Ad Code

ការ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​​ឡាវ​ជា​កត្តា​គំរាមកំហែង​ទៅដល់​អាយុជីវិត ​និង​ការ​រស់​នៅ​របស់​សត្វ​ផ្សោត

ក្រចេះ​ ៖ មន្ត្រី​អង្គការ​WWF រួម​និង​មន្ត្រី​នាយកដ្ឋាន​រដ្ឋបាល​ជល​ផល​បាន​លើក​ឡើង​ស្រដៀង​គ្នា កត្តា​ពីរ​យ៉ាង​ដែល​ជា​ឧបសគ្គ​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​អភិរក្ស​សត្វ​ផ្សោត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រចេះ​ស្ទឹងត្រែង​គឺ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ដន​សា​ហុង​របស់​ប្រទេស​ឡាវ​គឺជា​កត្តា​គំរាមកំហែង​ដល់​អាយុជីវិត ​និង​កា​រស់នៅ​របស់​សត្វ​ផ្សោត ក្រៅពី​ការ​ដាក់មង ឬ​ការ​នេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​អភិរក្ស។


ការ​លើកឡើង​បែបនេះ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ខេត្តក្រចេះ​បាន​ប្រារព្ធ​នូវ​ទិវា​អន្តរជាតិ​សម្រាប់​សត្វ​ផ្សោ​ត​ដែល​រៀបចំឡើង​ដោយ​អង្គការ​WWF​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ជលផល​ដោយមាន​ប្រ​ជា​ព​លរដ្ឋ​ប្រមាណ​ជា​៤០០​នាក់​បាន​ធ្វើ​យុទ្ធនាការ​ដង្ហែ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​អភិរក្ស​សត្វ​ផ្សោត នៅ​តាម​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ក្រោម​អធិបតីភាព​ឯក​ឧត្តម​ អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល។


លោក ឈិ​ត សំអាត នាយក​អង្គការ​WWF​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា យុទ្ធនាការ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​ជា​យុទ្ធនាការ​បញ្ឈប់​នូវ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​(​ដន​សា​ហុង​) និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សត្វ​ផ្សោត​ដែល​ជា​និមិត្ត​រូប​ជាតិ​ និង​ជា​រតនៈ​សម្បត្តិ​របស់​ប្រទេស​កម្ពុជា​យើង បន្ទាប់ពី​ប្រសាទ​អង្គ​វត្ត និង​ជា​ផលិតផល​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ទាំង​វប្បធម៌​ និង​សេដ្ឋកិច្ច​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​


លោក​បន្ត​ថា នៅក្នុង​យុទ្ធនាការ​នេះ​មាន​គោលបំណង​ និង​សារៈសំខាន់​ខ្លាំង​គឺ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រ​ជាពលរដ្ឋ​ទូទៅ​បាន​យល់ដឹង​នូវ​ព័ត៌មាន​នៃ​ចំនួន​សត្វ​ផ្សោត​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ដែល​ទើប​នឹង​រក​ឃើញ​នៅក្នុង​ឆ្នាំ​២០១៥​ថ្មីៗ​នេះ​មាន​ចំនួន​ប្រមាណ​ជា​៨០​ក្បាល​ ហើយ​ចំនួន​នេះ​គឺ​មាន​ការ​ថយ​ចុះ​ជា​បន្ត​បន្ទាប់​ បើ​ប្រៀបធៀប​តាំងពី​ឆ្នាំ​២០០៥ មាន​ចំនួន​១២៧​ក្បាល ឆ្នាំ​២០០៧​មាន​៩៣​ក្បាល ឆ្នាំ​២០១០​មាន​៨៥​ក្បាល និង​ឆ្នាំ​២០១៥​នេះ​ធ្លាក់​មក​នៅ​ចំនួន​៨០​ក្បាល។​


ហេតុផល​នៃ​ការ​ស្លាប់​របស់​សត្វ​ផ្សោត​នា​ពេល​កន្លងទៅ​គឺ​បណ្ដាល​មក​ពី​ការ​ជាប់​មង​ និង​ការ​​នេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​ស្នូល​នៃ​ការ​អភិរក្ស​សត្វ​ផ្សោត​ដែល​មាន​ចាប់ពី​ខេត្តក្រចេះ​រហូតដល់​ខេត្ត​ស្ទឹង​ត្រែង។ ដោយឡែក​ឧបសគ្គ​មួយទៀត​ដែល​គួរ​កត់​សំគាល់​នឹង​ជា​កត្តា​គំរាមកំហែង​ធំ​បំផុត​នោះ​គឺ​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ ដន​សា​ហុង ​របស់​ប្រទេស​ឡាវ​ដែល​គេ​ដឹង​ថា ​នឹង​មានការ​ចាប់ផ្តើម​សាង​សង់​នោះ។ លោក​ថា​ វា​ជា​ក្តី​បារម្ភ​មួយ​យ៉ាង​ធំ​ពាក់ព័ន្ធ​ទៅ​នឹង​អាយុជីវិត ​និង​ការរស់រាន​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដែល​ជា​រតនៈ​សម្បត្តិ​ជាតិ​របស់​ប្រស​ទេស​កម្ពុជា​យើង​នេះ។​ លោក​បញ្ជាក់​ថា ​នៅ​ក្នុង​ផែនការ​សាងសង់​ទំនប់ ​ដន​សា​ហុង​នេះ​វា​ផលិត​អគ្គិសនី​ត្រឹមតែ​២១០០​មេកា​វ៉ា​ត់ (MKV) ដែល​ចំនួន​នេះ​ថ្វី​ត្បិត​វា​តូច​តែ​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​ក្រៅពី​ជម្រក​សត្វ​ផ្សោត​គឺ​មាន​ប្រជាជន​ប្រមាណ​ជា​៦០​លាន​នាក់​ដែល​ពឹង​ផ្អែក​ទៅ​លើ​ទន្លេ​មេគង្គ​នេះ​តាមរយៈ​ការ​នេសាទ តាមរយៈ​ការ​ធ្វើ​កសិកម្ម និង​ការ​ប្រកបមុខរបរ​ផ្សេងៗ​ទៀត​ផង​ដែរ។


ដោយឡែក លោក វិ បុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ដែរ​ថា ផ្សោត​ជា​ប្រភេទ​មួយ​ក្នុងចំណោម​សត្វ​ទាំង​៥៨​ដែល​រាជរដ្ឋាភិបាល​បាន​កំណាត់​នៅក្នុង​អនុក្រឹត្យ​លេខ​១២៣​ដែល​គេ​កំណាត់​ថា​ ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ និង​ជិត​ផុត​ពូជ​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​ធ្វើការ​អភិរក្ស​ឲ្យ​បាន​ខ្លាំងក្លា​បំផុត។​


ទន្ទឹម​នឹង​ការ​អភិរក្ស​សត្វ​ផ្សោ​ត​ក៏​ត្រូវ​គិត​ទៅលើ​ត្រី​មានពូជ​នៅក្នុង​ដង​ទន្លេ​មេគង្គ​ផង​ដែរ ពី​ព្រោះ​ថា​ប្រសិនណាបើ​អត់​មាន​ត្រី​នោះ​ផ្សោត​ក៏​អត់​មាន​អ្វី​ជា​ចំណី​ដែរ។​ ហើយ​ដែល​សំខាន់​ជាង​នេះ​ខេត្ត​ក្រ​ចេះ​ និង​ខេត្តស្ទឹងត្រែង​គឺជា​ប្រភព​នៃ​ជម្រក​សម្រាប់​ត្រី​ពង​កូន​បន្ត​ពូជ ចែកចាយ​ទៅដល់​ទន្លេ​សាប​និង​នៅក្នុង​បរទេស​កម្ពុជា​យើង​ផង​ដែរ​៕


11-11-2015a


11-11-2015a3


11-11-2015a4


11-11-2015a1




ការ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​​ឡាវ​ជា​កត្តា​គំរាមកំហែង​ទៅដល់​អាយុជីវិត ​និង​ការ​រស់​នៅ​របស់​សត្វ​ផ្សោត

Post a Comment

0 Comments

Close Menu