ភ្នំពេញ ៖ ពិធីការិនីស្រីកញ្ញា សូ ដានីតា ថ្មីៗនេះ បានបញ្ចេញប្រតិកម្មលើតារាសម្តែងល្បីឈ្មោះរបស់ប្រទេសថៃលោក វៀរ សុគុលឡាវ៉ាត់ ដែលកន្លងមកនេះ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីមួយ។ ប៉ុន្តែតារាប្រុសរូបនេះបែរជាធ្វើឲ្យអ្នកគាំទ្រអន់ចិត្ត និងរិះគន់ចំពោះអត្តចរិត និងឫកពាឆ្មើងឆ្មៃពីសំណាក់លោក វៀរ សុគុលឡាវ៉ាត់ ដោយ ហាក់ពុំសូវផ្តល់តម្លៃអ្នកគាំទ្រនៅខ្មែរឡើយ។
ស្របពេលមានការរិះគន់និងសម្តែងការអន់ចិត្តពីទស្សនិកជនខ្មែរលើតារាប្រុស វៀរ សុគុលឡាវ៉ាត់ នេះដែរ ភ្លាមៗនោះ ស្រាប់តែតារាសម្តែងស្រីរបស់ខ្មែរកញ្ញា សូ ដានីតា បានប្រតិកម្មតាមរយៈការស្នើរឲ្យទស្សនិកជនខ្មែរត្រូវបញ្ឈប់ការគាំទ្រលើតារារូបនេះ។ ម្យ៉ាងទៀតនាងក៏បានចាត់ទុកថាជាករណីខុសឆ្គងខ្លាំងមកលើប្រជាពលរដ្ឋខ្មែរដែលខំគាំទ្រ។
កញ្ញា សូ ដានីតា បានលើកឡើងក្នុងសំណេររបស់ខ្លួនថា យើងជាជនជាតិខ្មែរខំគាំទ្រ តារាថៃ ជនជាតិយើងជាខ្មែរ មិនថាអ្នករកស៊ី ឬតារាមិនថាគេឬខ្ញុំស្គាល់តួថៃសឹងគ្រប់តួ តែតួថៃ និងជនជាតិថៃស្គាល់តារាខ្មែរមិនចង់ច្បាស់ផងសូម្បីតែម្នាក់ ហើយនេះឃើញ …?គ្រាន់តែដឹងថាតួថៃគេមក គឺនាំទៅរង់ចាំទទួលអោយរហង់ តែទីបំផុតគឺតួថៃធ្វើចរិតអញ្ចឹង។
ស្រីស្រស់កញ្ញា សូ ដានីតា បន្តទៀតថា តួថៃរូបនោះ បានដើរគេច ទទួលបាច់ផ្កាក៏មិនមើលមុខអ្នកអោយ ថតក៏មិនចង់អោយថត ចេញមកហើយ គេចអ្នកគាំទ្រ ដើរចូលក្នុងវិញ។ ហ៊ឺល្មមដឹងខ្លួនហើយបងប្អូនមិនមែនមិនអោយគាំទ្រតួគេទេ តែកុំអោយគេមើលងាយទឹកចិត្តយើងទៀត មិនខ្វះទេតួខ្មែរយើងជាច្រើន។
កញ្ញា សូ ដានីតា លើកឡើងទៀតថា តួជនជាតិខ្មែរយើង ទោះហត់យ៉ាងណាក៏តួខ្មែរយើង មិនដែលធ្វើចរិត ដូចលោក វៀរ នឹងដែរឈប់ទៅកុំអោយរវល់ទៀត ពេលលោកហ្នឹងមកម្តងទៀតយើងកុំទៅមើលកុំគាំទ្រប្រហែលដឹងខ្លួនខ្លះ។ សុំទោសខ្ញុំមិនស្អប់តួថៃឬជនជាតិថៃទេ ព្រោះខ្ញុំក៏អាចនិយាយភាសាថៃបានច្រើនដែរ តែខ្ញុំសុំនិយាយនេះ ចំពោះតួថៃ តួបរទេសរូបណា ដែលធ្វើចរិតបែបនេះ។ពិធីការិនីស្រីកញ្ញា សូ ដានីតា បានបន្ថែមថាខំតែចូលចិត្តមើលតួម្នាក់ហ្នឹងសម្តែង ឥឡូវខ្ញុំឈប់មើលតួម្នាក់ហ្នឹងហើយ ព្រោះខ្ញុំឈឺចាប់ជំនួសជនជាតិខ្ញុំដែលខំស្រលាញ់គាំទ្រលោក វៀរ ដែលជាជនជាតិថៃហើយមកប្រទេសគេ ធ្វើចរិតដាក់ហ្វេនឆ្លងប្រទេសបែបនេះ មើលវីដេអូ រឹតតែលែងគាំទ្រ។
ដោយឡែកស្របពេលដែលមានការរិះគន់និងចុះផ្សាយនៅលើបណ្តាសារព័ត៌មាននេះដែរ ក៏ស្រាប់តែមានម្ចាស់Account Facebook មួយបានចេញមុខឆ្លើយតបក្នុងន័យការពារតារាប្រុសថៃរូបនោះថាការពិតមិនដូចអ្វីដែលបាននិយាយ និងរិះគន់មួយចំនួនពីសំណាក់ទស្សនិកជននោះឡើយ ពោលគឺអំឡុងពេលមកដល់ភ្លាមគឺលោក វៀរ សុគុលឡាវ៉ាត់ បានបង្ហាញអាកប្បកិរិយាស្វាគមន៍ដោយទឹកមុខរីករាយធម្មតា។
ផ្អែកតាមការបកស្រាយរបស់ម្ចាស់Account Facebook មានឈ្មោះថា Ma drama បានបញ្ជាក់ថា ថ្ងៃគាត់មកដល់Airportភ្លាម គាត់បានសើចហើយលើកដៃស្វាគមន៍FanFanកម្ពុជាយើងចំណែកៗរឿងគាត់បានដើរចូលក្នុងវិញនោះ គឺអ្នក រៀបចំបានប្រាប់ឲ្យគាត់ចាំនៅក្នុងសិនទៅ ព្រោះឡានមិនទាន់មកទទួលនៅកន្លែងចតឯនោះ គាត់ក៏បានប្រាប់ថាមិនអីទេចម្ងាយហ្នឹងគាត់អាចដើរទៅខ្លួនឯងបាន នៅពេលហ្នឹងគេសុទ្ធតែដឹងគ្រប់គ្នា ហើយក៏គ្មាននរណាក្តៅក្រហាយដែរ។ រីឯអ្នកថាទឹកមុខគាត់មិនសូវញញឹមព្រោះភ្នែកគាត់ចាញ់ពន្លឺថ្ងៃ គាត់មិនបានពាក់វ៉ែនតាទេ៕
Source: Kampuchea Thmey Daily
0 Comments