Ad Code

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៖ មន្ត្រីៗ​លើកឡើង ​ពី​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះមហាវីរក្សត្រ ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ ដោយ​មិន​បង្ហូរ​ឈាម​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នេះ​ជា​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​លើក​ទី​៦២ ហើយ​ពិធី​នេះ បាន​រៀបចំ​ នៅ​វិមានឯករាជ្យ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​កងកម្លាំងប្រដាប់អាវុធ​យ៉ាង​ច្រើន។


ថ្នាក់ដឹកនាំ​សំខាន់ៗ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ រួមមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ នៃ​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធ​សភា សមាជិក​រដ្ឋសភា និង​នាម៉ឺន​សព្វ​មុខមន្ត្រី​ព្រមទាំង​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​ផ្សេងទៀត​។ ៩ វិច្ឆិកា ខួប​លើក​ទី​៦២ នា​ឆ្នាំនេះ ត្រូវ​បាន​រៀបចំឡើង​យ៉ាង​អធិកអធម នៅ​វិមាន​ឯក​រាជ្យ ដោយមាន​ការ​តាំង​លំអ​នូវ​បដា ពាក្យស្លោក ព្រមទាំង​ទង់ជាតិ នៅ​តាម​ផ្លូវ និង​មុខ​មន្ទីរ ក្រសួង ស្ថាប័នរដ្ឋ​ផង​ដែរ។


ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយ​ចំនួន ក៏​បាន​មានប្រសាសន៍​ទៅកាន់​អ្នកសារព័ត៌មាន​អំពី​ស្នា​ព្រះ​ហត្ថ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង និង​បាន​បញ្ជាក់​ថា ស្នា​ព្រះហស្ថ​ពិសេស​ថ្លៃថ្លា​របស់​ព្រះមហាវីរក្សត្រ គឺ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​ដោយ​មិនបាន​បង្ហូរ​ឈាម ហើយ​ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​សំខាន់​ណាស់ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញ​បរិបូរណ៍​នៅ​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា ឆ្នាំ​១៩៥៣ ក្រោម​ស្នា​ព្រះ​ហត្ថ​របស់​ព្រះ​មហាវីរក្សត្រ ហើយ​នៅ​ទីកន្លែង​ណា​ក៏​ដោយ តែងតែ​នឹកឃើញ​អំពី​គុណូបការៈ និង​ស្នា​ព្រះ​ហត្ថ​ដ៏​ធំធេង​នេះ​។​


លោក​អៀង ម៉ូ​លី ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ​បាន​មានប្រសាសន៍​ទៅកាន់​អ្នក​សារ​ព័ត៌មាន​ខណៈ​អញ្ជើញ​ចូលរួម​ពិធី​នោះ​ថា នេះ​គឺជា​ស្នា​ព្រះហត្ថ​ដ៏​ធំធេង​របស់​ព្រះ​បរម​រតន​កោដ្ឋ ពីព្រោះ​ការ​ទាមទារ​ឯករាជ្យ​មិនមែន​ជា​ការ​ស្រួល​ទេ​។ ទោះជា​បែបនេះ​ក្តី​ព្រះអង្គ​បាន​ទាមទារ​ឯក​រាជ្យ​ពី​បារាំង​ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម​ឡើយ ហើយ​ក៏បាន​ធ្វើជា​សម្ព័ន្ធ​មិត្ត​ជាមួយ​បារាំង កសាង​ប្រទេស​បាន​សុខ សន្តិភាព​ទៀត​ផង​។ លោក​បញ្ជាក់​ថា អ្វី​ដែល​ពិសេស​មួយទៀត គឺ​នៅ​ពេល​ទាមទារ​បាន​ឯករាជ្យ ព្រះអង្គ​បាន​ផ្ទេរ​រាជសម្បត្តិ​ទៅ​ព្រះវររាជបិតា​របស់​ព្រះអង្គ ដែល​ករណី​នេះ​ពុំ​ដែល​ឃើញ​ក្នុង​ប្រវត្តិសាស្ត្រ។


ចំណែក​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍​ដែរ​ថា ព្រឹត្តិការណ៍​នេះ គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​។ លោក​បន្ត​ថា ជា​ការ​ពិតហើយ ឯករាជ្យ​ជាតិ ពិត​ជា​មាន​អត្ថន័យ​សម្រាប់​ប្រទេសជាតិ​មួយ ដែល​ធ្លាប់​រង​នូវ​ការគ្រប់គ្រង​ពី​បរទេស អាណានិគមនិយម​ដែល​បាន​ដាក់​នឹម​ត្រួតត្រា​នៅ​លើ​កម្ពុជា ពីព្រោះ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​សិទ្ធិ​ស្វ័យ​សម្រេច ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ការពារ​សិទ្ធិ សេរីភាព រួម​ជាមួយ​នឹង​ការ​មាន​សិទ្ធិ​នៅ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ តាម​បំណង​ប្រាថ្នា​របស់​ខ្លួន។


លោកប៉ា សុជាតិ​វង្ស បញ្ជាក់​ថា ទិវា​នេះ​ពិត​ជា​មាន​អត្ថន័យ​ណាស់ ហើយ​យើង​តែង​តែបាន​ផ្សារភ្ជាប់​ទិវា​ឯករាជ្យ​ជាតិ​នេះ ទៅ​និង​ស្នា​ព្រះ​ហត្ថ​របស់​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​ពលិកម្ម​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​នេះ ឥឡូវនេះ គឺ​មានតែ​ប្រជាពលរដ្ឋ​ខិតខំ​ប្តេជ្ញាចិត្ត ដើម្បី​ការពារ​ឯករាជ្យ​ជាតិ ក៏​មានន័យថា ដើម្បី​ការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស​តទៅ​អនាគត​ទៀត។


ដោយឡែក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា គឺ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​នេះ ដើម្បី​រម្លឹក​នូវ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​។ នាយ​ឧត្ដមសេនីយ៍​បន្ត​ថា ការ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​សំខាន់​ណាស់​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​ឯករាជ្យ​ពេញ​បរិបូរណ៍​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ហើយ​យើង​ទាំង​អស់​គ្នា​ទៅ​នៅ​ទីកន្លែង​ណា​ក៏​ដោយ តែងតែ​នឹង​ឃើញ​អំពី​គុណូបការៈ និង​ស្នា​ព្រះ​ហត្ថ​ដ៏​ធំធេង​របស់​ព្រះ​បរម​រតន​កោដ្ឋ​៕


 



ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៖ មន្ត្រីៗ​លើកឡើង ​ពី​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះមហាវីរក្សត្រ ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ ដោយ​មិន​បង្ហូរ​ឈាម​

Post a Comment

0 Comments

Close Menu