Ad Code

កម្ពុជា​សហការ​គ្នា​ជា​មួយ UNIDO ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ន៍វិស័យ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅ​កម្ពុជា



​ហ្សឺ​ណែវ ​៖ ​ក្រសួង​ពីរ​របស់​កម្ពុជា មាន​ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ធ្វើការ​សហការ អគ្គលេខាធិការ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ (UNIDO) ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅ​កម្ពុជា​។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ បានទទួល​ជួប លោក លី យ៉ុង (Li Yong) អគ្គលេខាធិការ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការសហប្រជាជាតិ (UNIDO) នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេសស្វីស​។



នា​ឱកាស​នោះ លោក លី យ៉ុង បាន​ជម្រាប​ជូន​ដោយ​សង្ខេប​នូវ​គម្រោង និង​សកម្មភាព​មួយចំនួន​ដែល​អង្គការ UNIDO បាននិងកំពុង​តែ​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ជាពិសេស​កម្មវិធី​ស្ដីពី​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស (Programme for Country Partnership - PCP) ដែលជា​កម្មវិធី​ចម្បង​របស់ UNIDO ក្នុងការ​គាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​ប្រទេស​ជា​ដៃគូ​។ សម្រាប់​កម្មវិធី​នេះ UNIDO នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក្នុង​ការ​កៀងគរ​ធន​ធាន​បន្ថែម​ដើម្បី​អនុវត្ត​កម្មវិធី​នេះ ជាពិសេស​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ចិន និង​ជប៉ុន ដែល​មាន​ចំណាប់អារម្មណ៍​វិនិយោគ​ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូ​នេះ​។



ក្រៅ​ពី​នេះ​ផង​ដែរ លោក​អគ្គនាយក បាន​ឲ្យ​ដឹង​ថា UNIDO កំពុងតែ​អនុវត្ត​គម្រោង​មួយចំនួន​ទៀត​ផង​ដែរ​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម រួមមាន​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ខ្សែ​សង្វាក់​តម្លៃ​កសិកម្ម គម្រោង​កាត់បន្ថយ​ជាតិ​កាបូន គម្រោង​ជលផល CaPFish ដែល​នឹង​ធ្វើ​ការ​ពង្រឹង​លើ​ប្រព័ន្ធ​គុណភាព អនាម័យ និង​ភូតគាម​អនាម័យ​នៅក្នុង​វិស័យ​ជល​វប្បកម្ម និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣​។

ជា​កិច្ច​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ UNIDO ដែល​បាន​សហការ​គ្នា​ល្អ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ជាពិសេស​តាមរយៈ​គម្រោង​មួយចំនួន​ដែល​ស្ថាប័ន​ទាំងពីរ​បាន​អនុវត្ត​រួមគ្នា​។ លោក រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​កិច្ចសហការ​នៅក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ជាពិសេស​លើ​ជំពូក​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក ដែល​ជា​គោលដៅ​អាទិភាព​មួយ​របស់​ក្រសួងពាណិជ្ជកម្ម ជាពិសេស​ការ​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការ​ទាញ​យក​ផល​ចំណេញ​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​ថ្មី និង​មិនមាន​ព្រំដែន​។

នៅក្នុង​ការងារ​ពាណិជ្ជ​កម្ម​តាម​អេឡិចត្រូនិក​នេះ លោក​ក៏បាន​ជម្រាប​ជូន​ផង​ដែរ​ថា លោក​បាន​ស្វះស្វែង​ជួប​ជាមួយ​ប្រតិបត្តិករ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​មួយចំនួន​រួចហើយ​ដែរ ដើម្បី​ឲ្យ​គេ​មក​សិក្សា និង​ជួយ​រៀបចំ​ប្រព័ន្ធ Ecosystem សម្រាប់​វិស័យ​នេះ​នៅ​កម្ពុជា​។ ក្រៅពីនោះ​ផង​ដែរ លោក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​ស្នើ​សុំ​ឲ្យ UNIDO បន្ត​គាំទ្រ​លើ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិច​ខ្ចប់ អភិវឌ្ឍន៍​សមត្ថភាព និង​ជំរុញ​ការ​កែច្នៃ ដើម្បី​បង្កើត​តម្លៃបន្ថែម​សម្រាប់​នាំចេញ​។ ចំពោះ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា កម្ពុជា​បាន​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កម្មន្ដសាល​ធុន​ស្រាល ជាពិសេស​ការផលិត​ផ្នែក និង​គ្រឿងផ្សំ​រថយន្ត និង​គ្រឿងផ្សំ​ដទៃទៀត​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ព្រំដែន ដើម្បី​នាំចេញ​ទៅ​ប្រទេសជិតខាង​ដែលមាន​រោងចក្រ​ផ្សំផ្គុំ​ផលិតផល​សម្រេច​។



នៅក្នុង​ជំនួប​នោះ​ដែរ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បាន​កោតសរសើរ UNIDO ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​បាន​ស្នើ​សុំ​ឲ្យ UNIDO ជួប​បន្ថែម​ទៀត​នៅក្នុង​ការជំរុញ​ការ​កែច្នៃ​ផលិតផល​ជលផល​សមុទ្រ និង​បណ្ដុះបណ្ដាល​ជល​វប្បកម្ម មិន​ត្រឹមតែ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​សំដៅ​ដល់​ការនាំចេញ​បន្ថែមទៀត​។

ជាមួយ​នោះ​ផង​ដែរ លោក រដ្ឋមន្ត្រី​កសិកម្ម ក៏បាន​ស្នើ​សុំ​ឲ្យ UNIDO សិក្សា និង​ពង្រឹង​ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​សក្ដានុពល​សម្រាប់​នាំចេញ ជាពិសេស​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​មួយចំនួន ដូចជា​អង្ករ ពោត ស្វាយ និង​រុក្ខផល​ដទៃទៀត ដែល​កម្ពុជា​មានលទ្ធភាព​ផលិត ប៉ុន្តែ​មិនទាន់​អាច​នាំចេញ​បាន​។

លោក លី យ៉ុង បាន​ឯកភាព​លើ​ការ​លើកឡើង និង​គំនិត​ផ្ដួចផ្ដើម ដែល​សុទ្ធតែជា​ចំណុច​ល្អៗ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅ​កម្ពុជា​។ លោក​អគ្គលេខាធិការ បាន​ទទួលយក​សំណើ​របស់​លោក​រដ្ឋ​មន្ត្រី​ទាំងពីរ​រូប និង​សន្យា​ថា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ទាំងពីរ​ឲ្យ​កាន់តែ​ស្អិតរមួត​បន្ថែម​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu