ភ្នំពេញ ៖ នេះជាការថ្លែងឡើងរបស់លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅសាលសវនាការរបស់តុលាការខ្មែរក្រហមនៅអំឡុងពេលជួបសំណេះសំណាល និងផ្សព្វផ្សាយពីសមិទ្ធផលការងាររបស់តុលាការ ដោយមានសាធារណជនប្រមាណ៣០០ នាក់មកពីខេត្តកំពតបានចូលរួមក្នុងពិធីនេះ។
លោកក្រាញ់ តូនី មានប្រសាសន៍ថា “ក្នុងចំណោមសាធារណជនប្រមាណកន្លះលាននាក់បានទទួលព័ត៌ មានដោយផ្ទាល់ពីសាលាក្តីខ្មែរក្រហម តាមរយៈសកម្មភាពផ្សព្វផ្សាយរបស់តុលាការក្នុងនោះ សាធារណជន៣១៥៧៥៦ នាក់ រាប់ពីប្រជាពលរដ្ឋធម្មតា រហូតដល់មន្ត្រីការទូតបានមកចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ពីតុលាការ និងចូលរួមទស្សនាដំណើរការជំនុំជម្រះក្តី និងចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្សេងៗទៀត។ ចំណែកប្រជាជនជាង៦៨ ៣៨៨ នាក់ផ្សេងទៀតបានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ នៅតាមមូលដ្ឋាននានារួមបញ្ចូលទាំងការចាក់បញ្ចាំង ភាពយន្តឯកសារក្រោមកម្មវិធី “រាត្រីនៃការចងចាំ។
ប្រធានការិយាល័យរដ្ឋបាលស្តីទីរូបនេះបានបន្ថែមថា “សិស្សានុសិស្ស និស្សិតចំនួន៨៩ ៨៣០ នាក់នៅ តាមវិទ្យាល័យនិងសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាបានស្តាប់ការធ្វើបទបង្ហាញពីសំណាក់មន្ត្រីតុលាការ ដែលចំណេះដឹងព័ត៌មានដែលផ្តល់នេះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹង ការយល់ដឹងរបស់សាធារណជន និងសិស្សនិស្សិតពីប្រវត្តិសាស្ត្រ និងដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម”។ លោកបានបន្តថា “ប្រជាជនកម្ពុជាទាំងប្រុសស្រីបានធ្វើដំណើរពីគ្រប់ទិសទីនៃប្រទេសកម្ពុជា រួមទាំងបងប្អូនជនជាតិដើមភាគតិចផងដែរបានមកស្វែងយល់ពីដំណើរការរបស់សាលាក្តីខ្មែរក្រហមនេះ។ បន្ទាប់ពីវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ បងប្អូនប្រជាពលរដ្ឋទាំងនោះបានផ្ទេរនូវចំណេះដឹងព័ត៌មានផ្សេងៗដែលទទួលបាននៅអំឡុងពេលមកទស្សនា សាលាក្តីខ្មែរក្រហមជូនដល់ប្រជាជនដទៃទៀត នៅក្នុងសហគមន៍របស់ពួកគាត់។
យោងតាមការស្ទង់មតិកន្លងទៅប្រជាជនកម្ពុជាយល់ឃើញថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចូលរួមវិភាគទានក្នុងដំណើរការផ្សះផ្សាជាតិការកសាងនូវទំនុកចិត្តឡើងវិញនៅក្នុងប្រទេសកម្ពុជានិងបានជះឥទ្ធិពលល្អដល់ជនរងគ្រោះនៃរបបខ្មែរក្រហម និងក្រុមគ្រួសាររបស់ពួកគេ។ ទាំងនេះបញ្ជាក់ថា ប្រជាជនកម្ពុជាជឿជាក់ថា អង្គជំនុំជម្រះវិសាមញ្ញនឹងផ្តល់ផល ប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល”។ សាលាក្តីខ្មែរក្រហមបានបើកទ្វារដំណើរការដំបូង នៅដើមខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកទល់ឆ្នាំ២០១៥ នេះ តុលាការនេះ មានអាយុជិត៩ ឆ្នាំហើយ។
ក្នុងរយៈពេលនេះ តុលាការចម្រុះ កម្ពុជា-អង្គការសហប្រជាជាតិនេះ បានបំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរស្វែងរកការពិត និងយុត្តិធម៌ ជូនប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាជូនដល់មនុស្សជាតិទាំងមូល ជាពិសេសជនរងគ្រោះដោយរបបខ្មែរក្រហម។ លោក ក្រាញ់ តូនី បានគូសបញ្ជាក់ថា រហូតមកទល់នឹងចុងឆ្នាំ២០១៥ នេះ សមិទ្ធផលជាច្រើនត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រេចបានក្នុងនោះរួមមានការបិទបញ្ចប់សំណុំរឿង០០១ ប្រឆាំងនឹងអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ការប្រកាសសាលក្រមលើសំណុំរឿង០០២/០១ និងការបន្តសវនា ការលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន។
