Ad Code

នគរបាល​ប៉ុស្តិ៍​ចតុមុខ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់ ​ពេល​ដេញ​វាយ​គ្នា​បែកក្បាល​

ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចតុមុខ​ និង​ជនរងគ្រោះ​នាំគ្នា​ដេញ​តាម​ចាប់​បាន​ភ្លាមៗ ខណៈ​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​យក​ខ្សែ​ក្រវាត់​មក​វាយ​ទៅ​លើ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មិត្តភ័ក្ដិ​២​នាក់​ទៀត បណ្ដាល​ឲ្យ​របួស​បែកក្បាល ​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​តែ​គេច​មិន​ផុត ត្រូវ​ជាប់​ខ្នោះដៃ​របស់​សមត្ថកិច្ច។​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​សួន​ទ្រី​ម​លែ​ន​ ផ្លូវ​ព្រះសុរាម្រិត ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។​


នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​ដៃ​ដល់​ពីរ​នាក់​ខាង​លើ​នេះ​ទី​១​ឈ្មោះ លឹម ថៃ​ឡេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត ស្នាក់​នៅផ្ទះ​លេខ​១៥១E០ ផ្លូវ​លេខ​១៣ សង្កាត់​ផ្សារ​កណ្ដាល​១ ខណ្ឌ​ដូន​ពេញ។ ​ទី​២​ឈ្មោះ ហន ម៉េង​ហៀ​ង អាយុ​២១​ឆ្នាំ ជា​និស្សិត ស្នាក់​ផ្ទះ​លេខ​៨៥ ផ្លូវលំ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ អ្នក​ទាំង​២​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX4590។​ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ សុខ ឯក​មករា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១១​E០ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ​របួស​បែកក្បាល​ខាងឆ្វេង។​


​ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា នៅមុន​ពេល​កើត​ហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​មាន​គ្នា​៣​នាក់ ដោយ​ចេញពី​កោះ​ពេជ្រ លុះ​ជិះ​មកដល់​ចំណុច​កើ​ត​ហេតុ​ស្រាប់តែ​ជន​បង្ក​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​២​នាក់ ប្រដាប់​ដោយ​ខ្សែក្រវាត់​ដេញ​តាម​វាយ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​បែកក្បាល​ខាងឆ្វេង ហើយ​ជន​ដៃ​ដល់​បាន​ព្យាយាម​បើក​ម៉ូតូ​រត់​គេ​ខ្លួន រួច​ជនរងគ្រោះ​បាន​បើក​ដេញ​តាម​ និង​ស្រែក​ឆោឡោ​ថា ​ចោរៗ គាប់​ជួន​កម្លាំង​នគរបាល​មូលដ្ឋាន​នៅ​ក្បែរ​នោះ​ជួយ​អន្តរាគមន៍​ដេញ​ចាប់​ក្របួច​ជាប់​ទាំង​២​នាក់​តែ​ម្តង។​


បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕



នគរបាល​ប៉ុស្តិ៍​ចតុមុខ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់ ​ពេល​ដេញ​វាយ​គ្នា​បែកក្បាល​

Post a Comment

0 Comments

Close Menu