Ad Code

អាថ៌កំបាំង ​នៃ​កេតនភណ្ឌ​ របស់​ព្រះ​អាទិទេព​ ភ្នែកបី

មានអាទិទេព​មួយអង្គក្នុង​ព្រហ្មញ្ញ សាសនា​ដែល​ហៅថា សាសនាព្រាហ្មណ៍និង​បន្តមកហៅ​ថា សាសនាហិណ្ឌូនោះ គឺជាអាទិទេព​សម្បូរ​ស្នេហ៍ ជាពិសេសគេចំណាំតែ​ឃើញតាម​រយៈ​​​​បដិមា​​​តំណាង​នោះហៅថា អាទិទេព​ភ្នែកបី។ ក្នុងខណៈនេះដែរ​យើងនឹងលើក​បង្ហាញ​​អំពីសម្ភារៈ​ជាកេតនភណ្ឌ​ដែល​អាទិទេព​អង្គ​នេះកាន់ក្នុង​ព្រះហស្ត​តាមរយៈសិល្បៈ​ខ្មែរដូច​តទៅ៖


មុននឹងធ្វើការរៀបរាប់​អំពីកេតនភណ្ឌរបស់ ព្រះអាទិទេព​អង្គនេះ យើងឆ្លៀត​បង្ហាញព្រះនាម​អាទិទេពភ្នែកបី​នេះ គឺព្រះ​ឥសូរ ឬព្រះ​សិវៈដែល ព្រះ​អង្គមាន​រូបរាង​ប្រកបដោយអាថ៌កំបាំងច្រើន​ជាងអាទិទេពនានាទាំងអស់។ ព្រះសិវៈ ឬព្រះ​ឥសូរ​នេះ ជាព្រះនាមប្រកបដោយប្រជាប្រិយនៃ​សង្គមខ្មែរបុរាណ។ គេឃើញបដិមាតំណាងព្រះ​អង្គដែល​ប្លែកជាងគេ​នោះ គឺមានចម្លាក់ចំណិត​ព្រះចន្ទនៅនឹងផ្នួងសក់​ហើយមាន​ចម្លាក់ភ្នែក​ទី៣ នោះនៅ​នឹងថ្ងាសព្រះអង្គ ដែលភ្នែក​ទី៣នោះ​តែងមាន​ការបិទជានិច្ចហើយ​បើមានការបើក​ព្រះនេត្រ​ទី៣នោះប្រាដកជាអាច​សម្លាប់សត្រូវ​បានដោយ​ងាយ ព្រោះ​ភ្នែកទី៣នេះ​បើបើក​ត្រូវ​តែឆេះ។


បើតាម​ប្រវត្តិនៃរឿងនិទាននៃ សាសនា​ព្រាហ្មណ៍​​​​​បានអោយដឹងថា ព្រះឥសូរមានតួនាទី​២យ៉ាងគឺការ បង្កើតលោក​ផង និងការ បំផ្លាញ​​​លោកផង។ ក្នុង​សិល្បៈខ្មែរដែលបាន​បង្ហាញ​អំពី​បដិមាជាអាថ៌កំបាំងរបស់ព្រះ​ឥសូរ​នោះ​គឺ ជួនកាលមានរូបរាងជាឥសី, និងជួន​កាល​ជាស្តេច, ជួនកាលគេកសាងបដិមាតំណាង​ដោយ​​លិង្គ,ជួនកាលជាមនុស្ស​ធម្មតាជិះ​គោ​ដែល​​មាន​មហេសីអង្គុយនែបនិត្យប្រកបដោយ​ស្នេហាផ្អែម​ត្រជាក់…និងជួនកាលទៀត​មាន​​​បដិមាជាមនុស្ស​​ក្បាល៥ មានដៃ១០។ ក្នុង​ឯកសាររបស់​សាស្ត្រាចារ្យ​សែម សូរ អំពី​វប្ប​ធម៌​​ឥណ្ឌា​ខ្មែរ​ទំព័រ ២៧​បានអោយដឹងថា ព្រះ​ឥសូរ​​​កាន់ត្រីសូល៍,ខ្សែផ្គាំ,​ស្គរ,ដប,ខ្សែមួយ​ចង្វាយ​,ធ្នូ,ច្បូក។ សម្ភារៈទាំង​នេះហើយ​ដែល​​ជា​កេតនភណ្ឌរបស់ព្រះឥសូរ ហើយ​ដែល​បន្ទាប់​ពីនេះខ្ញុំនឹងធ្វើការ​ពណ៌នាអំពី​មុខងារ​​នៃកេតនភណ្ឌរបស់ព្រះអង្គដោយ​ផ្តោត​ទៅ​លើ​តួនាទីនិង​ភារកិច្ចរបស់ព្រះអង្គនៅលើ​លោក​នេះ ទៅតាមការយល់ឃើញផ្ទាល់ខ្លួន។


តាមឯកសារខាងលើនេះ​បានបញ្ជាក់ថា ព្រះ​​ឥសូរមានព្រហស្តចំនួន១០ តែសម្ភារៈ​​​​ដែល​ព្រះអង្គកាន់នោះ​មានតែ​មុខ​នោះទេ។ ​ទី១ គឺការកាន់​​ត្រីសូល៍ដែលត្រីសូល៍​ជាអាវុធ​ដ៏ពិសេស ប្រកប​ដោយ​​ភាពល្បីល្បាញ​នៃព្រះ​ឥសូរក្នុង​ការធ្វើសឹក​សង្គ្រាម ឬជាការប្រហារ​សត្រូវ។ ទី២ ចំពោះ​ខ្សែ ផ្គាំមានន័យថា ជា​ការ​​​ព្យាយាមស្វាធ្យាយធម៌​អាថ៌ដើម្បី​បង្កើត​ចំណេះ​ដឹង ឬហៅថា ជាការ​ប្រតិបត្តិយ៉ាង​ខ្ជាប់​ខ្ជួនបំផុត។ ទី៣ ស្គរ គឺជា​ឧបករណ៍សម្រាប់​បន្លឺសំឡេងក្នុងការដាស់រំលឹក​យ៉ាងប្រញាប់​ប្រញាល់ក្នុងការផ្តល់ដំណឹង ជា​បន្ទាន់ឬជាការងារសំខាន់ៗសម្រាប់ដោះ​ស្រាយ។ ទី៤ ដប​​​គឺជាប្រដាប់សម្រាប់ដាក់ឱសថ​សម្រាប់​ប្រើ​ប្រាស​់​ខ្លួនឯង ឬសម្រាប់ព្យាបាលអ្នកដទៃ។ ទី៥ ខ្សែ​​មួយចង្វាយ គឺជាតំណាងនូវទំនាក់ទំនង​ខ្សែស្រឡាយនៃជីវិតតៗគ្នាប្រចាំលោកនេះ។ ទី៦ និងទី៧ គឺធ្នូនិងច្បូក ជាគ្រឿងសស្ត្រាវុធក្នុង​ការប្រយុទ្ធប្រឈមមុខនឹងសត្រូវ។ ប៉ុន្តែ​បើយើង​ធ្វើការបែងចែក​អំពី​កេតនភណ្ឌ​របស់ព្រះឥសូរ​មាន២យ៉ាងគឺ ទី១​ ការបង្កើតលោក មានភស្តុ​តាង​ដូចជា ខ្សែផ្គាំ,ស្គរ,ដប,ខ្សែមួយចង្វាយ។ ទី២ បើផ្អែកតាមតួនាទីរបស់​ព្រះអង្គក្នុងការបំផ្លាញ​លោកនេះ​គឺ​ដូចជា ត្រីសូល៍ ធ្នូ និងច្បូក។ ដ្បិត​អាវុធទាំង៣ប្រភេទនេះសម្រាប់ការធ្វើសង្គ្រាម​ផងហើយ​ក៏ជាតំណាងនៃការបំផ្លាញលោកនេះ​អោយវិនាសអន្តរាយផង។


ដូចនេះ​អាថ៌កំបាំងនៃតួនាទីរបស់ព្រះឥសូរ​ប្រៀបដូចជា​អាវុធមុខពីរ​យ៉ាងនេះ​ដែរ គឺនាំមកនូវ​លោកនេះអោយមានការសប្បាយផង និងអោយ​មានទុក្ខព្រួយ ឬភ័យផង។ ជាក់ស្តែងចំពោះការ​ប្រឡូកក្នុង​រឿងស្នេហាគឺការសប្បាយបាន​ក្លាយ​ជាទុក្ខដែល​គេតែងយល់ថា “ស្នេហ៍មួយទុក្ខ​មួយ​និងស្នេហ៍ម្រយទុក្ខម្រយ”។ ជាពិសេស​ព្រះ​ឥសូរដែល​មានមហេសី​ច្រើនដល់​ទៅ៩នាក់​នោះគឺឆាកជីវិត​ចុងក្រោយ​របស់ព្រះអង្គដែលបាន​ចាកលោកនេះតាមរយៈការក្ស័យនៅលើបង្គង​តែម្តង៕


 



អាថ៌កំបាំង ​នៃ​កេតនភណ្ឌ​ របស់​ព្រះ​អាទិទេព​ ភ្នែកបី

Post a Comment

0 Comments

Close Menu