Ad Code

សិស្ស​ប៊ែ​ល​ធី ២ ១៨៥ នាក់ ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សំណេរ​ភាសា​អង់គ្លេស លើក​ទី​៣



​ភ្នំពេញ​៖ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​រៀប​ចំ​កម្មវិធី​ប្រកួតប្រជែង​សំណេរ​ភាសា​អង់គ្លេស​លើក​ទី​៣ (The 3rd English Writing Contest Program) នៅ​សាល​សហ​សិក្សា​នៃ​សាលា ប៊ែ​ល​ធី អន្តរជាតិ​ទី​៩ (​សាខា​ស្ទឹងមានជ័យ​) ក្រោម​អធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា តំណាង​លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា អគ្គនាយក ប៊ែ​ល​ធី គ្រុប កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨។



លោក ចាន់ ទី​តា ប្រធានការិយាល័យ​ភាសា​អង់គ្លេស (ESL) បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ២១​សាខា ក្នុង​នោះ ១៩​សាខា កំពុងដំណើរការ និង​០២​សាខា កំពុង​សាងសង់ ដែលមាន​សិស្ស​កំពុង​សិក្សា ៤០,៥៦១​នាក់​។ គោលបំណង​នៃ​ការប្រកួត​សំណេរ​ភាសា​អង់គ្លេស​គឺ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មាន​ភាពក្លាហាន​ហ៊ាន​បញ្ចេញ​សមត្ថភាព ថ្នឹក​ដៃ​ក្នុង​ការសរសេរ​ភាសា​អង់គ្លេស និង​អាច​ចូលរួម​ប្រកួតប្រជែង​សំណេរ​ជា​លក្ខណៈ​អន្តរជាតិ​។ កម្មវិធីសិក្សា​ផ្នែក​ភាសា​អង់គ្លេស​ទូទៅ (ESL Program) ត្រូវបាន​រៀបចំឡើង​យ៉ាង​សម្រិតសម្រាំង​សុទ្ធតែ​មុខវិជ្ជា​ទំនើបៗ ហើយ​សៀវភៅ​សិក្សា​ត្រូវបាន​សហការ​គាំទ្រ​ដោយ​ក្រុមហ៊ុន McGraw-HILL Education នៅ​សហរដ្ឋអាមេរិក​។ ក្នុងនោះដែរ សាលា​ក៏បាន​បន្ថែម​កម្មវិធីសិក្សា​ដូចជាៈ ចម្រៀង រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ ដល់​សិស្ស​គ្រប់​កម្រិត​ចាប់ពី Preschool 1 ដល់ Level 12 ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មានគំនិត​ថ្មីៗ មាន​ភាពក្លាហាន ហ៊ាន​បញ្ចេញយោបល់ ចេះ​វែកញែក ។ នៅពេល​បញ្ចប់ Level 12 សិស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការនិយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ ជាពិសេស ទទួលបាន​ពិន្ទុ​តេស្ត​អន្តរជាតិ អាយ​អែល (IELTS) យ៉ាងតិច 5.5 ឡើងទៅ ដែល​អាចដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​បាន​យ៉ាង​ងាយ​។



ក្នុងឱកាស​នោះ​ផងដែរ លោក លី ប៊ុនឆៃ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ប្អូនៗ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ គោរព​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​បានល្អ មាន​វិន័យ​ល្អ និង​សីលធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គម រហូត​ទទួលបាន​ជយលាភី​នាពេលនេះ​។



លោក លី ប៊ុនឆៃ ក៏បាន​បន្ថែមទៀតថា ​សិស្ស​ដែល​សិក្សា​ភាសា​អង់គ្លេស​ទាំងអស់ នៅពេល​បញ្ចប់​កម្រិត​ទី​១២ (Level 12) សាលា​នឹង​រៀបចំ​ឲ្យ​ប្រឡង​តេស្ត​អន្តរជាតិ អាយ​អែល (IELTS) ហើយ​សិស្ស​ដែល​ទទួលបាន​ពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹង​ទទួលបាន​អាហារូបករណ៍ ១០០% សិក្សា​នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រយៈពេល ៤​ឆ្នាំ ចំណែកឯ​សិស្ស ដែល​ទទួលបាន​ពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹង​ទទួលបាន​អាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ផងដែរ​។ ដោយឡែក សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ក៏មាន​កម្មវិធីសិក្សា​ជា​ភាសាជាតិ និង អន្តរជាតិ ដែល​កម្មវិធីសិក្សា អន្តរជាតិ គឺ​បង្រៀន​ផ្តោតទៅលើ​ភាសា​អង់គ្លេស ១០០% ជា​កម្រិត​អន្តរជាតិ ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មាន​ទំនាក់ទំនង​គ្នា ពីសា​លា រហូតដល់ សាកលវិទ្យាល័យ នៅ​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​។ សាកលវិទ្យាល័យ ក៏បាន​បើក​កម្មវិធីសិក្សា​ជា ភាសាជាតិ ដោយ​បង្រៀន​ជា ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​និស្សិត​ប៊ែ​ល​ធី ទទួល​បាន​នូវ​ចំណេះដឹង ទាំង​ភាសាជាតិ និង​អន្តរជាតិ និង​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​និស្សិត​ក្នុងការ​ទំនាក់ទំនងរ​វាង​ជាតិ និង​អន្តរជាតិ ដែល​ជា​ឱកាស​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម​ផ្ទាល់ខ្លួន​ដោយ​ជោគជ័យ និង​ក្លាយជា​សហគ្រិនភាព​ដ៏​ល្បី​ក្នុងពេល​អនាគត​។



ជាទី​បញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា​ក៏បាន​ប្រគល់​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​រង្វាន់​លើកទឹកចិត្ត ជូន​ដល់​សិស្ស​ជ័យលាភី កម្រិត​ទី​៥ ទី​៨ ទី​១១​និង​ទី​១២ ចំនួន ១២​នាក់ ផងដែរ៕









Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu