Ad Code

បង្ក្រាប​គ្រឿងញៀន​២​ករណី​​​ធំៗ​កក្រើក​ផ្សារ​កំពង់ស្ពឺ

កំពង់ស្ពឺ ​៖ ​ចាប់តាំង​ពី​ម៉ោង​០៩​​ព្រឹក​រហូតដល់​ម៉ោង​១៤​និង​៤៥​នាទី​​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ដែល​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាច្រើន។ កម្លាំង​មន្ទីរ​យុត្តិធម៌ ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង​ច្បារមន ​ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​២២​នាក់ ​និង​ដោយ​បាន​ការ​អនុញ្ញាត​​ពី​លោក​កែវ សុធា ព្រះរាជអាជ្ញា​ខេត្ត​បា​កំពង់ស្ពឺ។


ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​ដោយ​យោង​តាម​ការ​បញ្ជា​ពី​ឧត្ដមសេនីយ៍ត្រី​ជូ សារុន ​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ​ ហើយ​ដឹកនាំ​កម្លាំង​ដោយ​លោក​អ៊ូ ផាត​ព្រះរាជអាជ្ញា​រង និង​លោក​វរសេនីយ៍ឯក​ ​សៅ ពន្លឺ មេបញ្ជាការ​រង​ទទួល​ការងារ​យុត្តិធម៌​ ដោយ​ចុះ​ឆែកឆេរ​ផ្ទះសំណាក់​ចែកចាយ​ធំ​ទី​១. មាន​យីហោ ផ្ទះ​សំណាក់​សុវណ្ណ និង​ផ្ទះ​សំណាក់​ទី​២ មាន​យីហោ ឈ្មោះ​សុខុម ស្ថិត​ក្នុង​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។


លោក​វរសេនីយ៍ឯក​សៅ ពន្លឺ មេបញ្ជាការ​រង​ទទួល​ការងារ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ថា​ ករណី​ខាងលើ ​​ជន​សង្ស័យ​ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​ជា​ក្រុម​ឆក់​ប្លន់​ក្នុង​មូលដ្ឋាន នា​ពេល​កន្លងមក។ លោក​បាន​បញ្ជាក់​ថា ​ក្នុង​ប្រតិបត្តិការ​នោះ​ កម្លាំង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ ជន​សង្ស័យ​ចំនួន​០៨​នាក់ ​​ក្នុង​នោះ​មាន​ស្រី​០២​នាក់ ប្រុស​០៦​នាក់ និង​ដកហូត​​សម្ភារៈ ​វត្ថុ​តាង​រួម​មាន: ​​ទី​១- ម៉ូតូ ចំនួន​០៦​គ្រឿង​ ទី​២-​ថ្នាំ​ម៉ា​ទឹកកក​១៤​កញ្ចប់​ (​ធំ​០៤​ តូច​១០​​កញ្ចប់​) ទី​៣-​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ​០១​ដើម​(​គ្រាប់​០៧​គ្រាប់​)​ ទី​៤-​កាំបិត​ចំនួន​០៣ ទី​៥-​ថង់​ច្រក​ថ្នាំ​ចំនួន​៥៥៧​ថង់​ ទី​៦-​កន្ត្រៃ​១០០​ដើម​ ទី​៧-​ដប​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​២៧​ដប ​ទី​៨-​ដាវ​សាំ​មូ​រ៉ៃ​ចំនួន​១១ ទី​៩-​ដែកកេះ ២០ ទី​១០-​ទុយោ​ជក់​១២៥ ទី​១១-​ចំពាម​កៅស៊ូ​០១ ទី​១២-​ពិល​០១ ទី​១៣-​កាបូបស្ពាយ​០៣​ ទី​១៤-​ក្រដាស​អាលុយមីញ៉ូម​០២​ដុំ ទី​១៥-​កុំព្យូទ័រ​យួរ​ដៃ​ចំនួន​០១​គ្រឿង ទី​១៦-​ស្លាក​លេខ​ម៉ូតូ​០៥ ​ ទី​១៧-​ទូរស័ព្ទ​០៧​គ្រឿង ទី​១៨-​លុយ​ដុល្លារ​ចំនួន​៦៨៥២​ដុល្លារ ​ទី​១៩-​លុយ​ខ្មែរ​០៩​លាន​ប្រាំបី​សែន​រៀល ទី​២០-​ទូដែក ០១ ទី​២១-​កន្ទោង​ចំនួន​២០។



បច្ចុប្បន្ន​ជនសង្ស័យ និង​សម្ភារៈ​ រួម​ទាំង​វត្ថុ​តាង​បាន​បញ្ជូន​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី។


គេ​សង្កេត​ឃើញ​ថា ​ម្ចាស់​ផ្ទះ​ហាក់​លាក់បាំង​ពី​សមត្ថកិច្ច​​ ប៉ុន្តែ​សមត្ថកិច្ច​បាន​​សង្ស័យ​មុខសញ្ញា​ទាំងនេះ​ចេញចូល​ទើប​​ឈាន​ដល់​ការ​ឆែក​តាម​បន្ទប់​ តែ​ត្រូវ​​ជន​សង្ស័យ​ខ្លះ​​​​ដឹងខ្លួន​ បាន​រត់គេច​មុន​កម្លាំង​ចូល​ដល់ តែ​​​បន្ទប់​​ជន​សង្ស័យ​មួយ​ចំនួន​ស្នាក់នៅ ​បាន​បង្ហាញ​ថា​មនុស្ស​ទើប​ចេញ ដោយ​ទូរទស្សន៍ និង​ម៉ាស៊ីនត្រជាក់​នៅ​មិនទាន់​ពន្លត់​នៅឡើយ៕




បង្ក្រាប​គ្រឿងញៀន​២​ករណី​​​ធំៗ​កក្រើក​ផ្សារ​កំពង់ស្ពឺ

Post a Comment

0 Comments

Close Menu