងរឿង៕
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឲ្យមានការគាំទ្រមួយរយៈថែមទៀតដល់ប្រទេសទន់ខ្សោយដែលទទួលជោគជ័យក្នុងការឈានឡើង
0 Comments