ភ្នំពេញ ៖ ក្រុមការងារមន្ទីរផែនការរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្ដីពី ដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១២ ឆ្នាំ២០១៨ ជូនដល់ អ្នកផ្តល់សេវា អង្គការ ខណ្ឌ សង្កាត់នានា ក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងដល់គ្រប់ភាគីពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានីភ្នំពេញ អំពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងផ្តល់ការគាំទ្រ ចូលរួមក្នុងដំណើរការ ការងារនេះ អោយទទួលបានជោគជ័យ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋាន អង្គការ មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨នេះ នាសាលារាជធានីភ្នំពេញ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សិក្ខាសាលាស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ គឺជាការផ្សព្វផ្សាយនិងស្វែងយល់ពីទិន្នន័យគ្រួសារក្រីក្រពិតប្រាកដ នៅក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ននានា ដើម្បីយកមកធ្វើជាឧបករណ៍បម្រើអោយ កម្មវិធីប្រព័ន្ធសុវត្ថិភាពសង្គម ដូចជាការផ្តល់សេវាសុខភាព ការផ្តល់អាហារូបករណ៍ ការផ្តល់សេវាកសិកម្ម ការផ្តល់ដីសម្បទានសង្គមកិច្ច ការផ្តល់ស្បៀងអាហារ និងការផ្តល់សេវាសំណូមពរ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគក្នុងមូលដ្ឋានរបស់អាជ្ញាធរផងដែរ ។
លោកបានបញ្ជាក់ នៅរាជធានីភ្នំពេញ អត្រាភាពក្រីក្របានធ្លាក់ចុះកម្រិត ៩,៩% ប៉ុណ្ណោះក្នុងឆ្នាំ២០១៦។ ទាក់ទិនទៅនឹងកំណើននៃទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ កាលពីឆ្នាំ២០១២ មានត្រឹមតែ៩៣១ដុល្លាប៉ុណ្ណោះក្នុងមួយខែ បានកើនឡើងរហូតដល់ ៣៨០០ដុល្លា គិតត្រឹមឆ្នាំ២០១៦ និងបន្តកើនឡើងជាលំដាប់ទៅតាមសេដ្ឋកិច្ចជាតិ។
លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានផែនការ បានបានអោយដឹងដែរថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង ទី១ផ្តល់ឱកាសអោយភាគីពាក់ព័ន្ធ អ្នកផ្តល់សេវា ខណ្ឌ សង្កាត់នានា បានទទួលព័ត៌មាន ស្តីពីប្រភពទិន្នន័យ និងការចែកចាយទិន្នន័យគ្រួសារក្រីក្រ ព្រមទាំងអត្រាភាពក្រីក្រនៅតាមតំបន់។ ទី២ ជំរុញអោយមានការផ្សព្វផ្សាយបន្ត ដើម្បីអោយភាគីពាក់ព័ន្ធ អង្គការនានា និងបណ្តាខណ្ឌ សង្កាត់ ប្រើប្រាស់សេវាទិន្នន័យគ្រួសារក្រីក្រ និងតារាងប្រៀបធៀបផែនអត្រាក្រីក្រ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន ផ្តល់សេវាដល់គ្រួសារក្រីក្រអោយចំគោលដៅ។ ទី៣ គឺការលើកទឹកចិត្ត ដល់អ្នកពាកព័ន្ធ អង្គការនានា អ្នកផ្តល់សេវា និងខណ្ឌ សង្កាត់ ប្រើប្រាស់បញ្ជីគ្រួសារក្រីក្រ ដើម្បីផ្តល់សេវា និងអនុវត្តន៍សហគមន៍ក្រីក្រ គ្រួសារក្រីក្រអោយមានប្រសិទ្ធភាព និងចំគោលដៅ។
លោកបានបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងពន្លឿនការកាត់បន្ថយភាពក្រីក្រអោយបានកាន់តែឆាប់រហ័សនោះ ក្រសួងផែនការបានរៀបចំ បង្កើនសំណុំអន្តរាគមន៍សេវាចំនួន២ទៀត គឺ សំណុំអន្តរាគមន៍សេវាដើម្បីបង្កើនចំណូល និងសំណុំអន្តរាគមន៍សេវាដើម្បីកាត់បន្ថយចំណាយ ដោយផ្តោតអោយចំគ្រួសារក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍ធនធានមនុស្ស រួមនឹងការ ការពារជនក្រីក្រពីវិបត្តិដែលអាចបណ្តាលអោយធ្លាក់ទៅក្នុងភាពក្រីក្រ។
លោកថេង បញ្ញាធន បានធ្វើការជំរុញដល់ មន្ត្រីពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ ចាប់យកការយល់ដឹងដើម្បីយកទៅ ចូលរួមចំណែក តាមដាន និងផ្តល់ការណែនាំ អោយការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ និងទទួលបាននូវទិន្នន័យគ្រួសារក្រីក្រដែលមានលក្ខណៈសុក្រឹតជូនប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments