បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមួយគ្រួសារមានគ្នា៦នាក់ រស់នៅក្នុងភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អត់ម្ហូប ក៏នាំគ្នាទៅដកផ្សិតយកមកស្ងោរហូប បណ្ដាលឲ្យពុលក្អួតចង្អោររហូតខ្លះដួលសន្លប់ ត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ជនរងគ្រោះម្នាក់ឈ្មោះឡាច ឈឿន អាយុ៥៣ ឆ្នាំជាឪពុក ក្នុងចំណោមជនរងគ្រោះជាកូននិងប្រពន្ធ៥នាក់ទៀត ក្រោយការសង្គ្រោះ បន្ទាន់បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា រូបគាត់បាននាំកូនទៅរកជីកទំពាំងនៅគុម្ពឫស្សីក្បែរអូរព្រំដែន ដើម្បីយកមកធ្វើម្ហូប។ ពេលទៅដល់គុម្ពឫស្សីមួយគាត់បានឃើញមានផ្សិតជាច្រើនបានដុះក្បែរនោះ ក៏ប្រាប់ឲ្យកូននាំគ្នាដកហើយគាត់ក៏ទៅជីកទំពាំងបាត់។ លុះដល់ម៉ោងប្រហែលជាង១១ថ្ងៃត្រង់ក៏ត្រឡប់មកផ្ទះវិញ ហើយប្រាប់ប្រពន្ធឲ្យស្ងោផ្សិតមុនទៅ ព្រោះកូនមកពីស៊ីឈ្នួលជម្រះស្មៅឲ្យគេវាឃ្លានហើយ។ បន្ទាប់ពីនាំគ្នាហូបបាយរួចស្រាប់តែគាត់ និងកូនៗព្រមទាំងប្រពន្ធនោះមានអាការៈក្អួតចង្អោរខ្លាំងឡើងៗរហូតដល់ខ្លះដួលសន្លប់ទើបអ្នកភូមិដឹកមកមន្ទីរពេទ្យ។
អ្នករងគ្រោះក្នុងហេតុការណ៍នោះ មាន១-ឈ្មោះសូន រិន អាយុ៤៧ឆ្នាំជាម្ដាយ មានសភាពធ្ងន់ធ្ងរ ២-ឈ្មោះទី ម៉ាត់ ភេទប្រុស អាយុ ២០ឆ្នាំជាកូន (ស្រាល) ៣- ឈឿន តី ភេទស្រី អាយុ ១៦ឆ្នាំ(ធ្ងន់) ៤-ឈ្មោះឈឿន គ្រី ភេទស្រី អាយុ១២ឆ្នាំ (ធ្ងន់) និងទី៥-ឈ្មោះ ឈឿន ណា ភេទស្រី អាយុ ១៤ ឆ្នាំ (ធ្ងន់)។
បន្ទាប់ពីបានធ្វើការជួយសង្គ្រោះបន្ទាន់ ដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ ជនរងគ្រោះទាំង៦នាក់ត្រូវបានក្រុមគ្រូពេទ្យអះអាងថា បានរួចផុតពី គ្រោះថ្នាក់ហើយ ដោយខ្លះបានងើប និយាយស្តីជាធម្មតាឡើងវិញ។ ចំណែកខ្លះទៀតកំពុងបន្តដាក់ថ្នាំ និងតាមដានបន្តទៀត។ តែទោះជាពួកគាត់បានសះស្បើយហើយមែន តែក្រុមគ្រូពេទ្យបានលើកឡើងថា ពួកគាត់ពិតជាសំណាងណាស់ដែលបានបញ្ជូនមកដល់មន្ទីរពេទ្យទាន់ពេលវេលា ព្រោះថាពេលមកដល់ពួកគាត់មានអាការៈធ្ងន់ធ្ងរពេកណាស់ទៅហើយ។
ដើម្បីចូលរួមចំណែកជាមួយប្រជាពលរដ្ឋរងគ្រោះខាងលើលោក ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យបានផ្ដល់ថវិកា៥០ម៉ឺនរៀលតាមរយៈលោក ហង្ស ស៊ីផា ជំនួយការរបស់ និងលោកសាន ស៊ានហូ អភិបាលស្រុកអូរជ្រៅមានថវិកា៥០ដុល្លារផងប្រគល់ និងចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះខាងលើដល់មន្ទីរពេទ្យកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញានេះ ហើយក៏បានណែនាំសូមឲ្យប្រយ័ត្នការយកបន្លែព្រៃដែលមិនស្គាល់មកបរិភោគ៕
ដកផ្សិតយកមកស្ងោរហូប ពុលមួយគ្រួសារ
0 Comments