ភ្នំពេញ ៖ មកដល់ពេលនេះមេដឹកនាំគណបក្សសង្គ្រោះជាតិ បាននិងកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ហើយនៅតាមវេទិកាទាំងនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ តែងវាយប្រហារដល់គណបក្ស ដែលជាគូប្រគួតប្រជែងទៀតផង ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចដឹកនាំប្រទេស ខណៈដែលគណបក្សមួយនេះកំពុងធ្វើសកម្មភាពជួយប្រជាពលរដ្ឋ និងធ្វើមនុស្សធម៌ដោយស្ងាត់ៗ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាស ខណៈពេលចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមូលដ្ឋាននៅភូមិ សង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាមថា នឹងឈប់ធ្វើនយោបាយតទៅទៀត ប្រសិនបើគណបក្សសង្គ្រោះជាតិរបស់លោក មិនទទួលបានអាសនៈលើសគេ ហើយចាញ់គណបក្សដទៃនៅខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា នោះគ្រាន់តែជាល្បិចឃោសនាបោកប្រាស់ខុសរដូវកាលតែប៉ុណ្ណោះ។
លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ថា ការលើកឡើងរបស់លោក កឹម សុខា នោះ គ្រាន់តែជាល្បិចឃោសនាបោកប្រាស់ខុសរដូវកាលរបស់អ្នកនយោបាយតែប៉ុណ្ណោះ។ លោកថ្លែងយ៉ាងនេះថា “នេះគ្រាន់តែជាល្បិចឃោសនាខុសរដូវកាលរបស់អ្នកនយោបាយ ដែលតែងតែប្រើវិធីសាស្ត្រប្លែកៗក្នុងការបោកប្រាស់ប្រជាពលរដ្ឋ ពីព្រោះម៉ោងនេះ មិនមែនជាម៉ោងយុទ្ធនាការបោះឆ្នោតទេ អីចឹងឲ្យតែបាននិយាយ ចេះតែបានភូត ចេះតែកុហកទៅ”។
លោក ទិត សុធា បានបញ្ជាក់ទៀតថា “យើងដឹងហើយថា ប្រជាពលរដ្ឋមុននឹងផ្តល់ទំនុកចិត្តឲ្យទៅលើបុគ្គលណាមួយជាតំណាងរាស្ត្រ មិនមែនគ្រាន់តែនិយាយប៉ុណ្ណឹងធ្វើឲ្យប្រជាពលរដ្ឋជឿនោះទេ គឺវាអាស្រ័យទៅលើសកម្មភាពជាក់ស្តែង ការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ផ្តល់ទំនុកចិត្តឲ្យប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ទុកចិត្តបាននោះ ទើបពួកគាត់ផ្តល់សំឡេងឆ្នោតជូន មិនមែនគ្រាន់តែផ្ញើសារបោកប្រាស់ ដើម្បីបង្អួតគេ ហើយមកអួតថា ជាអ្នកនយោបាយដ៏ខ្លាំងក្លានោះទេ ហើយវាជាការផ្ញើសារសម្រាប់សម្លាប់ប្រជាប្រិយភាពរបស់ខ្លួនទៅវិញទេ ពីព្រោះប្រជាពលរដ្ឋទាមទារឲ្យធ្វើជាក់ស្តែងឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ មិនមែនគ្រាន់តែធ្វើសារអត់ធ្វើសកម្មភាព ហើយចាត់ទុកថា ជាជោគជ័យរបស់ខ្លួននោះ ជារឿងខុសហើយ”។
