វង្ស ណយ អ្នកប្រដាល់ក្លិបកុលបុត្រគុនខ្មែរ និង អ្នកប្រដាល់ស្រី សំ ថារ័ត្ន ក្លិបកងចក្រភ្នំតូច ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិ នាយប់ថ្ងៃអាទិត្យទី១៩ខែសីហា ឆ្នាំ២០១៨នេះ នៅលើសង្វៀនCarabaoបាយ័នស្ទឹងមានជ័យ។
វង្ស ណយ នឹងប្រកួតក្នុងប្រភេទទម្ងន់៧០គ.ក្រ ជាមួយអ្នកប្រដាល់ថៃ jaisu Sor.Khamsingha។jaisu នេះ ធ្លាប់មកប្រកួតនៅភ្នំពេញ៣លើកហើយកន្លងមក ដោយជួបប្រកួតជាមួយនី សុភី ជើងខ្លាំងក្លិបសាលវ័ន្តកីឡា ទាំង៣លើក ហើយក្នុងការជួប៣ដងនោះ នី សុភី វាយឈ្នះ១លើក ស្មើ១លើកនិងចាញ់ពិន្ទុ១លើក ។
អ្នកប្រដាល់ថៃរូបនេះ មានកំរិតសមត្ថភាពនិងបច្ចេកទេសល្អហើយរឹងមាំ គេជាជើងខ្លាំងម្នាក់ប្រចាំនៅស្រុកថៃ ។ jaisu Sor.Khamsingha មានកម្ពស់១,៧២ម៉ែត្រ ខណៈ នី សុភី ១,៧០ម៉ែត្រ ហើយកំណត់ត្រាប្រកួតលើរេញរបស់ jaisu គឺបានចំនួន១០៤លើក ដោយឈ្នះ៩០លើក ចាញ់១២លើក និង ស្មើ០១លើក បើធៀបជាមួយវង្ស ណយ មានប្រវត្តិប្រកួត១៨៤លើក ឈ្នះ១២៥លើក ចាញ់៥៥លើក ស្មើ៤លើក និង ធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន ២៨ លើក ។
វង្ស ណយ គេជាអ្នកប្រដាល់ជើងខ្លាំង ក្នុងចំណោមអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ។ គេធ្លាប់ជួបអ្នកប្រដាល់បរទេសរាប់មិនអស់នោះទេ ដែលការប្រកួតចុងក្រោយរបស់គេនោះ គឺឈ្នះអ្នកប្រដាល់ថៃRareung ក្នុងទឹកទី២ កាលពីថ្ងៃទី២៧កក្កដា២០១៨ ។
សំរាប់ការប្រកួតលើកនេះ ពុំដឹងថា វង្ស ណយ គេអាចយកឈ្នះអ្នកប្រដាល់ថៃ jaisu Sor. Khamsingha បានឬអត់នោះទេ ? ។
កីឡាការិនី សំ ថារ័ត្ន អ្នកប្រដាល់ក្លិបកងចក្រភ្នំតូច ដែលគេស្គាល់ច្បាស់ថា ជាអ្នកខ្លាំងខាងក្បាច់គុនល្បុក្កតោ ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ស្រីថៃ Nonggifts Or.Wannchhirt ដោយប្រកួតគ្នាក្នុងទម្ងន់ ៥២ គីឡូក្រាម ។ មិនមែនជាលើកដំបូងឡើយ ដែលសំ ថារ័ត្ន ប្រកួតជាមួយប្រដាល់បរទេសនោះ។
សំ ថារ័ត្ន ជាកីឡាការិនីយុទ្ធគុនចម្រុះ (ប្រដាល់ផង ល្បុក្កតោ)របស់កម្ពុជា ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់ ។ នាងបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់បរទេសច្រើនជាតិសាសន៍ហើយកន្លងមក ទាំងប្រដាល់សេរីនិងក្បាច់គុនខ្មែរ ព្រោះនាងធ្លាប់ចូលរួមព្រឹត្តិការណ៍ ONE Championship កន្លងមក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើនទៀត ។ ដូច្នេះ ការជួបប្រកួតជាមួយថៃលើកនេះ ពុំមានបញ្ហាចោទសម្រាប់រូប ថារ័ត្ន ឡើយ ។
កីឡាការិនីរូបនេះ មានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា សំ ថារ័ត្ន អាចយកឈ្នះអ្នកប្រដាល់ស្រីថៃ Nonggifts បានឬក៏អត់នោះទេ? ។
Nonggifts Or.Wannchhirt ជាជើងខ្លាំង ដែលមានស្នៀតទាត់ និងកណ្តាប់ដៃល្អ។ដូច្នេះ សំ ថារ័ត្ន ប្រកួតលើកនេះ អាចនឹងជួបការលំបាកខ្លះៗដែរ ព្រោះអ្នកប្រដាល់ស្រីថៃរូបនេះមានស្នៀតប្រដាល់ល្អនិងខ្លាំង ។ ចាំមើល រវាងសំ ថារ័ត្ន និង Nonggifts Or.Wannchhirt តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ ? ។
ដោយឡែក ចាន់ វ៉ារិទ្ធ អ្នកប្រដាល់ក្លិបនិរោធមានជ័យ នឹងត្រូវជួបសាកកណ្តាប់ដៃជាមួយជើងចាស់សុខ សុវណ្ណ អ្នកប្រដាល់ក្លិបកងពលធំអនតរាគមន៍លេខ២ ដោយជួបគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ។
ពួកគេពីរនាក់នេះ មិនដែលបានប៉ះគ្នាម្តងណាឡើយកាលពីពេលកន្លងមក ដោយសារចាន់ វ៉ារិទ្ធ ជាអ្នកប្រដាល់ស្រករក្រោយ ។ សម្រាប់ការជួបគ្នាលើកនេះ ពុំដឹងថាអ្នកណាឈ្នះ អ្នកណាចាញ់ នោះទេ ? ។
ទាំងចាន់ វ៉ារិទ្ធ និងសុខ សុវណ្ណ ពួកគេវាយខ្លាំងនិងល្អដូចគ្នា ។អ្នកទាំងពីរ មានស្នៀតប្រដាល់ល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ ជង្គង់ និងស្នៀតកែងមានផ្លែល្អ ប៉ុន្តែអ្នកប្រដាល់ចាវ៉ារិទ្ធ មានទិចនិចប្រកួតនិង កម្លាំងស៊ុហ្វ អន់ជាងសុវណ្ណ ។ ដូច្នេះ សម្រាប់ការជួបប្រកួតជាមួយសុខ សុវណ្ណ លើកនេះ គេមិនទាន់ប្រាកដថា ចាន់ វ៉ារិទ្ធ ឈ្នះនោះទេ៕
Source: Kampuchea Thmey Daily
0 Comments