Ad Code

ប្រាសាទ​គុហនគរ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​កំពុង​ត្រូវ​បាន​អភិរក្ស

កំពង់ធំ ​៖ ​លោក​សេង អាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ប្រាប់​«​កម្ពុ​ជាថ្មី​»​ថា ប្រាសាទគុហនគរ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទឹកដី​ភូមិ​ត្រដក់ ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែលមាន​ចំងាយ​ផ្លូវ​៩៦​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ហើយ​ប្រាសាទបុរាណ​ដ៏​ល្អ​វិចិត្រ​មួយ​នេះ​បច្ចុប្បន្ន​កំពុង​ត្រូវបាន​ស្ថិតក្រោម​ការគ្រប់គ្រង អភិរក្ស​ដោយ​ឆ្មាំ​ការពារ​ប្រាសាទ​ និង​ខាង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ធំ​យ៉ាង​យកចិត្តទុកដាក់​បំផុត។


ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​ប្រាប់​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​ភ្ញៀវទេសចរ​មកពី​ភ្នំពេញ​មានបំណង​ចង់​មក​ទស្សនា​ប្រាសាទគុហនគរ​នោះ នៅពេល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦​ហួស​ព្រំប្រទល់​ខេត្តកំពង់ចាម​ចូលដល់​ទឹកដី​ខេត្តកំពង់ធំ​ដល់​ផ្សារ​តាំងគោក​យើង​នឹង​បានឃើញ​ខ្លោងទ្វារ​វត្ត​មួយ​ឈ្មោះថា​«​វត្ត​គុ​ហ​នគរ​»​នៅ​ខាងឆ្វេង​ដៃ ​រួច​បន្តដំណើរ​ចូល​តាម​ខ្លោងទ្វារវត្ត​នោះ​ប្រហែលជា​២​គីឡូម៉ែត្រ​ទៀត​លោកអ្នក​នឹង​បាន​ទៅដល់​ប្រាសាទគុហនគរ​ដែល​ស្ថិតនៅក្នុង​បរិវេណ​នៃ​វត្ត​គុ​ហ​នគរ​តែម្តង ដោយ​ប្រាសាទ​នេះ​មាន​ទ្រង់ទ្រាយ​ប្រហាក់ប្រហែលគ្នា​នឹង​ប្រាសាទ​ទន្លេបាទី​ដែល​កសាងឡើង​អំពី​ថ្មបាយក្រៀម​ក្នុង​សតវត្ស​ទី​១១​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១។


លោក​សេង អាន​បញ្ជាក់ថា ប្រាសាទគុហនគរ​ជា​ប្រាសាទបុរាណ​មួយ​ដ៏​ល្អ​នៅ​ខេត្តកំពង់ធំ​ដែល​ជាទី​ចាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវ​អន្តរជាតិ​ទៅ​ទស្សនា​និង​សិក្សា​ស្វែងយល់​បន្ទាប់ពី​ប្រាសាទ​សំបូរ​ព្រៃគុហ៍​និង​តំបន់​ទេសចរណ៍​ភ្នំ​សន្ទុក ប្រាសាទ​នេះ​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក គណៈកម្មការ​វត្ត ឆ្មាំ​ការពារ​ប្រាសាទ​និង​មន្ទីរ​វប្បធម៌​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ធំ ហើយ​ប្រាសាទ​គុ​ហគរ​ត្រូវបាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វ​រ័​ន្ម​ទី​១​ក្នុង​សតវត្ស​ទី​១១​តាម​រចនាប័ទ្ម​ឃ្លាំង ដោយ​ប្រាសាទ​នេះ​កសាងឡើង​នៅ​លើដី​រាបស្មើ​លើ​ខឿន​តែមួយ​រាង​ចតុកោណកែង​ធ្វើ​អំពី​ថ្មបាយក្រៀម​ និង​ថ្ម​ភក់​បែរមុខ​ទៅ​ទិសខាងកើត​មាន​កំផែង​ព័ទ្ធជុំវិញ​លាតសន្ធឹង​ពី​កើ​តទៅ​លិច​មាន​បណ្តោយ​៤៥​ម៉ែត្រ​ និង​ទទឹង​៣៥​ម៉ែត្រ​ព័ទ្ធជុំវិញ​ដោយ​របង​ថ្មបាយក្រៀម​ដែល​មាន​កម្ពស់​៣​ម៉ែត្រ ​និង​ចែកចេញជា​បី​ផ្នែក​ផ្នែក​ទី​១​មាន​កម្ពស់​៨​ម៉ែត្រ​ផ្នែក​ទី​២​មាន​កម្ពស់​១២​ម៉ែត្រ​និង​ផ្នែក​ទី​៣​មាន​កម្ពស់​១៥​ម៉ែត្រ​។



​ ​បើតាម​ឯកសារ​ដែល​បាន​ចងក្រង​ទុក​ឲ្យ​ដឹងថា ប្រាសាទគុហនគរ​នេះ​មាន​គោ​បុ​រៈ​(​ទ្វារ​ឆ្លងកាត់​កំពែង​ប្រាសាទ​)​ចំនួន​បី​ដោយ​គោ​បុ​រៈ​ខាងកើត​កម្ពស់​៩​ម៉ែត្រ​មាន​ទ្វារ​ចូល​ចំនួន​៣​កន្លែង​គឺ​ទ្វារ​កណ្តាល​មាន​លក្ខណៈ​តូចចង្អៀត ហើយ​ងងឹត​បន្តិច​និង​មាននៅ​សងខាង​ចំនួន​ពីរ​ទៀត​។ គោ​បុ​រៈ​ខាងលិច​មាន​ទំហំ​តូច​មាន​ទ្វារ​មួយ​ចូលទៅ​ខាងក្នុង​តែ​មិនអាច​ចេញ​វិញ​ទៅខាង​ក្រៅ​បានទេ​និង​គ​គោ​បុ​រៈ​ខាងត្បូង​អែប​ជាប់​នឹង​ព្រះវិហារ​មិន​ស្ថិតនៅ​ចំ​កណ្ដាល​កំពែង​ទេ​មាន​ទ្វារ​ចូល​ពី​ប្រាសាទ​ទៅខាង​ក្នុង​តែ​មិនអាច​ចេញ​ខាងក្រៅ​កំពែង​បានទេ​មានតែ​ចង្អូរ​មួយ​ដែល​គេ​ចោះ​ទម្លុះ​ជញ្ជាំង​ទៅខាង​ក្រៅ​សម្រាប់​បង្ហូរ​ទឹកមន្ត​នៅពេល​គេ​ធ្វើ​ពិធី​ស្រោច​ទឹក​នៅលើ​លិង្គ​(​ស្ថា​ណា​ទ្រោ​នី​)​។



