Ad Code

អង្គការ​ឃូ​ហ្វា​អូស្ត្រាលី ចុះ​ជួយ​សហគមន៍​កសិកម្ម​ និង​ស្វែងយល់​អំពី​ការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​​

កំពង់ឆ្នាំង ៖ ជនជាតិ​អូស្ត្រាលី​មួយ​ក្រុម​ក្នុង​អង្គការ​ឃូ​ហ្វា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ចុះ​មក​សិក្សា​ស្វែងយល់​អំពី​ការ​នេសាទ​ត្រី​តាម​វាលស្រែ​ទំនប់​ព្រៃ​មូល ជាមួយ​ប្រជាពលរដ្ឋ និង​ចុះ​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​សមាជិក​សហគមន៍​កសិកម្ម​ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។


លោក ភោគ សា​រុំ ប្រធាន​សហគមន៍​កសិកម្ម​ឃុំ​ព្រៃ​មូល​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ អង្គការ​ឃូ​ហ្វា​អូស្ត្រាលី​បាន​ចុះ​មក​ដល់​សហគមន៍​កសិកម្ម​ឃុំ​ព្រៃ​មូល បាន​ស្វែងយល់​អំពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​នៅ​តាម​វាលស្រែ ដោយ​បាន​ឲ្យ​សមាគម​កសិកម្ម​គាត់​បង្ហាត់បង្ហាញ​របៀប​អូស​រំ​ចង​ចាប់​ត្រី និង​បង់សំណាញ់​នៅ​ក្នុង​វាលស្រែ​ទំនប់​ព្រៃ​មូល​យ៉ាង​សប្បាយរីករាយ។


លោក ភោគ សា​រុំ បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៤​ឆ្នាំ​មកដល់​ឆ្នាំនេះ​ សមាជិក​សហគមន៍​កសិកម្ម​ឃុំ​ព្រៃ​មូល​មាន​សមាជិក​ជាង​៦០០​នាក់​ហើយ និង​នៅ​ចុង​ឆ្នាំ​២០១៥​នេះ សមាជិក​សហគមន៍​នឹង​ឡើង​ជាង​៧០០​នាក់។


អង្គការ​ឃូ​ហ្វា​អូស្ត្រាលី​មួយ​នេះ រយៈពេល​៤​ឆ្នាំ​កន្លង​មក​បាន​ចុះ​ពិនិត្យ​ក្នុង​សហគមន៍ និង​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​សមាជិក​ក្នុង​សហគមន៍​ចំនួន​៣០​នាក់ ក្នុង​១​ឆ្នាំ​ៗ ដែល​ក្នុង​១​គ្រួសារៗ​ទទួល​បាន​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល ដោយ​បាន​បង្រៀន​បង្ហាត់បង្ហាញ និង​ពង្រឹង​ពង្រីក​ការ​ចិញ្ចឹម​សត្វ​មាន់ ជ្រូក មាន់ ទា ការ​ដាំដុះ​ដំណាំ និង​មុខរបរ​ធ្វើ​ចង្អេរ កញ្ច្រែង នៅ​តាម​គ្រួសារ​ជាដើម។ ប៉ុន្តែ​ការ​ជួយ​ឧបត្ថម្ភ​នេះ គឺ​សំដៅ​លើ​សមាជិក​សហគមន៍​ណា​ដែល​ឧស្សាហ៍​ព្យាយាម និង​តស៊ូ មាន​គំរូ​ល្អ​ក្នុង​ការងារ ខ្វះ​ដើម​ទន់ ដោយ​មិន​ជួយ​ជាទូទៅ​នោះ​ឡើយ។


លោក​ប្រធាន​សហគមន៍​កសិកម្ម​ឃុំ​ព្រៃ​មូល​បាន​សំណូមពរ​ដល់​សមាជិក​ក្នុង​សហគមន៍​ទាំង​អស់ សូម​ជួយ​ការពារ​ពូជ​ត្រី​នៅ​តាម​បឹង​ ឬ​ទំនប់​ក្នុង​មូលដ្ឋាន ដោយ​ត្រូវតែ​នាំគ្នា​ជួយ​ទប់ស្កាត់​ការ​ឆក់​ត្រី​របស់​ជនខិលខូច និង​នាំគ្នា​ប្រើប្រាស់​តែ​ឧបករណ៍​នេសាទ​ស្របច្បាប់ ដើម្បី​រក្សា​ទុក​ឲ្យ​ត្រី​មាន​ការ​កើន​ឡើង សម្រាប់​ធ្វើ​ការ​នេសាទ​ផ្គត់ផ្គង់​ជីវភាព​នៅ​ក្នុង​គ្រួសារ។


ទន្ទឹម​នេះ​ដែរ​ សូម​បងប្អូន​ក្នុង​សហគមន៍​បង្កើន​ការ​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ដំណាំ​តាម​គ្រួសារ និង​ប្រកបមុខរបរ​ធ្វើ​ចង្អេរ កញ្ច្រែង​ឲ្យ​បាន​ច្រើន ដើម្បី​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ​ឲ្យ​បាន​ធូរធារ ហើយ​ក៏​អាច​មានឱកាស​ទទួល​បាន​ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ​ឃូ​ហ្វា​អូស្ត្រាលី​ខាង​លើ​នេះ​ផង​ដែរ៕
Pisey-2015-11-11-full-a


Pisey-2015-11-11-full-a1


Pisey-2015-11-11-full-a4


Pisey-2015-11-11-full-a6


Pisey-2015-11-11-full-a7


Pisey-2015-11-11-full-a8


Pisey-2015-11-11-full-a9



អង្គការ​ឃូ​ហ្វា​អូស្ត្រាលី ចុះ​ជួយ​សហគមន៍​កសិកម្ម​ និង​ស្វែងយល់​អំពី​ការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​​

Post a Comment

0 Comments

Close Menu