Ad Code

មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បេ​រូត​

ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​ពីរ​នៅ​តំបន់ Burj al-Barajneh ភាគ​ខាង​ត្បូង​ជាយក្រុង​បេ​រូត​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤៣ នាក់​បាន​ស្លាប់​។ ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង ខណៈ​ដែល​កាកបាទក្រហម​របស់​ប្រទេស​លី​បង់​បាន​ដាក់​ចំ​នួន​នៃ​អ្នក​រង​របួស​ជាង ២០០ នាក់​។​



ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។ ក្រុម IS​បាន​អះ​អាង​នៅ​លើ Twitter ថា ភ្នាក់ងារ​របស់​ពួកគេ​បាន​បំផ្ទុះ​គ្រាប់បែក​នៅពេល​ជិះ​កង់​នៅ​ពាក់​កណ្តាលផ្លូវ​ក្នុង​ជាយ​ក្រុង​បេ​រូត​។​



របាយការណ៍​របស់ AFP បាន​លើក​ឡើង​ថា ការ​ផ្ទុះ​លើកទីមួយ​បាន​កើត​ឡើង​នៅ​ខាងក្រៅ​វិហារ​ឥ​ស្លាម​របស់​ពួក​និកាយ​ស៊ី​អ៊ី​ត ខណៈ​ដែល​ការវាយប្រហារ​មួយទៀត​បាន​កើត​ឡើង​នៅក្នុង​ហាង​លក់​នំ​មួយ​កន្លែង​នៅ​ក្បែរ​នោះ​មុន​ម៉ោង ៦ ល្ងាច​។ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​ពាក់​អាវកាក់​ផ្ទុក​គ្រឿ​ង​ផ្ទុះ។​



គ្រាប់បែក​លើក​ទី​ពីរ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផ្ទុះឡើង៧​នាទី​ក្រោយមក នៅ​ពេល​ដែល​អ្នក​ឆ្លង​កាត់​បាន​ព្យាយាម​ជួយ​ដល់​អ្នក​រងរបួស នៅក្នុង​ហេតុការណ៍​ផ្ទុះ​លើកដំបូង​។​



អ្នក​វាយប្រហារ​លើក​ទី​បី​ត្រូវ​បាន​គេ​សម្លាប់​មុន​ពេល​ដែល​រូបគេ​បាន​ព្យាយាម​បំផ្ទុះ​ខ្លួនឯង​។



បន្ទាប់ពី​ការវាយប្រហារ មន្ទីរពេទ្យ​នៅក្នុង​ភាគ​ខាង​ត្បូង​ទីក្រុង​បេ​រូត បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​ដើម្បី​បរិច្ចាគ​ឈាម ដោយសារតែ​ចំនួន​នៃ​ជនរងគ្រោះ​មាន​ច្រើន​ក្រាស់ក្រែល​ពេក​។​



ប្រជាជន​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​ចាក​ចេញពី​តំបន់​នោះ ដោយសារតែ​វត្តមាន​របស់​ពួកគេ​បាន​រារាំង​រថយន្ត​សង្គ្រោះ​មិន​ឲ្យ​យក​អ្នក​រង​របួស​ទៅកាន់​មន្ទីរពេទ្យ​។ ទោះបីជា​យ៉ាងណាក៏ដោយ​មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​វាយ​ប្រហារ​ផ្សេងទៀត​ណាមួយ​បាន​កើត​ឡើង​នោះ​ទេ​។​



លោកនាយក​រដ្ឋមន្ត្រី​លី​បង់ Tammam Salam បាន​ប្រកាស​ថ្ងៃ​នៃ​ការ​កាន់ទុក្ខ​ជាតិ​នៅ​ថ្ងៃ​សុក្រ​ ទី​១៣ ខែវិច្ឆិកា​។​



គួរ​បញ្ជាក់​ថា ប្រទេស​លី​បង់​បាន​រង​ការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើនលើក​នៅ​ឆ្នាំនេះ​ដែល​បាន​សម្លាប់​មនុ​ស្ស​រាប់​សិប​នាក់​។ ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ចុងក្រោយ​បំផុត​បាន​កើតឡើង​នៅក្នុង​ទីក្រុង Arsal ដែល​ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​ស៊ី​រី​។ បើ​យោង​តាម​ទីភ្នាក់ងារ​ជាតិ​បាន​ឲ្យ​ដឹង​ថា គ្រាប់បែក​នោះ​ត្រូវ​បាន​គេ​លាក់​នៅក្នុង​ម៉ូតូ​មួយ​គ្រឿង ហើយ​បាន​សម្លាប់​មនុស្ស​ចំនួន៦នាក់​៕


RT




មនុស្ស​ជាង​៤០​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បេ​រូត​

Post a Comment

0 Comments

Close Menu