ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងធម្មការបានថ្លែងថា វិស័យពុទ្ធិកសិក្សាគឺជាវិស័យអាទិភាពក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងមានវិសាលភាពដ៏ទូលំទូលាយក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃនិងគ្រហស្ថនៅទូទាំងប្រទេស។
រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាលោក មិន ឃិន ថ្លែងបែបនេះនៅពេលដែលបានអនុញ្ញាតឲ្យលោកណាវីន ស្រ៊ីវ៉ាស្តាវ៉ា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសមនៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥។
លោក មិន ឃិន បានមានប្រសាសន៍បន្ដថា វិស័យពុទ្ធិកសិក្សាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះបណ្តាលទាំងផ្លូវធម៌និងផ្លូវលោកដែលរហូតមកដល់ពេលនេះមានសមណនិស្សិត-និស្សិតកំពុងសិក្សាជាងបីម៉ឺនអង្គ-នាក់។ លោកបន្ដថា ដោយមានកិច្ចសហការរួមគ្នាយ៉ាងល្អរវាងក្រសួងធម្មការនិងសាសនានិងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជាណាចក្រកម្ពុជាមានសាលាពុទ្ធិកបឋមសិក្សាមានចំនួន៨៥៥កន្លែងសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៣៣សាលា សាលាពុទ្ធិកសាកលវិទ្យាល័យចំនួន៣កន្លែងនៅភ្នំពេញ២កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងនៅខេត្តកំពង់ចាម១កន្លែងគឺពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម។
លោករដ្ឋមន្ដ្រី មិន ឃិន បានសង្កត់ធ្ងន់ថា ជារួមព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា គឺត្រូវតែមានគម្ពីរក្បួនច្បាប់របស់ខ្លួនក្នុងការប្រៀនប្រដៅអប់រំអ្នកដែលជឿតាមនោះឲ្យប្រព្រឹត្តតែអំពើល្អហើយភាពសុខដុមរម្យនារវាងសាសនាទាំងអស់នៅកម្ពុជាបានបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍន៍ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការវិវត្តន៍ទៅមុខជានិច្ចនៃសាសនា។
លោករដ្ឋមន្ដ្រីក្រសួងធម្មការ ក៏បានថ្លែងការអំណរគុណចំពោះសាស្ត្រាចារ្យឥណ្ឌាមួយចំនួនដែលបានមកជួយបង្រៀនភាសាបាលីសំស្ក្រឹតដល់សមណសិស្ស-និស្សិតកម្ពុជាឲ្យទទួលបានចំណេះដឹងយ៉ាងទូលំទូលាយដែលជាយានមួយបង្ហាញពីអត្តសញ្ញាណរបស់ជាតិ។
ជាការឆ្លើយតប លោក ណាវីន ស្រ៊ីវ៉ាស្តាវ៉ា បានត្រេកអរដោយបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យហើយក៏អរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសឥណ្ឌាជាពិសេសស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញហើយប្រទេសឥណ្ឌានឹងខិតខំធ្វើឲ្យប្រសើរឡើងលើការបណ្តុះបណ្តាលធនធានព្រះសង្ឃផ្នែកភាសាបាលីនិងសំស្ក្រឹត។
លោកបានលើកឡើងទៀតថា ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅហើយក៏ជាអច្ឆរិយបុគ្គលមួយដ៏អស្ចារ្យនិងមានប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយចាប់តាំងពីសតវត្សទី៦មុនគ្រិស្ដសករាជរហូតមកដល់បច្ចុប្បន្ននេះហើយបានរីករាលដាលទៅកាន់គ្រប់ទីកន្លែងជាច្រើននៅជុំវិញពិភពលោកក៏ដូចជានៅតំបន់អាស៊ីអាគ្នេយ៍។
លោក ណាវីន ស្រ៊ីវ៉ាស្តាវ៉ា បានបន្ដថា ការទំនាក់ទំនងរវាងប្រទេសកម្ពុជានិងឥណ្ឌាគឺបានផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរនិងបានប្តេជ្ញាចិត្តគោរពសាសនាព្រះពុទ្ធដែលមានអាយុរាប់ពាន់ឆ្នាំមកហើយ៕
វិស័យពុទ្ធិកសិក្សាគឺជាវិស័យដ៏មានអាទិភាពក្នុងព្រះពុទ្ធសាសនា
0 Comments