Ad Code

កសិករ​ដាំ​បន្លែ​សណ្ដែកកួរ​ទទួល​បាន​តម្លៃ​ខ្ពស់​ក្នុង​ឆ្នាំ​នេះ



ភ្នំពេញ ៖ តាម​ប្រភព​ពី​ប្អូនប្រុស អ៊ុន ណា​រ៉ា​ន់ ដែល​ជា​កសិករ​ដាំ​បន្លែ​ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែសីហា​​​ថា ​ក្នុង​ឆ្នាំ​២០១៨​នេះ​បន្លែ​សណ្តែក​កួរ​កំពុង​មាន​តម្លៃ​ខ្ពស់ ​ដែល​ឈ្មួញ​ឲ្យ​តម្លៃ​រហូតដល់​ទៅ​៥០០០​រៀល​ ក្នុង​មួយ​គីឡូក្រាម។

កសិករ​រូប​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​សព្វ​ថ្ងៃ​នេះ​គ្រួសារ​របស់​ប្អូន​បាន​ដាំ​បន្លែ​ក្នុង​ដីចំការ​ផ្ទាល់ខ្លួន​ដែល​ក្នុង​នោះ​ មាន​បន្លែ រនោង ត្រសក់​និង​សណ្តែក​កួរ​។​ ប៉ុន្តែ​ក្នុង​បន្លែ​ដែល​ប្អូន​ដាំ​គឺ​មានតែ​សណ្ដែកកួរ​ប៉ុណ្ណោះ ​ដែល​ឈ្មួញ​ឲ្យ​តម្លៃ​ខ្ពស់​រហូតដល់​៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ខុសប្លែក​ពី​ឆ្នាំទៅ​គឺ​ឈ្មួញ​ចុះ​មក​ទិញ​ដល់​ចំការ​ត្រឹមតែ​៣០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ ចំពោះ​បន្លែ​រនោង​និង​ត្រសក់​វិញ​ គឺ​ធ្លាក់ចុះ​ដែល​ក្នុង​មួយ​គីឡូក្រាម​ឈ្មួញ​ឲ្យតែ​១៩០០​រៀល​ទៅ​២០០០​រៀល​ប៉ុណ្ណោះ​។



ប្អូន​ណា​រ៉ា​ន់​បាន​បញ្ជាក់​ថា ​ក្នុង​ចំការ​របស់​ប្អូន​ដែល​មាន​ដី​ទំហំ​ប្រមាណ​ជាង​កន្លះ​ហិកតា ​តែ​គ្រួសារ​របស់​ប្អូន​អាច​ទទួល​បាន​ជិត​១០០០​ដុល្លារ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។

កសិករ​ខាងលើ​បាន​សំដែង​នូវ​ក្តី​រីករាយ​ ពេល​ទទួល​បាន​ថវិកា​ដ៏​ច្រើន​មិន​ធ្លាប់មាន​ក្នុង​គ្រួសារ​កសិករ​ ហើយ​អាច​រក​ប្រាក់​បាន​ងាយស្រួល​ជាង​អ្នកបម្រើ​ការងារ​ជា​មន្ត្រីរាជការ​ទៅទៀត​ហើយ​មិន​លំបាក​រក​ការងារ​ក្រៅ​ស្រុក​ទៀតផង​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu