Ad Code

លោក ចាន់ យុ​ត្ថា ណែនាំឲ្យប្រធាន​មន្ទីរខេត្ត​ចំនួនពីរ ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ ព្រោះ​រដូវប្រាំង អាច​ជួបនឹង​ធាតុអាកាស​ក្តៅ​ហួតហែង​ខ្លាំង



ឧ​ត្ត​រ​មានជ័យ ៖ ​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​ការណែនាំ​ឲ្យ ប្រធាន​ធនធានទឹក​ចំនួន ពី​ខេត្ត​គឺ​ខេត្ត បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​ថែរក្សា​ទឹក​ទុក​បាន​ល្អ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ ព្រោះ​នៅ រដូវប្រាំង​ខាងមុខ អាច​ជួបនឹង​ធាតុអាកាស​ក្តៅ​ហួតហែង​ខ្លាំង និង​មិន​សូវ​មាន​ភ្លៀង​កក់ខែ​។



ការណែនាំ របស់​លោក រដ្ឋលេខាធិការ បាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុង​ឱកាស​ដែល​លោក ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​សម្រាប់​ការងារ​បង្កបង្កើនផល​នៅក្នុង​ខេត្តបាត់ដំបង និង​ការចុះ​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​នៅ​តំបន់​ស្ទឹង​ក្រញូង ( ក្បាល​ស្ទឹង​សង្កែ ) ស្ថិតនៅ​ក្នុង​ស្រុក​សំឡូត ខេត្តបាត់ដំបង និង​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​នៅ​តំបន់​ក្បាល​ស្ទឹង​ប​វេ​ល ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន​រួចមក លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។



លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ និង​លោក ញឺន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជម្រាបជូន​លោក ចាន់ យុ​ត្ថា ឲ្យ​ដឹង​ថា មកដល់ពេលនេះ ដំណាំ​ស្រូវ​នៅក្នុង​ខេត្ត​ទាំងពីរ ពុំ​មាន​បញ្ហា​ប្រឈម​នឹង​កង្វះខាត​ទឹក​ទេ។ ចំពោះ​ស្រូវស្រាល ពេលនេះ​បងប្អូន​ប្រជាកសិករ បាន និង​កំពុងធ្វើការ​ច្រូតកាត់​ជា​បណ្ដើរៗ​ហើយ ឯ​ចំពោះ​ស្រូវកណ្ដាល​បាន​ចាប់​ផ្ដើម​ដាក់​គ្រាប់ ហើយនឹង​ឈាន​ទៅ​ប្រមូល​ផល​នៅក្នុង​អំឡុង​ពេល​ពាក់​កណ្តាល​ខែវិច្ឆិកា ខាងមុខនេះ។



ពិនិត្យ​ជា​រួម ស្រូវស្រាល និង​ស្រូវកណ្ដាល ដែល​បងប្អូន​ប្រជាកសិករ​បានធ្វើ​ការ​ដាំ​ដុះ ពុំ​មាន​បញ្ហា​ប្រឈម​នឹង​កង្វះខាត​ទឹក​ទេ។ ប៉ុន្តែ​ចំពោះ​ស្រូវធ្ងន់​មួយចំនួន ហើយ​ដែល​ធ្វើការ​បង្កបង្កើនផល​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក ឆ្ងាយ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ អាច​នឹង​មានការ​ប្រឈម​ខ្លះ។



នៅក្នុង​ឪ​កាស​នោះ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក បាន​ធ្វើ​ការ​ផ្ដាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំងពីរ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ ព្រោះ​រដូវវស្សា​សម្រាប់​តំបន់​ខ្ពង់រាប នឹង​ឈាន​ទៅ​បញ្ចប់​ក្នុង​រយៈពេល​ឆាប់ៗ ពិសេស​ចាប់ពី​ថ្ងៃទី ២៧ ឬ​២៨ ខាងមុខនេះ តំបន់​ខ្ពង់​រាប​នឹង​ចាប់ផ្ដើម​ថមថយ​ទឹកភ្លៀង​ជា​បណ្តើរ​ៗ​ហើយ។



លោក​រដ្ឋលេខាធិការ​បន្ត​ថា រដូវប្រាំង​ខាងមុខ យើង​អាច​ជួបនឹង​ធាតុអាកាស​ក្តៅ​ហួតហែង​ខ្លាំង និង​មិន​សូវ​មាន​ភ្លៀង​កក់ខែ​ផង ដូចនេះ មានតែ​ការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ និង​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ទេ ទើប​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង និង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ នា​ពេល​ខាង​មុខ​បាន។

ទាក់ទង​ជាមួយនឹង​ការ​បញ្ជូន​ទឹក​ពី​ទំនប់​ស្ទឹង​ស្រែង​ទី ២ ទៅកាន់​អាង​ត្រពាំង​ថ្ម ដែល​បាន និង​កំពុង​ធ្វើ​រយៈពេល​ជាង ៤ ខែ កន្លងមក​នោះ ឥឡូវនេះ គឺ​ស្ថានភាព​ទឹក​នៅក្នុង​អាង​ត្រពាំង​ថ្ម បាន​ប្រមាណ ៦៥ % ហើយ។ លោក​រដ្ឋលេខាធិការ បាន​ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ទាំងពីរ បន្ត​សហការ​គ្នា​ក្នុង​ការ​បញ្ជូន​ទឹក​ពី​ទំនប់​ស្ទឹង​ស្រែង​ទី២ ទៅ​បំពេញ​អាង​ត្រពាំងថ្ម​បន្ត​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu