កែប ៖ លោកឧត្តមសេនីយ៍ត្រី បែន តារា ដែលជាស្នងការរងនគរបាលខេត្តព្រះសីហនុ ត្រូវបានប្រកាសតែងតាំង ជាស្នងការនគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ដែលបានផ្លាស់ទៅកាន់ជាប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៨នេះ ដោយបានប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងខេត្ត ព្រះសីហនុ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាព លោកនាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងប្រធាននាយកដ្ឋានបុគ្គលិក តំណាងអោយលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដែលមានការអញ្ជើញរួមពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមន្ត្រីរាជការក្រោមឱវាទយ៉ាងច្រើន ជាច្រើនរូបទៀត។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល ក្នុងឱកាសនោះ បានជំរុញអោយស្នងការនគរបាលខេត្តកែប ទើបប្រកាសថ្មីត្រូវសិក្សា ស្វែងយល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោម ថាតើកងកម្លាំងចង់បានអ្វី ហើយចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនវិញដែរ ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន និង បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសន៍ថា "មន្ត្រីនគរបាលខេត្តរកែបទាំងអស់ ត្រូវសាមគ្គីផ្ទៃក្នុង និងបញ្ចៀសឲ្យបានពីការប្រកាន់បក្ខពួកនិយម នៅក្នុងអង្គភាព និងត្រូវរួមគ្នាធ្វើការបម្រើប្រជាពលរដ្ឋ"។
គួរបញ្ជាក់ថា ការប្រកាសចូលកាន់តំណែងជាស្នងការ របស់លោក ឧត្តមសេនីយ៍បែន តារា នេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល អតីតជាស្នងការខេត្តកែប បានផ្លាស់ទៅកាន់តំណែង ជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃវិញ៕
Source: Kampuchea Thmey Daily
0 Comments