Ad Code



បើក​កិច្ចប្រជុំ​ជាបន្ទាន់​ ក្រោយពី​មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​ធនាគារ​ទាំង​កណ្ដាលថ្ងៃត្រង់​បាន​លុយ​ជិត​២០​ម៉ឺន​ដុល្លារ
ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​កោះ​អញ្ជើញ​អាជ្ញាធរ​ទាំង​១២​ខណ្ឌ​និង​សមត្ថកិច្ច​ទាំង​២ប្រភេទ ​ចំណុះ​អោយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​មក​ប្រជុំ​ជាបន្ទាន់ ដើម្បី​រិះរក​គ្រប់​វិធី ​និង​យុទ្ធសាស្ត្រ​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​បទល្មើស ពិសេស​អំពើ​ប្លន់​ប្រដាប់​អាវុធ​ទៅលើ​ធនាគារ​មួយ​កន្លែង​នៅក្នុង​ខណ្ឌ​ចំការមន​ទាំង​កណ្ដាលថ្ងៃត្រង់ កាលពី​ថ្ងៃទី​២៣ សីហា​នេះ។

ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ មានការ​ចូលរួម​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​រាជធានី និង​អភិបាលខណ្ឌ​ទាំង​១២។

លោក ឃួ​ង ស្រេង បាន​លើកឡើងថា តាម​បណ្តា​ខណ្ឌ​ត្រូវមាន​អ្នក​ប្រចាំ​បញ្ជា ក្នុង​គោលដៅ​ចេញ​អន្តរាគមន៍​ភ្លាមៗ នៅពេល​មាន​កើតហេតុ​ការណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ។ សមត្ថកិច្ច​ទាំងអស់​មិនត្រូវ​បន្ទោស​គ្នា​ទៅវិញ​មក ដាក់បន្ទុក​លើ​​ស្ថាប័ន​ណាមួយ​នោះ​ទេ គឺ​ត្រូវ​រួម​សហការ​គ្នា ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ប្រកប​អាជីវកម្ម ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​យើង​ទាំង​អស់គ្នា​ក្នុងនាម​ជា​កងកម្លាំង​មាន​សមត្ថកិច្ច។

លោក ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​បន្ទាន់​នោះ​ក៏បាន​បញ្ជា​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​សហការ​គ្នា​អោយបាន​ល្អ ដាក់​គោលដៅ​យាម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ពិសេស​គឺ​ការ​រួមគ្នា​បំបែកសំណុំរឿង​ប្លន់​ប្រដាប់​អាវុធ​ទៅលើ​ធនាគារ​មួយ​កន្លែង​នៅក្នុង​ខណ្ឌ​ចំការមន​ទាំង​កណ្ដាលថ្ងៃត្រង់ កាលពី​ថ្ងៃទី​២៣ ខែ​សីហា​នេះ ដើម្បី​ចាប់​បញ្ជូន​ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ច្បាប់ បង្កើន​ជំជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​មក​លើ​សមត្ថកិច្ច​របស់​យើង។

គួររំលឹកថា កាលពី​ថ្ងៃទី​២៣ ខែសីហា​ម្សិលមិញ​នេះ មាន​ចោរ​ប្រដាប់​អាវុធ​មួយក្រុម​មាន​គ្នា​ប្រមាណ​៥​នាក់ បាន​ចូល​ប្លន់​ធនាគារ​មួយ​ទាំង​កណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ខណ្ឌចំការមន ដោយ​យក​អស់​ទឹកប្រាក់​ប្រមាណ​១៨​ម៉ឺន​ដុល្លារ​។ ខណៈពេល​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាននិងកំពុង​សហការ​គ្នា​ស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​បំផុត ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu