ភ្នំពេញ ៖ រថយន្តបាឡែនមួយគ្រឿងត្រូវរងការខូចខាតស្ទើរទាំងស្រុង ដោយសារតែត្រូវដើមដូងងាប់មួយដើមនៅក្នុងរបងបរិវេណវត្តកោះ បានរលំសង្កត់ពីលើ តែសំណាងល្អមិនបណ្ដាលឲ្យមានគ្រោះថ្នាក់នោះ ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចផ្លូវលេខ១៧៨ជាប់របងវត្តកោះចំហៀងខាងត្បូងក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលរងការខូចខាតនោះ ម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២X១៩ ២៣ ជារបស់ប្រជាពលរដ្ឋ ដែលរស់នៅម្តុំកន្លែងកើតហេតុនោះ ត្រូវរងការខូចខាតទាំងស្រុងត្រង់ដំបូលលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តបាឡែនមួយគ្រឿងនោះជិះមកឈប់ចត នៅចិញ្ចើមផ្លូវលេខ១៧៨ក្បាល ទៅទិសខាងលិច ស្រាប់តែដើមដូងមួយដើមដែលងាប់ផុយឫស្សជាយូរមកហើយ នៅក្នុងរបងបរិវេណវត្តកោះ បានរលំឆ្លងកាត់របងវត្តចេញមកក្រៅកិនបណ្ដើរលើរថយន្តកាមរីបាឡែនមួយគ្រឿងនោះ បណ្តាលឲ្យខូចខាតដំបូលលើទាំងស្រុង តែសំណាងល្អ រថយន្តនោះចតស្ងៀមមិនមានអ្នកណានៅក្នុងរថយន្ត ឬក៏មានអ្នកគ្រោះថ្នាក់នោះទេ។ បន្ទាប់អាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ នាំគ្នាអារកាត់ដើមដូងនោះចេញដើម្បីជួយសម្រួលដល់ម្ចាស់ឡានឆាប់បានយកទៅជួសជុលដោយខ្លួនឯងវិញ៕
ដើមដូងងាប់រលំចេញពីក្នុងវត្តកោះ សង្កត់លើរថយន្តបាឡែនមួយគ្រឿង
0 Comments