​ ​ចំណែកឯ​នៅ​ចំ​កណ្តាល​មាន​ប៉ម​ខ្ពស់​ទោល​មួយ​មាន​បន្ទប់​និង​យ៉​យ៉ាង​វែង​ចេញទៅ​ទិសខាងកើត ហើយ​នៅ​ចំ​ពីមុខ​មាន​សសរ​ពេជ្រ​រាង​៨​ជ្រុង​នៅ​សងខាង និង​នៅ​ផ្នែក​ខាងលើ​នៃ​សសរ​ពេជ្រ​មាន​តុបតែង​ជា​ក្បាច់​ខ្លួន​នាគ​ព័ទ្ធ​កោង​ដោយ​បញ្ចេញ​ក្បាល​ទៅខាង​ពាំ​ផ្កាចន្ទន៍ ហើយ​នៅលើ​សសរ​ពេជ្រ​នេះ​មាន​ផ្ដែរ​មួយ​ផ្ទាំង​រចនា​ដោយ​ក្បាច់​ផុស​ល្អ​វិចិត្រ​។ នៅ​ចំ​កណ្តាល​ផ្តែរ​នោះ​មាន​រូប​ព្រះឥន្ទ្រ​ជិះ​ដំរី​ក្បាល​បី​ឯ​តួ​ប៉ម​កណ្តាល​នេះ​ត្រូវបាន​គេ​តុង​តែង​លំអ​ចាប់ពី​ក្រោម​រហូតដល់​ខាងលើ​និង​នៅ​ខាងលើ​កំពូល​មាន​ក្បាច់​ត្របកឈូក​ច្រើន​ជាន់​ដែល​តំណាង​ឲ្យ​ចក្រវាល​ទាំងមូល ហើយ​នៅ​ក្បែរ​តួ​ប៉ម​ទិសអាគ្នេយ៍​ក្បែរ​គោ​បុ​រៈ​ខាង​កើតមាន​ហោ​ត្រៃ​ទោល​មួយ (​បណ្ណាល័យ​)​ធ្វើ​អំពី​ថ្ម​បាយ​ក្រោយ​បែរមុខ​ទៅ​ទិស​ខាងលិច​បញ្ច្រាស​ទិស​ប្រាសាទ​មាន​កម្ពស់​មធ្យម​សង់​លើ​ខឿន​កម្ពស់​១​ម៉ែត្រ​។



​ ​តាម​ការបញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ពី​លោក​សេង អាន​និយាយថា នៅ​ខាងកើត​ប្រាសាទ​មាន​ស្ពាន​ហាល​មួយ​ដែល​ក្រាល​ដោយ​ថ្មបាយក្រៀម​ឆ្លងកាត់​ស្រះ​ដែល​មើលទៅ​ស្រះ​នេះ​ហាក់ដូចជា​គេ​ជីក​ព័ទ្ធជុំវិញ​ប្រាសាទ​តែ​ក្រោយមក​ត្រូវបាន​លុប​ដើម្បី​យក​ទីធ្លា​សំរាប់​កសាង​វត្ត​ទៅវិញ ដូច្នេះហើយ​បានជា​គេ​មើលទៅ​ឃើញថា​តួ​ប្រាសាទ​ទាំងមូល​ហាក់​ស្ថិតនៅក្នុង​ទីធ្លា​របស់​វត្ត​ដោយ​កាលដើមឡើយ​នៅខាងមុខ​ប្រាសាទ​នេះ​មាន​ស្រះ​មួយ​យ៉ាង​ធំ​ដែល​ទប់​ទំនប់​ព័ទ្ធជុំវិញ​ហើយ​មាន​ស្ពាន​ហាល​មួយ​ពី​ទិស​ខាងលិច​ស្រះ​ដែល​ត​ភ្ជាប់​ពី​តួ​ប្រាសាទ​ឆ្លងកាត់​ស្ពាន​ហាល​នេះ តែ​បច្ចុប្បន្ននេះ​ទំនប់ ស្រះ តួ​ស្រះ​និង​ទីធ្លា​ព័ទ្ធជុំវិញ​ក្បែរៗ​នោះ​ត្រូវបាន​ក្លាយជា​វាល​កប់ខ្មោច​ទៅហើយ។



​ ​នៅ​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទគុហនគរ​នេះដែរ​ត្រូវបាន​លោក​សេង អាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​ឲ្យ​ដឹងថា ប្រសាទ​បុរាណ​នេះ​សព្វថ្ងៃ​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ច្រើន ពិសេស​ថ្ងៃ​ឈប់សម្រាក​ឬ​បុណ្យទាន​ផ្សេងៗ ហើយ​នៅ​ប្រាសាទគុហនគរ​នេះ​ក៏​ជាទី​កន្លែង​សក្តា​រៈ​សំរាប់​គោរពបូជា​ដ៏​ស័ក្ដិសិទ្ធិ​ផងដែរ​៕


​ ​

​ ​M10-10-15-a1

​ ​





ប្រាសាទ​គុហនគរ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​កំពុង​ត្រូវ​បាន​អភិរក្ស

Post a Comment

0 Comments

Close Menu