Ad Code

សម្ដេច​តេ​ជោ​ ៖ កម្ពុជា​ប្ដេជ្ញា​យ៉ាង​មោះមុត​ក្នុង​ការ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​«​ក្រវាត់​សេដ្ឋកិច្ច និង​វិថី​សូត្រ​» ឲ្យ​ក្លាយ​ជា​ការ​ពិត​

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបាន​មានប្រសាសន៍ថា ក្នុង​ឋានៈ​ជា​សមាជិក​នៃ​គ្រួសារ​មហា​អនុ​តំបន់​មេគង្គ និង​នៃ​សហគមន៍​អាស៊ាន កម្ពុជា​មានការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ក្នុង​ការ​រួមចំណែក​ជា​មួយ​នឹង​គ្រប់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ជំរុញ​អនុវត្ត​គម្រោង​នានា​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្ដួចផ្ដើម​«​ក្រវាត់​សេដ្ឋកិច្ច និង​វិថី​សូត្រ​» នេះ ឲ្យ​ក្លាយ​ជា​ការ​ពិត សំដៅ​សម្រេចឲ្យ​បាន​នូវ​«​សតវត្ស និង​ក្ដី​ស្រមៃ​អាស៊ី​» ដែល​ជា​បំណង​ប្រាថ្នា​រួម​របស់​យើង​ទាំង​អស់​គ្នា។​


ក្នុង​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​ប្រចាំ​តំបន់​អាស៊ី ដែល​រៀបចំឡើង​ដោយ​បក្ស​កុម្មុយនិស្ត​ចិន ស្ដីពី​«​ការ​កសាង​ឡើងវិញ​នូវ​វិថី​សូត្រ​» កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉េកាំង សម្ដេច​តេ​ជោ​ថ្លែង​ថា កម្ពុជា​ និង​បណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ មាន​ចំណង​ទាក់ទង​ដ៏​យូរលង់​មក​ហើយ​ជាមួយ​ប្រទេស​ចិន។ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ផលប្រយោជន៍​ជា​អនេក​ពី​ទន្លេ​មេគង្គ ដែល​តាមរយៈ​នេះ យើង​ក៏បាន​ចែករំលែក​ផង​ដែរ​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព រួម​ទាំង​ប្រវត្តិសាស្ត្រ និង​វាសនា​រួមគ្នា។ ទន្លេ​មេគង្គ​ ផ្ដល់​ទឹក​ដ៏​មាន​សារៈ​ប្រយោជន៍ និង​ដី​ដ៏​មាន​ជីជាតិ ដែល​អាច​បម្រើ​ផលប្រយោជន៍​ ជា​ជង្រុក​សម្រាប់​ធានា​សុវត្ថិភាព ស្បៀង​នៅ​ក្នុង​តំបន់។ ភាព​សម្បូរ​បែប​នៃ​មរតក​វប្បធម៌ និង​ធម្មជាតិ បាន​ផ្ដល់​ឱកាស និង​តម្លៃ​សម្រាប់​ការ​ត.ភ្ជាប់ រវាង​ប្រជាជន ​និង​ប្រជាជន​ និង​ការ​ចែក​រំលែក​វប្បធម៌​ជាមួយគ្នា​ដែល​អាច​ផ្សព្វផ្សាយ​បាន​វែងឆ្ងាយ​ដោយ​វិថី​សូត្រ។ មាន​ពាក្យ​សុភាសិត​ចិន​ដ៏​ល្បីល្បាញ​មួយ​បាន​លើក​ឡើង​ថា «​ដំណើរ​រាប់ពាន់​ជំហាន​ដែល​សម្រេច​ដល់​គោលដៅ​បាន គឺ​ត្រូវតែ​ចាប់ផ្ដើម​ពី​ជំហាន​ដំបូង​ដែល​ប្រកបដោយ​ជោគជ័យ​»។ ក្នុង​ន័យ​នេះ កិច្ច​សហ​ប្រតិបត្តិការ​នៃ​តំបន់​ទន្លេ​មេគង្គ​អាច​ជា​ជំហាន​ជោគជ័យ​ដំបូង​មួយ​​នៃ​ទស្សនាទាន​«​ក្រវាត់​សេដ្ឋកិច្ច និង​វិធី​សូត្រ​»។ ដូចនេះ តំបន់​នេះ​គួរតែមាន​ឥទ្ធិពល​នៅ​ក្នុង​ការពិចារណា​របស់​យើង​ក្នុង​ការ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​នេះ។​ ខណៈ​ទឹកទន្លេ​មេគង្គ​បាន​និង​កំពុង​បន្ត​ផ្ដល់​ផលប្រយោជន៍​យ៉ាង​ច្រើន​ដល់​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ខ្ញុំ​រំពឹង​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ផ្ដល់​អាទិភាព​ពិសេស​ដល់​ការ​អភិវឌ្ឍ​អាង​ទន្លេ​មេគង្គ​នៅ​ក្នុង​បរិការណ៍​នៃ​ការអនុវត្ត​គំនិត​ផ្ដួចផ្ដើម​វិថី​សូត្រ​នេះ ដើម្បី​វឌ្ឍនភាព និង​បុល​ភាព​រួមគ្នា។ សរុប​សេចក្ដី​មកវិញ កម្ពុជា​សូម​សម្ដែង​នូវ​អំណរ​សាទរ​អស់​ពី​ដួងចិត្ត និង​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្ដួចផ្ដើម​ដាក់​ចេញ​នូវ​ទស្សនាទាន​«​វិថី​សូត្រ​»​នេះ ដើម្បី​គោលដៅ​សន្តិភាព សន្តិសុខ ការ​ត.ភ្ជាប់ កិច្ច​សហ​ប្រតិបត្តិការ និង​វិបុលភាព​ចម្រើន​រុងរឿង​នៃ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ដែល​មាន​វិសាលភាព​ដ៏​ទូលំទូលាយ។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូស​បញ្ជាក់​ថា តាមរយៈ​គោលនយោបាយ «​ឈ្នះ​-​ឈ្នះ​» របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​បង្កើត​ឡើង​នូវ​កាលានុវត្តភាព​ដែល​មិន​ធ្លាប់​មាន​ពីមុនមក សម្រាប់​ការកែទម្រង់​ក្នុង​គ្រប់​វិស័យ ដែល​ធ្វើ​ឲ្យ​សាធារណជន​កាន់តែ​មាន​ជំនឿ និង​ទំនុក​ចិត្ត​ជាង​មុន ជាពិសេស​វិស័យ​ឯកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ក្នុង​ការ​ដាក់​ទុន​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ដែល​និន្នាការ​នេះ​កំពុង​តែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​រឹងមាំ។ លទ្ធផល​ទាំងនេះ​សម្រេច​បាន​ដោយសារ​កត្តា​ជាច្រើន ពិសេស​ស្ថិរភាព​នយោបាយ សន្តិសុខ​ល្អ​ប្រសើរ ភាព​កាន់តែ​ប្រសើរ​ឡើង​នៃ​បរិយាកាស​វិនិយោគ កម្លាំង​ពលកម្ម​វ័យក្មេង ដែល​មាន​ចំនួន​ច្រើន និង​មានតម្លៃ​សមរម្យ ការ​ផ្ដល់​កូតា និង​ការលើកលែង​ពន្ធ​ពី​ទីផ្សារ​ធំៗ និង​ការ​រីកលូតលាស់​នៃ​ទំហំ​ទីផ្សារ​ដែល​បណ្ដាលមកពី​ការ​កើនឡើង​នៃ​ចំណូល និង​សមាហរណកម្ម​សេដ្ឋកិច្ច។


ជាក់ស្ដែង នៅ​ក្នុង​រយៈកាល​២​ទសវត្សរ៍​ចុងក្រោយ​នេះ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ជា​មធ្យម​ប្រមាណ​៧,៧% ក្នុង​មួយ​ឆ្នាំ ដែល​ត្រូវ​បាន​ធនាគារ​ពិភពលោក​ចាត់​ទុកជា​ប្រទេស​ទី​៦ ក្នុង​ចំណោម​ឯកទក្ករ​កំណើន ទាំង​៨ នៅ​លើ​សកលលោក។ លើ​មូលដ្ឋាន​នេះ អត្រា​ភាព​ក្រីក្រ ត្រូវ​បាន​កាត់បន្ថយ​ពី​៥៣,២% នៅ​ឆ្នាំ​២០០៤ មក​ត្រឹម​១៣,៥% នៅ​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ជោគជ័យ​បំផុត​ទី​៤ លើ​ពិភពលោក ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។

​ដើម្បី​ធានា​ចីរភាព​នៃ​កំណើន​ខ្ពស់​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដែល​ក្នុង​ពេល​បច្ចុប្បន្ន​ពឹង​ផ្អែកលើ​វិស័យ​មួយ​ចំនួន​តូច​ដូចជា វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​អចលនទ្រព្យ ព្រមទាំង​វិស័យ​កសិកម្ម។ ដើម្បី​សម្រេច​កិច្ចការ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​២០១៥-២០២៥ ដែល​នឹង​ដើរ​តួនាទី​ជា​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​កម្ពុជា ក្នុង​ការ​បន្ត​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​ក្នុង​រយៈពេល​វែង​ផង​ដែរ។


សម្ដេច​គូស​បញ្ជាក់​ទៀត​ថា ជា​ទស្សនវិស័យ​នៃ​កំណើន​សម្រាប់​រយៈពេល​វែង កម្ពុជា​កំពុងតែ​ឈោង​ឆ្ពោះ​ទៅ​ចាប់​យក​នូវ​កាលានុវត្តភាព​ថ្មី​ចំពោះ​មុខ​រួម​មាន​ការ​ចូល​មកដល់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ដំណាច់​ឆ្នាំនេះ ការ​បង្កើត​ឡើង​នូវ​ធនាគារ​អភិវឌ្ឍន៍​ថ្មី BRICS ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​កម្ពុជា​ជា​សមាជិក​ស្ថាបនិក​មួយ​នៅ​ក្នុង​នេះ​ដែរ ព្រមទាំង​ផ្ដួចផ្ដើម​គំនិត​របស់​ប្រទេស​ចិន​ស្ដីពី «​ក្រវាត់​សេដ្ឋកិច្ច និង​វិថី​សូត្រ​»​ព្រមទាំង​គម្រោង និង​មូលនិធិ​ពាក់ព័ន្ធ​នានា​ជាអាទិ៍ មូលនិធិ​វិថី​សូត្រ ( Silk Road Fund ) មូលនិធិ​សហប្រតិបត្តិការ​ដែនសមុទ្រ​ចិន​-​អាស៊ាន (China-ASEAN Maritime Cooperation Fund ) ។​ល​។ បន្ថែម​លើ​នេះ ក្នុង​ទិសដៅ​ធានា​ទទួល​បាន​នូវ​ផលប្រយោជន៍​សមស្រប​ពី​គំនិត​ផ្ដួចផ្ដើម «​ក្រវាត់​សេដ្ឋកិច្ច​និង​វិថី​សូត្រ​»​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាន់​នូវ​ជំហរ​បុរេ​សកម្ម​ក្នុង​ការ​សម្របសម្រួល​រវាង​គំនិត​ផ្ដួចផ្ដើម​នេះ ជា​មួយ​នឹង «​យុទ្ធសាស្ត្រ​ចតុកោណ​» «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​» ព្រមទាំង​ឯកសារ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ប្រទេស​សម្រាប់​រយៈពេល​វែង​របស់​យើង​ផង​ដែរ៕



សម្ដេច​តេ​ជោ​ ៖ កម្ពុជា​ប្ដេជ្ញា​យ៉ាង​មោះមុត​ក្នុង​ការ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​«​ក្រវាត់​សេដ្ឋកិច្ច និង​វិថី​សូត្រ​» ឲ្យ​ក្លាយ​ជា​ការ​ពិត​

Post a Comment

0 Comments

Close Menu