ភ្នំពេញ ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងអគ្គរដ្ឋទូត ត្រូវបានជ្រើសរើស ក្នុងចំណោមបុគ្គលឆ្នើម១០០នាក់ ដើម្បីទទួលពានរង្វាន់ ក្នុងកិច្ចខិតខំប្រឹងប្រែង សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ជាមួយ សាធារណរដ្ឋកូរ៉េ។
មន្ត្រីទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះ បានទទួលពានរង្វាន់ជាថ្នាក់ដឹកនាំឆ្នើមប្រចាំឆ្នាំ២០១៨ ក្នុងការបង្ហាញ និងផ្សព្វផ្សាយ ពីសេដ្ឋកិច្ច និងវប្បធម៌ អរិយធម៌ របស់កម្ពុជាមកកាន់សាធារណៈកូរ៉េ ដោយសមាគមអ្នកសារព័ត៌មាននៃសាធារណរដ្ឋកូរ៉េ នៅសាលសន្និសីទ នៃមន្ទីររដ្ឋសភាជាតិកូរ៉េ ដែលនេះជាមោទនភាពជាតិជាលើកទីពីររបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។
លោកឯកអគ្គរាជទូត បានថ្លែងថា “នេះមិនមែនគ្រាន់តែជាមោទនភាពសម្រាប់លោកនិងក្រុមគ្រួសារផ្ទាល់របស់លោកនោះទេ តែជាកិត្តិយសដែលលោកសូមផ្តល់បន្តជូនទៅក្រុមការងារស្ថានឯកអគ្គរាជទូតកម្ពុជាទាំងមូល ដែលបានខិតខំបំពេញភារកិច្ចរៀងខ្លួនប្រកបដោយឆន្ទៈខ្ពស់និងមិនគិតពីការនឿយហត់ព្រមទាំងលក្ខខ័ណ្ឌផ្សេងៗឡើយ។ ហើយនេះជាលទ្ធផលនៃស្មារតីធ្វើកិច្ចការជាក្រុម មិនអត្តនោម័តិ មិនតួឯកនិយម!”។
មន្ត្រីដដែលបានគូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧ កន្លងទៅ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េក៏ បានទទួលពានរង្វាន់ “ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០១៧” នៅរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ ពីសមាគមមិត្តភាពវប្បធម៌កូរ៉េ ដោយបានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងនូវការបំពេញតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ គ្រប់វិស័យរវាងកម្ពុជា-កូរ៉េ និងការរៀបចំខួបលើកទី២០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ, ការដឹកនាំសម្របសម្រួលកិច្ចការងារសមាគមទូតអាស៊ាននៅកូរ៉េដែលកម្ពុជាជាប្រធាន, ការដឹកនាំសម្របសម្រួលរៀបចំកម្មវិធីអបអរសាទរខួបគម្រប់ ៥០ឆ្នាំនៃការបង្កើតសហគមន៍អាស៊ាន និងជាពិសេសការងារដឹកនាំ ដោះស្រាយ គាំពារ បម្រើប្រយោជន៍ជាតិ-ប្រជាជន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments