Ad Code

ការ​ជួសជុល​ភាព​ពុក​ផុយ​នៃ​ប្រាសាទ​ត្រូវការ​ការ​ព្យាបាល​ដូចជា​មនុស្ស​ដែរ​

​ភ្នំពេញ ​៖ ប្រធាន​ក្រុម​អភិរក្ស​ថ្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​មាន​ប្រសាសន៍​ថា ថ្ម​ដែល​មាន​អាយុ​កាល​យូរ​ដូចជា​ ថ្ម​ប្រាសាទ​ជា​ដើម​ដែល​មាន​ភាព​ពុក​ផុយ​ត្រូវការ​ការ​ជួសជុល​ ដើម្បី​ពង្រឹង​សាច់​ថ្ម​ឡើងវិញ​ប្រៀប​ដូចជា ​មនុស្ស​ឈឺ​អស់កម្លាំង ឬ​មនុស្ស​​ចាស់​មាន​កម្លាំង​ខ្សោយ​ត្រូវការ​ថ្នាំ​ជំនួយ​កម្លាំង​ដូច្នោះ​ដែរ​។​



លោក​ឡុង ណា​រី​ប្រធាន​ក្រុម​អភិរក្ស​ថ្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ប្រសាសន៍​បែបនេះ​នៅ​ក្នុង​ឱកាស​ដែល​លោក និង​ក្រុមការងារ​កំពុងតែ​បាញ់ថ្នាំ​តាម​បំពង់​សេរ៉ូម​ចូល​ទៅ​ក្នុង​សាច់​ថ្ម​បង្កាន់ដៃ​នាគ​ដែល​លោក​កំពុង​ជួសជុល​នៅ​ប្រាសាទបន្ទាយសំរែ​។​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហទំព័រ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៦ ខែ​តុលា​ដែល​កាសែត​កម្ពុ​ជាថ្មី​ទើបនឹង​ទទួល​បាន​នៅ​វេលា​ម៉ោង៧​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ​។ ​លោក​ឡុង ណា​រី​បន្ត​ថា​ ក្នុង​ថ្ម​មាន​ជាតិ​ស៊ីលីកាត​ដែល​ភ្ជាប់​គ្រាប់​ល្អិតៗ​នៃ​ថ្ម​ឲ្យ​មាន​ភាពរឹងមាំ ប៉ុន្តែ​សារជាតិ​នេះ​នឹង​ថមថយ​បន្តិច​ម្តងៗ​នៅពេល​ដែល​មាន​អាយុកាល​កាន់​តែ​ច្រើន​។ បើ​ពុំ​មាន​ថ្នាំ​ចូល​ទៅ​ពង្រឹង​ឡើងវិញ​ទេ ថ្ម​ផុយ​នេះ​នឹង​ចាប់ផ្តើម​ផុយ​របេះ​បណ្ដើរ​ៗ ហើយ​ធ្លាក់​បាក់​ដូចដែល​យើង​ធ្លាប់​ឃើញ​កន្លងមក​។​



លោក​រៀបរាប់​បន្ត​ថា ថ្នាំ​ដែល​បាញ់​បញ្ចូល​ទៅ​ព្យាបាល​ថ្ម​នេះ​ផ្សំ​ឡើង​ពី​អាកុល និង​ជាតិ​ស៊ីលីកាត ដូច​គ្នា​នឹង​សារជាតិ​ដែល​មាន​ស្រាប់​ក្នុង​ស្រទាប់​ថ្ម​។ ក្រោយពេល​បាញ់ថ្នាំ​បញ្ចូល​ទៅ​ជាតិ​អាកុល​នឹង​រសាត់​អស់​នៅ​សល់​តែ​ជាតិ​ស៊ីលីកាត​ដែល​ចូល​ទៅ​ចាប់​គ្រាប់​ល្អិតៗ​នៃ​ថ្ម​ធ្វើ​ឲ្យ​ថ្ម​រឹងមាំ​ឡើងវិញ​។ ការ​ចាក់​ថ្នាំ​បញ្ចូល​ថ្ម​នេះ បើ​ធ្វើ​ចំពោះ​ថ្ម​ប្រាសាទធំៗ​ត្រូវ​ចំណាយពេល​យូរ​ទើបត្រូវ​ព្យួរសេរ៉ូម​ទុក​ចោល​រាប់​ម៉ោង​ដូចជា​ដាក់​សេរ៉ូម​ឲ្យ​មនុស្ស​ឈឺ​ដែរ​។​



ទាក់ទង​នឹង​គុណភាព​វិញ​លោក​បញ្ជាក់​ថា បើ​នៅ​ស្រុក​គេ​ដែល​មាន​អាកាសធាតុ​ត្រជាក់​ដូចជា ​ប្រ​ទេស​អាល្លឺម៉ង់​ជាដើម​ដែល​បាន​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​ចាក់​ម្តង​វា​អាច​ជួយ​ពង្រឹង​ថ្ម​បាន​ដល់​ទៅ​៣០​ឆ្នាំ​តែ​ចំពោះ​ស្រុក​ខ្មែរ​វិញ ដែល​មាន​អាកាសធាតុ​ក្តៅ​ផង ត្រជាក់​ផង​ផ្លាស់ប្ដូរ​គ្នា​ខ្លាំងៗ​បែបនេះ អាច​មិន​ដល់​៣០​ឆ្នាំ​ទេ​។ តែ​ទោះជា​យ៉ាងណា​បើ​រូបចម្លាក់​ដែល​ស្ថិត​នៅ​ក្នុង​ទី​ម្លប់​ដូចជា​ក្នុង​សារមន្ទីរ​ជាដើម​វា​អាច​មាន​ប្រសិទ្ធភាព​ច្រើនជាង​៣០​ឆ្នាំ​ទៅទៀត​។​ អ្នកជំនាញ​ជួសជុល​ថ្ម​ដែល​មាន​បទ​ពិសោធន៍​ជិត​២០​ឆ្នាំ​រូប​នេះ​រៀប​រាប់​ថា ការ​អភិរក្ស​ថ្ម​មិន​ខុសពី​ការ​ថែរក្សា​មនុស្ស​ចាស់​នោះ​ទេ​ពោល​គឺ​ឈឺ​មិន​ចេះ​ឈប់​។ តែ​ទោះជា​យ៉ាងណា​ក៏​យើង​នៅតែ​ព្យាយាម​បណ្តុះបណ្តាល​មនុស្ស​ក្មេងៗ​ជំនាន់​ក្រោយ​ទៅទៀត ដើម្បី​បន្តការងារ​ណា​ដែល​យើង​មិនអាច​បញ្ចប់​បាន​៕


17-10-2015e1


17-10-2015e




ការ​ជួសជុល​ភាព​ពុក​ផុយ​នៃ​ប្រាសាទ​ត្រូវការ​ការ​ព្យាបាល​ដូចជា​មនុស្ស​ដែរ​

Post a Comment

0 Comments

Close Menu