Ad Code

មិនទាន់​បញ្ជូន​សំណុំរឿង​ប៉េអិម​ស្រុក​អណ្ដូង​មាស​បាញ់​ពលរដ្ឋ​ដឹកឈើ​

រតនគីរី ៖ នៅ​មិន​ទាន់​បាន​បញ្ជូន​សំណុំរឿង​មន្ដ្រី​ប៉េអិម​ស្នាក់​ការ​សន្ដិសុខ​នៅ​ស្រុក​អណ្ដូង​មាស​បាញ់​គំរាម​ស្ដ្រី​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​ដើម្បីឲ្យ​តុលាការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​នៅឡើយ​ទេ។


មេ​ស្នាក់​ការ​សន្ដិសុខ​លេខ​៧៨៧​បាន​ទទួល​ស្គាល់​ថា មានការ​បាញ់​មួយ​គ្រាប់​នៅ​ចំណុច​ក្រុមហ៊ុន​៧​មករា​ផ្លូវ​ចូល​ទៅ​ច្រករបៀង​ប៉ុ​ស្ដិ៍​ផា​សាវ​ព្រំដែន​ឃុំ​ញ៉ា​ង​។ ប៉ុន្ដែ​ករណី​នោះ​អ្នក​ដែល​ប្រ​ព្រឹត្ត​គឺជា​កម្លាំង​ប៉េអិម​ចល័ត។


កាលពី​ម៉ោងជាង​ដប់​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៥​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​សា​រុំ​បាន​ដឹកឈើ​ធ្នង់​បី​ទៅ​បួន​កំណាត់​តាម​ម៉ូតូ​ដើម្បី​យក​ទៅ​លក់​ឲ្យ​វៀតណាម​នៅ​ច្រករបៀង​ប៉ុ​ស្ដិ៍​ផា​សាវ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ញ៉ា​ង​ស្រុក​អណ្ដូ​ង​មាស​។ ខណៈ​ពេល​ម៉ូតូ​នោះ​ទៅដល់​ចំណុច​កើតហេតុ​គឺ​នៅ​ទីតាំង​ក្រុមហ៊ុន​សម្បទាន​ឈ្មោះ​៧​មករា​គឺ​កៀក​ព្រំដែន​ផា​សាវ ម៉ូតូ​ក៏បាន​បើក​ហួស​កន្លែង​រោង​យាម​ធ្វើ​ឲ្យ​មន្ដ្រី​ប៉េអិម​ម្នាក់​ទាញ​កាំភ្លើង​អាកា​បាញ់​ទៅលើ​មួយ​គ្រាប់​គំរាម​ស្ដ្រី​ដែល​ដឹកឈើ​នោះ។


ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្ទុះ​កាំ​ង​គឺ​ដោយសារ​កន្លងមក​ស្ដ្រី​ម្នាក់​នោះ​ធ្លាប់​បាន​ដឹកឈើ​ទៅ​លក់​ឲ្យ​វៀតណាម​តាម​ច្រករបៀង​ខាងលើ​ជា​ញឹកញាប់​ហើយ​មិនបាន​បង់លុយ​ឲ្យ​មន្ដ្រី​ប៉េអិម​ប្រចាំការ​នៅ​ទី​នោះ​ទេ​ទើប​គេ​បាញ់​ដើម្បីឲ្យ​ឈប់​បង់លុយ​។ នៅ​ក្រោយ​កើតហេតុ​គេ​ឃើញ​មាន​កម្លាំង​ប៉ូលិស​នៅ​មូលដ្ឋាន​បាន​ចុះទៅ​ដល់​ហើយ​ត្រួតពិនិត្យ​រក​ឃើញ​ថា មានការ​បាញ់កាំភ្លើង​មួយ​គ្រាប់​មែន​គឺ​កាំភ្លើង​របស់​មន្ដ្រី​ប៉េអិម​ស្នាក់ការ​ប្រចាំ​ឃុំ​ញ៉ា​ង​បង្កឡើង​តែ​សមត្ថកិច្ច​បាន​សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​និង​កន្លែង​នោះ​ភ្លាមៗ។


លោក​សែន វ៉ាន់​ស៊ីម​មេ​ស្នាក់​ការ​សន្ដិសុខ​ប៉េអិម​លេខ​៧៨៧​ប្រចាំការ​នៅ​ឃុំ​ញ៉ា​ង​បានឲ្យ​អ្នក​

​យក​ព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ង​ទី​២៨​ខែកញ្ញា​នេះ​ថា នៅមុន​កើតហេតុ​គឺ​លោក​បាន​សុំច្បាប់​នាំ​ប្រពន្ធ​ទៅ​ឆ្លងទន្លេ​នៅឯ​ទីក្រុង​ភ្នំពេញ។


លោក​មេ​ស្នាក់​ការ​សន្ដិសុខ​បាន​បញ្ជាក់​ថា រឿង​ផ្ទុះអាវុធ​គឺ​ពិត​ជា​មាន​កាលពី​ជិត​មួយ​អាទិត្យ​ស​ប្ដា​ហ៍​មុន​ប៉ុន្ដែ​អ្នក​ដែល​ប្រ​ព្រឹ​ត្ត​គឺ​កម្លាំង​ប៉េអិម​ចល័ត​តែ​ពួក​នោះ​បាន​បញ្ជូន​ទៅកាន់​បន្ទាយ​ធំ​នៅ​ខេត្ដ​ដើម្បី​អប់រំ​ណែនាំ។


លោក​ឡេ ថង​ចាន់​មេ​ប៉ុ​ស្ដិ៍​រដ្ឋបាល​ឃុំ​ញ៉ា​ង​ស្រុក​អណ្ដូង​មាស​បាន​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ខ្លី​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា​ឆ្នាំ​២០១៥​ថា​រឿង​បាញ់​នៅ​ចំណុច​ខាងលើ​គឺជា​រឿង​យល់​ច្រឡំ​ហើយ​បាន​សម្រួល​គ្នា​រួច​អស់ហើយ។


លោក​នង ដា​រឹទ្ធ​អភិបាលស្រុក​អណ្ដូង​មាស​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២៩​កញ្ញា

ថា ការ​បាញ់​កាំភ្លើង​នៅ​ចំណុច​ដូច​ខាង​លើ​មកដល់ពេលនេះ​លោក​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ​ព្រោះ​រឿង​អីចឹង​គេ​លាក់​មិន​ងាយ​រាយ​ការ​ណ៍​ប្រា​ប់លោក។


លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា នៅ​ចំណុច​កើត​ហេតុ​គឺ​មាន​កម្លាំង​ប៉េអិម​២ប្រភេទ​ប្រចាំការ​នៅ​ទីនោះ​។ លោ​កថា​រឿង​នោះ​ឲ្យ​សួរ​នគរបាល​នៅ​មូលដ្ឋាន​គេ​ក្ដាប់​បាន​ច្បាស់​ជាង​។​ការដែល​ផ្ទុះ​កាំភ្លើង​អីចឹង​ហើយ​មិនអាច​និយាយ​ថា រឿង​ភ័ន្តច្រឡំ​ទេ​ចុះបើ​កាន់​កាំភ្លើង​ហើយ​ចេះតែ​ច្រឡំ​បាញ់ វា​មិន​ងាប់​គេឯង​ទៅហើយ​ទេ?


លោក​លាវ ស្រេង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​រតនគិរី​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥​ថា​សំណុំរឿង​ពាក់ព័ន្ធ​ប៉េអិម​ស្រុក​អណ្ដូង​មាស​បាញ់កាំភ្លើង​ឃាត់​ម៉ូតូ​ដឹកឈើ​នៅ​តំបន់​ដូច​ខាង​លើ​មកដល់ពេលនេះ​ពុំ​ទាន់​បាន​បញ្ជូន​មកដល់​នៅឡើយ៕



មិនទាន់​បញ្ជូន​សំណុំរឿង​ប៉េអិម​ស្រុក​អណ្ដូង​មាស​បាញ់​ពលរដ្ឋ​ដឹកឈើ​

Post a Comment

0 Comments

Close Menu