កំពង់ឆ្នាំង ៖ បន្ទាប់ពីបានយល់ដឹងពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលក្នុងការចិញ្ចឹមត្រីឆ្ដោរ ត្រីរ៉ស់ នៅតាមបឹង និងស្រះកន្លងមកប្រជាពលរដ្ឋនៅក្នុងភូមិទន្លេក្រៅប្រមាណជាង៥០គ្រួសារបានស្នើសុំមន្ត្រីជលផលបង្ហាត់បង្រៀននូវការចិញ្ចឹមត្រីធម្មតាដែលមិនស៊ីកូនត្រីស្រស់ជាអាហារ និងមិនប៉ះពាល់ដល់ធនធានធម្មជាតិវិញ ដើម្បីដកពិសោធន៍ និងធ្វើជាគំរូសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជានៅក្នុងប្រទេសយើងផងដែរ។
វគ្គបំប៉នបច្ចេកទេសចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនេះ ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បើកបង្រៀនជូនប្រជាពលរដ្ឋចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី០១ដល់០៣ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ដោយមានការចូលរួមពីលោកអភិបាលស្រុក លោកមេឃុំ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងគ្រូបង្គោលដែលមានជំនាញមកពីអង្គការជាដៃគូច្រើននាក់ផងដែរ។
លោកយិន សាវ៉េនអភិបាលស្រុកជលគីរីបានថ្លែងថា ថ្ងៃនេះជាមោទនភាពរបស់ឃុំជលសារ ក៏ដូចជាស្រុកជលគីរីដែរដែលប្រជាពលរដ្ឋនៅក្នុងភូមិទន្លេក្រៅបានស្ម័គ្រចិត្តសុំការបង្ហាត់បង្រៀនអំពីវិធីសាស្ត្រ និងបច្ចេកទេសចិញ្ចឹមត្រីជាលក្ខណៈគ្រួសារពីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងអង្គការជាដៃគូ។ អាជ្ញាធរភូមិឃុំស្រុកជាពិសេសឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងមានការរីករាយណាស់ដោយសារតែបងប្អូនប្រជាពលរដ្ឋបានភ្ញាក់រលឹកផ្លាស់ប្ដូរឥរិយាបថពីការចិញ្ចឹមត្រីឆ្ដោរ ត្រីរ៉ស់ មកចាប់យកការចិញ្ចឹមត្រីធម្មតាតាមលក្ខណៈគ្រួសារដោយមិនបង្កផលប៉ះពាល់ដល់ធនធានជលផលធម្មជាតិរបស់យើងបន្តទៀត។ កន្លងមកនៅក្នុងភូមិទន្លេក្រៅនេះ សមត្ថកិច្ចចម្រុះថ្នាក់ខេត្តបានចុះបង្ក្រាបស្រះចិញ្ចឹមត្រីឆ្ដោរចំនួន៧កន្លែង និងបានសម្លាប់កូនត្រីឆ្ដោររាប់ម៉ឺនក្បាលជាការព្រមាន និងដើម្បីឆ្លើយតបទៅនឹងលិខិតជូនដំណឹងលេខ៥៩៦៧ កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្ដីពីការបញ្ឈប់សកម្មភាពចិញ្ចឹមត្រីឆ្ដោរ និងត្រីរ៉ស់។ ព្រោះតែហេតុនេះហើយ ទើបប្រជាពលរដ្ឋយើងភ្ញាក់រលឹកប្ដូរឥរិយាបថឈប់ចិញ្ចឹមត្រីឆ្ដោរ ត្រីរ៉ស់ មកចិញ្ចឹមត្រីធម្មតាវិញ។
នៅក្នុងពិធីនេះលោកសោម ភិរុណនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសបើកវគ្គបំប៉នការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនេះថា ដើម្បីបញ្ចៀស និងបញ្ឈប់ឲ្យបាននូវការចិញ្ចឹមត្រីឆ្ដោរ ត្រីរ៉ស់ ដែលជាប្រភេទត្រីស៊ីសាច់ត្រីជាអារហារ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលជាតិខណ្ឌរដ្ឋបាលជលផលបានយកចិត្តទុកដាក់សហការជាមួយគម្រោងនានាអនុវត្តការងារផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមត្រីជូនប្រជាពលរដ្ឋក្នុងគោលបំណង ដើម្បីធានាការផ្គត់ផ្គង់ម្ហូបអាហារនៅគ្រប់មូលដ្ឋាន។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្នមានប្រជាកសិករជាច្រើនគ្រួសារបានស្ម័គ្រចិត្តទទួលយកការបណ្តុះបណ្តាល និងផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមត្រីពីមន្ត្រីជំនាញរដ្ឋបាលជលផលជាក់ស្តែងក្នុងពេលនេះប្រជាពលរដ្ឋនៅក្នុងភូមិទន្លេក្រៅបានភ្ញាក់រលឹកបានបង្វែរពីការឈប់ចិញ្ចឹម ត្រីឆ្ដោរ ត្រីរ៉ស់ មកទទួលយកការចិញ្ចឹមត្រីធម្មតាជាលក្ខណៈគ្រួសារវិញ ដើម្បីផ្គត់ផ្គង់ជីវភាព និងម្ហូបអាហារនៅក្នុងគ្រួសារ។
ខណ្ឌរដ្ឋបាលជលផលសូមអំពាវនាវ និងបើកចំហជានិច្ចក្នុងការបង្ហាត់បង្ហាញ និងបង្រៀនអំពីបច្ចេកទេសនៃការចិញ្ចឹមត្រីដែលមិនស៊ីកូនត្រីជាអាហារ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានដែលចង់ចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកលុបបំបាត់ការចិញ្ចឹមត្រីឆ្ដោរ ត្រីរ៉ស់ ជាស្ថាពរ ដើម្បីរក្សាធនធានមច្ឆាជាតិឲ្យមាននិរន្តភាព និងដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលយើង៕
ប្រជាពលរដ្ឋភូមិទន្លេក្រៅភ្ញាក់រលឹកឈប់ចិញ្ចឹមត្រីឆ្ដោរ
0 Comments