លោក ក្រាញ់ តូនី បានលើកឡើងថា នៅក្នុងដំណើរការរបស់ខ្លួនរយៈពេលជិត៩ ឆ្នាំមកនេះ បើប្រៀបធៀបនឹងតុលាការអន្តរជាតិដទៃទៀត សាលាក្តីខ្មែរក្រហមត្រូវបានគេស្គាល់ថា ជាតុលាការដែលដំណើរ ការលឿន ចំណាយថវិកាតិច គ្មានការរត់គេចខ្លួនរបស់ជនសង្ស័យដែលត្រូវចាប់ខ្លួនមកជំនុំជម្រះក្តី និងជាតុលាការ ដែលធ្វើការជំនុំជម្រះក្តីលើសំណុំរឿងសំខាន់នៅលើសកលលោកបន្ទាប់ពីការជំនុំជម្រះក្តីនៅតុលាការ ន័ររឹមប៊ែរ លើក្រុមណាស៊ីក្នុងប្រទេសអាល្លឺម៉ង់ ដោយធ្វើការជំនុំជម្រះក្តីទៅលើបណ្តុំនៃមេដឹកនាំនៃរបបមួយរួមមានប្រមុខរដ្ឋ ប្រធានរដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃរបបខ្មែរក្រហម។ សាលាក្តីខ្មែរក្រហមបានអនុញ្ញាតឱ្យជនរងគ្រោះ ចូលរួមក្នុងដំណើរការនីតិវិធីក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីដោយគ្មានលក្ខខ័ណ្ឌ និងជាតុលាការ ដែលមានការ ចូលរួមគាំទ្រពីសាធារណជនយ៉ាងច្រើនលើសលុប។
ជាមួយគ្នានេះ លោកប្រធានរដ្ឋបាលស្តីទី បានលើកឡើងពីការបន្សល់ទុកនូវកេរដំណែលល្អៗជាច្រើន របស់សាលាក្តីខ្មែរក្រហម រួមមាន ១-ការកសាងសមត្ថភាពរបស់មន្ត្រីជាតិ ២-ពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា តាមរយៈការដំណើរការសវនាការប្រកបដោយគំរូយុត្តិធម៌និងការជំនុំជម្រះក្តីដែលស្របតាមស្តង់ដារអន្តរជាតិ ៣-អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបន្សល់ទុកនូវកេរដំណែលដ៏ល្អសម្រាប់ប្រព័ន្ធតុលាការថ្នាក់ជាតិនោះ គឺគោលគំនិតនៃរដ្ឋបាលតុលាការ»ដែលបច្ចុប្បន្ននេះកំពុងត្រូវបានបញ្ចូលទៅក្នុងតុលាការថ្នាក់ជាតិហើយក៏ត្រូវបានបញ្ចូលទៅក្នុងច្បាប់ថ្មីៗទាក់ទងនឹងការរៀបចំប្រព្រឹត្តទៅនៃតុលាការជាតិ ក៏ដូចជានៅក្របខណ្ឌនៃដំណើរការ កំណែទម្រង់ច្បាប់ និងយុត្តិធម៌របស់រាជរដ្ឋាភិបាលផងដែរ។ នៅក្នុងពិធីផ្សព្វផ្សាយនោះ អ្នកចូលរួមក៏មានឱកាសក្នុងការចោទសំណួរជាច្រើនទៅកាន់ថ្នាក់ដឹកនាំរបស់ តុលាការទាក់ទងនឹងការប្រព្រឹត្តទៅរបស់សាក្តីខ្មែរក្រហម។
លោក ក្រាញ់ តូនី ក៏បានចែកសៀវភៅសាលដីកាស្ថាពរ ក្នុងសំណុំរឿង០០១ និងសាលក្រមសំណុំរឿង០០២/០១ ជូនដល់សាធារណជនដែលបានចូលរួមដែរ។ លោក ក្រាញ់ តូនី បានគូសបញ្ជាក់ប្រាប់សាធារណជនថា ទោះបីជាលោក នួន ជា និងលោក ខៀវ សំផន ត្រូវបានអង្គជំនុំ ជម្រះសាលាដំបូងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ ប៉ុន្តែនៅតែសន្មតថា “គ្មានទោស” នៅឡើយ ដោយរង់ចាំការសម្រេចចុងក្រោយពីអង្គជំនុំជម្រះតុលាការកំពូលលើបណ្តឹងសាទុក្ខជំទាស់សាលក្រមសំណុំរឿង០០២/០១ ជាមុនសិន។ សវនាការលើបណ្តឹងសាទុក្ខលើសំណុំរឿង០០២/០១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧-១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ខាងមុខ៕
ប្រធានស្តីទី ៖ រយៈពេលជិត៩ឆ្នាំសាលាក្តីខ្មែរក្រហម ត្រូវបានគេស្គាល់ថា ជាតុលាការដែលដំណើរការលឿន និងចំណាយតិច
0 Comments