តាមលោក ទិត សុធា បញ្ជាក់ថា “នេះជាសកម្មភាពឃោសនាខុសរដូវកាលហើយ ចំណែកប្រជាពលរដ្ឋ ពួកគាត់ក៏ត្រូវមើលលើសកម្មភាពជាក់ស្តែងដែរ មិនមែនគ្រាន់តែនិយាយបោកប្រាស់ ហើយគាត់ជឿនោះទេ”។ លោកអះអាងថា “ការប្រកាសបែបនេះ បើលោក កឹម សុខា ឈរជាបេក្ខជនលេខរៀងទី១ ឬទី២នោះ មិនមែនជាបញ្ហាទេ ពិតជាជាប់ហើយ តែជាប់ជាតំណាងរាស្ត្រនៅខេត្តមួយ នៅមណ្ឌលមួយ តែដោយអំពើបោកប្រាស់របស់គាត់ គាត់គ្មានវាសនាក្លាយទៅជានាយករដ្ឋមន្ត្រីនោះទេ តែគាត់អាចយកត្រឹមសារបោកប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះ ហើយគាត់ខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ គាត់អាចយកបានតំណែងតំណាងរាស្ត្របាន ប៉ុន្តែដោយសារតែអំពើអាក្រក់ដ៏ក្រាស់ក្រែលក្នុងនយោបាយរបស់គាត់តាំងពីចាប់ផ្តើម រហូតមកដល់ពេលនេះ គឺគាត់គ្មានវាសនាជាប់ជានាយករដ្ឋមន្ត្រីទេ ពីព្រោះបើយើងគណនាវិញ នៅតាមមណ្ឌលនីមួយៗ គឺគ្មានអីជាបញ្ហា ដូច្នេះគាត់យកសារនោះ ទៅបោកប្រាស់ប្រជារាស្ត្រទៀត”។
សូមបញ្ជាក់ថា នៅក្នុងពិធីនោះលោក កឹម សុខា បានថ្លែងថា យុទ្ធសាស្ត្ររបស់គណបក្សសសង្គ្រោះជាតិ គឺគិតគូរពីរឿងបោះឆ្នោតផ្លាស់ប្តូរអ្នកដឹកនាំសព្វថ្ងៃតាមរយៈការបោះឆ្នោត ដ៏ត្រឹមត្រូវ និងយុត្តិធម៌។ តាមលោក កឹម សុខា អះអាងថា “ពេលនេះគេកំពុងធ្វើមិនឲ្យយើងគិតពីការធ្វើអត្តសញ្ញាណប័ណ្ណ នាំប្រជាប្រពលរដ្ឋចុះឈ្មោះ មិនឲ្យយើងរៀបចំបេក្ខជន មិនឲ្យរៀបចំភ្នាក់ងារសង្កេតការណ៍ ឬការងារផ្សេងៗ ពីព្រោះគណបក្សយើងត្រូវការផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្ននេះ តាមរយៈការបោះឆ្នោត មិនមែនផ្លាស់ប្តូរដោយបដិវត្តទេ”។
ជាមួយគ្នានោះលោក កឹម សុខា អះអាងថា “ខ្ញុំមានជំនឿ ការពិតមានជំនឿ លើបងប្អូន សកម្មជន សកម្មនារីយើងនៅខេត្តកំពង់ចាមនេះ គឺមានជំនឿមែនទែន។ រហូតមកដល់ពេលហ្នឹងហ៊ានភ្នាល់ទៀត ប្រសិនសង្គ្រោះជាតិខេត្តកំពង់ចាមចាញ់ កឹម សុខា ឈប់ធ្វើនយោបាយ។ ព្រោះខ្ញុំច្បាស់ណាស់ ខេត្តកំពង់ចាម”។
សូមបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ ខេត្តកំពង់ចាមត្រូវបានបំបែកចេញជា២ ខេត្ត គឺខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយកាត់យកក្រុងចំនួន១ និងស្រុកចំនួន៦ ពីខេត្តកំពង់ចាម គឺក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់ មកដាក់ជាដែនដីនៃខេត្តត្បូងឃ្មុំវិញ ហើយខេត្តកំពង់ចាម ពីមុនមាន១៨ អាសនៈ តែពេលនេះត្រូវកំណត់ថា ខេត្តកំពង់ចាមមាន១០ អាសនៈ និងខេត្តត្បូងឃ្មុំ៨ អាសនៈ៕
មន្ត្រីជាន់ខ្ពស់ថាលោកកឹម សុខា កំពុងឃោសនាបោកប្រាស់ប្រជាពលរដ្ឋខុសរដូវកាល
0 Comments