កំពង់ចាម ៖ បុរសអ្នកលក់ស្បែកជើងតាមរ៉ឺម៉ក ម្នាក់ បានបាត់ខ្លួនមួយយប់ ព្រឹកឡើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងស្រះទឹករបស់ឈ្មោះជូ ស៊ីម អាយុ69ឆ្នាំ ភេទប្រុសនៅភូមិស្រង៉ែត្បូង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បង្កអោយមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី24 ខែសីហាឆ្នាំ2018។
ប៉ូលិសបានអោយដឹងថា ក្រោយពីបានទទួលព័ត៌មានភ្លាម ប៉ុស្តិ៍រដ្ឋបាលសហការជាមួយជំនាញស្រុក ពេទ្យមណ្ឌលឃុំ និងលោកមេឃុំមេភូមិ ចុះដល់កន្លែងកើតហេតុបង្កើតគណៈកម្មការចម្រុះស្រាវជ្រាវពិនិត្យលើសពឈ្មោះ ម៉េង ម៉េត ភេទប្រុស អាយុ36ឆ្នាំ មុខរបរបើកបររ៉ឺម៉កដឹកស្បែក ជើងដើរលក់ រស់នៅភូមិចំបក់សង្កាត់ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយមកស្នាក់នៅជាមួយប្រពន្ធ ឈ្មោះ ឃឹម ពូល អាយុ40ឆ្នាំ លក់ស្បែកជើងមុខរោងចក្រសាន់ស៊ូហ្គាមិនភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមការពិនិត្យសពជនរងគ្រោះឃើញថា សពពុំមានស្លាកស្នាម អ្វីគួរអោយកត់សំគាល់ឡើយ។ ប៉ូលិសបានបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវនៅកន្លែងកើតហេតុជំនាញ និងគ្រូពេទ្យសន្និដ្ឋានបានថា ៖ ការស្លាប់របស់ឈ្មោះម៉េងម៉េតនេះ ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ គឺពិតជាស្លាប់ដោយលង់ទឹកស្រះប្រាកដមែន។
ប្រភពព័ត៌មាន ពីក្រុមគ្រួសាររបស់ជនរងគ្រោះ បានអោយដឹងថា ឈ្មោះ ម៉េង ម៉េត ផឹកស្រាស្រវឹងជាប្រចាំបណ្តាលអោយមានសតិបញ្ញាអន់ថយតែងតែដើរវង្វេង ហើយដើរធ្លាក់ចូលទឹកស្រះខាងលើលង់ស្លាប់ប្រហែលចន្លោះពីម៉ោង02ទៅ03យប់នេះតែម្តង។
ក្រោយពីគណៈកម្មការចម្រុះពិនិត្យសាកសពរួចរាល់ហើយបានប្រគល់ សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments