ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ ត្រូវបានរាជរដ្ឋាភិបាលតាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រជុំពិភាក្សានិងអនុម័ត កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។ បើតាមសេចក្ដីព្រាងនេះ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាតិដល់ទៅប្រមាណជា ៦,៧ ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ ខាងមុខ។ ចំនួននេះកើនឡើង ១១,៤% បើប្រៀបធៀបនឹងច្បាប់ឆ្នាំ ២០១៨ ដែលមានចំនួនសរុបចំនួនជាង ២៤ លានលានរៀល(២៤,៣៧៥,១០២លានរៀល) ឬ ប្រហែល៦.០៣៣ លានដុល្លារអាមេរិក។
នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ បានបង្ហាញពីការចំណាយចរន្តថវិការដ្ឋមានចំនួនជិត ១៨លានលានរៀល(១៧.៩០៧.៥៤៩លានរៀល) ឬ ប្រហែលជាង ៤ ពាន់លានដុល្លារកើនឡើង១២,៣% ។ ចំណែកការចំណាយមូលធនថវិការដ្ឋ មានចំនួនជាង ៩ លានលានរៀល (៩ ២៥៧ ៤៤៧ លានរៀល) ឬប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៨ភាគរយ បើប្រៀបធៀបនឹងច្បាប់ឆ្នាំ២០១៨។
នេះបើយោងតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំណែកចំណូលសរុបថវិកាជាតិវិញ រាជរដ្ឋាភិបាលកម្ពុជាគ្រោងបង្កើនជាង ២៦ លានលានរៀល (២៦ ៧៥៩ ៩៩៦ លានរៀល) ឬជាង ៦,៥ ពាន់លានដុល្លារអាមេរិក។
ក្នុងនោះចំណូលចរន្ដថ្នាក់ជាតិឲ្យស្មើនឹងជាង ១៩ លានលានរៀល (១៩ ៥៩៣ ១១១ លានរៀល) ឬ ប្រមាណ ៤,៧ ពាន់លានដុល្លារអាមេរិក និងចំណូលមូលធនថវិកាជាតិត្រូវបានគ្រោងចំនួនជាង ៥ លានលានរៀល (៥ ៧៦៦ ៩១៧ លានរៀល) ឬជាង ១៤០ លានដុល្លារអាមេរិក កើនឡើង ១៥,៩ភាគរយ ធៀបនឹងច្បាប់ឆ្នាំ ២០១៨ ក្នុងនោះចំណូលមូលធនដោយហិរញ្ញប្បទានពីក្រៅប្រទេសស្មើនឹងប្រមាណ ២០ភាគរយ នៃចំណាយថវិការដ្ឋសរុបឆ្នាំ ២០១៩ ប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងឲ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩ មានគោលដៅគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសអនុវត្តតាមគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្ដែងនានា ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៦។ បន្ថែមលើនេះ លោក ក៏បានគូសបញ្ជាក់ដែរថា នៅក្នុងរយៈពេលមធ្យមខាងមុខការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជានឹងឈានដល់ដំណាក់កាលប្រែប្រួលថ្មីមួយទៀតជាពិសេសចាប់ពីពេលនេះទៅរយៈពេល ៥ឆ្នាំខាងមុខ ដែលជារយៈពេល អន្ដរកាលឆ្ពោះទៅសម្រេចឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ កាសម្រេចនេះ នឹងធ្វើឲ្យកម្ពុជាបាត់បង់ការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបជាស្វ័យប្រវត្តិតែម្តង។
សរុបមកថវិកាឆ្នាំ ២០១៩ គឺត្រូវបានរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា(Fiscal Consolidation) ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើមនុស្ស និង ការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជា" ថវិកាយុទ្ធសាស្ត្រ នៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាកនិងការបន្តបុកគ្រឹះថ្មីៗសម្រាប់គាំទ្រដល់ការសម្រេចបាននូវគោលដៅសំខាន់ៗនៃកម្មវិធីន យោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីបន្តរក្សាសន្តិភាព ស្ថេរភាព ក៏ដូចជាទ្រទ្រង់នូវដំណើរការវិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាលើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និង ចីរភាព តទៅមុខឥតឈប់ឈរ "៕
Source: Kampuchea Thmey Daily
0 Comments