បាត់ដំបង ៖ បុរសកំសត់ម្នាក់ បានដាច់ចិត្តធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួនដោយសារតែទាល់គំនិត គិតខ្លីលែងចង់រស់ ប្រហែលជាគេគិតថា រស់នៅក៏គ្មានន័យ បន្ទាប់ពីត្រូវប្រពន្ធចុះចោល អស់មួយរយៈរួចមក។
ការភ្ញាក់ផ្អើលនេះ បានកើតឡើង នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៨ វេលាម៉ោង ៨និង ៣០ នាទី ព្រឹក ត្រង់ចំណុចក្រុមទី ២៦ ភូមិ បវេល២ ឃុំ បវេល ស្រុក បវេល ដោយសារតែមានករណីចងក ធ្វើអត្តឃាតមួយបានកើតឡើង នៅក្នុងរោងគោ ខាងក្រោយផ្ទះប្រហែល ២៥ ម៉ែត្រ។
តាមប្រភពមួយចំនួនបាននិយាយថា មួយរយៈកន្លងមកនេះ ជនរងគ្រោះដែលមាន ឈ្មោះ ផន សុផាត ភេទ ប្រុស អាយុ ៣៧ ឆ្នាំរស់នៅត្រង់ចំណុចខាងលើ ហាក់ដូចជាមិនសូវមានការសប្បាយចិត្តទាល់តែសោះ ដោយសារតែគេមានការខូចចិត្តនឹងប្រពន្ធរត់ចោល។
ប្រភពដដែលបានបន្តថា លុះនៅព្រឹកកើតហេតុ ស្រាប់តែគេបានឃើញជនរងគ្រោះបានសម្លាប់ខ្លួនទៅហើយ ដោយគេបានចង កទៅនឹងធ្នឹមរោងគោ ខាងក្រោយផ្ទះ ទើបបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ។
នៅទីនោះដែរ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា គេអាចមានការខូចចិត្ត ទើបធ្វើអត្តឃាតដោយគេបានប្រើប្រាស់ខ្សែសម្រាប់ចងស្បែកជើង យកទៅចង ករបស់ខ្លួន និងគ្មានពាក់ព័ន្ធទៅនឹងអំពើឃាតកម្មណាមួយឡើយ ហើយបច្ចុប្បន្ននេះសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយ៕
Source: Kampuchea Thmey Daily
0 Comments