Ad Code

អត្ថាធិប្បាយ​ ៖​ ត្រដេវវិច​យក​ជើង​ទ្រមេឃ

អ្នក​រស់​នៅ តាម​តំបន់​ជន​បទ ជា​ពិសេស​នៅតាម​​ទី​ទំនាប​ដូច​ជា នៅតាម​ក្បែរ​មាត់​បឹង​នោះ​តែង​ធ្លាប់​​មាន​​ស្គាល់​សត្វ​ត្រដេវវិច​ច្បាស់​ណាស់​ ជា​ពិសេស​​គេ​បាន​ចំណាំ​ទៅនឹង​សំឡេង​របស់​វា​តែម្តង​ ដែល​មាន​លំនាំនឹង​ពាក្យ​ត្រដេវវិច​នេះ។ អ្វី​ដែ​ល​គេតែង​​និយាយពី​លក្ខ​ណៈ​​សម្គាល់​របស់​សត្វ​ត្រដេវវិច​​គឺ វា​ដេក​ផ្ទាល់​ដី​ ហើយ​​មាន​ការ​បះ​ជើង​​ច្រោង​ឡើង​លើ​ដែល​គេ​ហៅថា ត្រដេវវិច​ ដេក​យក​ជើង​ទ្រមេឃ។


ចំពោះ​លក្ខណៈ​នៃ​ការ​ដេក​ដោយ​យក​ជើង​ទ្រមេឃ​នៃ​សត្វ​បក្សី​ត្រដេវវិច​នេះ​ដូន​តា​បាន​បញ្ជាក់ថា ជា​សត្វ​ឆោត​ល្ងង់​ពិត​ប្រាកដ។ ដ្បិត​បើ​មេឃ​រលំ​មែន​នោះ តើ​ជើង​សត្វ​​ត្រដេវវិច​មាន​ទំហំប៉ុន​ធូប​​នោះ​អាច​​ទប់​ជាប់​​ដែរ​ឬទេ? នេះ​ហើយ​ដែល​គេហៅថា ជាសត្វ​​ឆោត​ល្ងង់​ពេញ​បន្ទុក​មែន​ហើយ។ មក​ដល់​ចំណុច​នេះ​ខ្ញុំ​នឹង​​បើក​​រង្វង់​ក្រចក​បង្ហាញ​អំពី​សត្វ​បួន​បែប​ដែល​ពាក្យ​ចាស់​ហៅថា ជាសត្វ​​ឆោត​នោះ​គឺ ទី១​ជន្លេន​ស៊ី​ដី​មិន​​ចេះ​​ឆ្អែត​​ព្រោះ​ខ្លាច​អស់​ដី​ដោយ​គេ​សម្គាល់​ឃើញ​ថា ជន្លេន​​មិន​ដែល​​មាន​ពោះ​ប៉ោង​នោះ​ឡើយ។ ទី២ សត្វ​ក្រៀល​ដើរ​តែ​ជើង​ម្ខាង​ដោយ​អង្គុយ​ជើង​ម្ខាង​​លោត​ផ្លោតៗ ព្រោះ​ខ្លាច​​ផែន​ដី​នេះ​ក្រឡាប់។ ទី៣ ស្វា​ធ្វើ​​សំបុក​ហើយ​តែ​នៅ​ពេល​​មាន​ភ្លៀង​បែរ​ជា​មិន​ចេះ​ជ្រក​គឺ វា​​មក​អង្គុយ​ឲ្យ​ទទឹក​ខ្លួន​ទៅ​វិញ។​ទី៤ សត្វ​ត្រដេវវិច​​យក​ជើង​ទ្រមេឃ​ ព្រោះ​ខ្លាច​មេឃ​រលំ​សង្កត់​​ខាន​បាន​រស់​។


ដោយឡែក​​​​សម្រាប់​ការវិភាគ​​នៃ​អត្ត​បទ​នេះ​គឺ មាន​ការ​​ទាក់​ទង​​នឹង​សត្វ​ត្រដេវវិច​ដេក​យក​ជើង​ទ្រមេឃ​​ដោយ​ខ្លាច​​ក្រែង​ ផ្ទៃ​មេឃ​ទាំង​មូល​​ធ្លាក់​មក​សង្កត់​លើ​ផែន​ដី​នេះ​បណ្តាល​​ឲ្យ​រង​គ្រោះ​មហន្ត​រាយ​ដល់​អាយុជីវិត​​ផ្ទាល់​ខ្លួន។ អ្នក​ផង​បាន​បញ្ជាក់​តាមបែប​ចំអក​ឲ្យ​សត្វ​​ត្រដេវវិច​​នេះ​ថា នេះ​ជាទង្វើ​បែប​ឆោត​​ល្ងង់​​សុទ្ធ​សាធ​​តែ​ម្តង​ ព្រោះ​​បើ​មេឃ​បានបាក់​​រលំ​​មែន​នោះ​ប្រាកដ​ជាធ្វើឲ្យ​វិនាស​អន្តរាយ​អ្វីៗ នៅ​លើ​ផែន​ដី​​នេះ​ទាំង​អស់​​ពោលគឺ មិន​មែន​ស្លាប់​​តែ​ខ្លួន​ឯង​ម្នាក់​នោះ​ទេ។ ប៉ុន្តែ​បើ​ចង់​រស់​​នៅ​​តែ​ម្នាក់​​ឯង​​ដោយ​ឲ្យ​គេស្លាប់​​ទាំង​អស់​​គ្នា​នោះ​ ក៏​ការ​រស់​​នៅ​ម្នាក់​ឯង​ពុំ​មាន​​ន័យ​អ្វី​ដែរ។


ផ្តើម​ចេញ​ពី​​ទស្សនៈ​នេះ​ដោយ​ផ្អែក​តាម​ន័យ​ប្រៀប​ធៀប​មក​មនុស្ស​​វិញ​នោះ ក៏​មានមនុស្ស​បែប​ត្រដេវវិច​​នេះ​ដែរ​។ ជាក់ស្តែង​​ដូច​ពាក្យ​​ចាស់​បាន​លើក​ឡើង​អំពី​បញ្ហា​​អំបែង​អ៊ីចឹង គឺ អំបែង​នៅ​​លើ​ភ្លើង​​មិន​ក្តៅ​​វាបែរ​ជា​​ក្តៅ​អ្វី​​ដែល​​ក្រៅ​ពី​អំពី​​បែង​ទៅវិញ​។​ កម្តៅ​​របៀប​នេះ​គេហៅថា “ក្តៅ​ជាង​អំបែង​” ដែល​​មិន​ខុស​ពី​​សត្វ​ត្រដេវវិច​ដេក​យក​ជើង​ទ្រមេឃ​នោះ​ទេ។


ជាក់ស្តែង​​ថ្មីៗ នេះ​ទន្ទឹម​​នឹង​ជោគ​ជ័យ​របស់​សម្តេច​​ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រមុខ​​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​​វៀតណាម​បាន​សម្ពោធ​ទីតាំង​បង្គោល​ព្រំដែន​នៅ​ចំណុច​អូរ​យ៉ាដាវ​ខេត្ត​រតនគិរី និង​នៅ​ចំណុច​ភ្នំ​ដិន​ខេត្ត​តាកែវ​នោះ​ ក៏​លេច​ចេញ​ពី​ការ​​ប្រឆាំង​របស់​លោក​សម រង្ស៊ី​ពី​បរទេស​មក​ដោយ​លើក​មក​អំពី​បញ្ហា​ដី​ខ្មែរ​ដែល​ទាហាន​វៀត​ណាម​កាន់កាប់​ទៅ​តំបន់​ទល់​ដែន​ ឬជា​ដី​វិនិយោគ​របស់​ក្រុម​ហ៊ុន​វៀត​ណា​ម​ក្នុងទឹក​ដី​​ខ្មែរ……។ នេះ​គឺ ជា​ការព្រួយ​បារម្ភ​ដ៏​ហួស​ហេតុ​ដែល​មិនខុស​​ពី​សត្វ​ត្រដេវវិច​ដេក​យក​ជើង​​ទ្រមេឃ​​នោះ ទេ។​ ជា​ពិសេស​​ទង្វើ​នៃ​ការ​ក្តៅ​ជាង​អំបែង​​របស់​លោក​សម រង្ស៊ី នេះ​គឺ ក្នុង​ន័យ​បង្កើន​នូវ​ទម្ងន់​របស់​ខ្លួន​តាមរយៈ​ការញុះ​ញង់​បង្ក​អរិភាព​នៃ​ការ​ប្រកាន់​ពូជសាសន៍​ទៅវិញ។


ជា​ការពិត​ណាស់​ចំពោះ​ទឹក​ដី​ខ្មែរ​តែង​ឋិត​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​រដ្ឋខ្មែរ​ពោលគឺ ​មិន​មែន​មាន​ការ​​បែង​ចែក​​តាម​បែប​ស្វយ័ត​នោះទេ។ ឧទាហរណ៍​ ដី​ក្រុម​ហ៊ុន​​វិនិយោគ​​ទាំង​​អស់​នៅ​ស្រុក​ខ្មែរ​មិន​ថា​ តែ​វៀត​ណាម​​នោះទេគឺ មាន​ចិន​ កូរ៉េ​ និង​ប្រទេស​នានា​ទៀត ដែល​គេបាន​កាន់​កាប់​ក្នុងការ​វិនិយោគ​ដោយ​មាន​លក្ខនិ្តកៈ​ ឬមាន​កិច្ច​សន្យា​ចំពោះ​មុខ​ច្បាប់​រួច​រាល់​​ហើយ​ ដោយ​មិន​មែន​​គេ​ជ្រៀត​ជ្រែក​ ច្រឹប​ដណ្តើម​យក​ទឹក​ដី​យើង​ទេ។ ​ជាក់​ស្តែង​​ជន​ជាតិ​​ខ្មែរ​យើង​​ក៏​មាន​សិទ្ធិ​ទៅទិញ​ផ្ទះ​​ ឬទិញ​ដី​​បង្ក​​​បង្កើន​ផល​នៅ​បរទេស​បាន​ដូច​គ្នា​អ៊ីចឹង​​ដែរ​ពោល​គឺ ​វា​ជារឿង​​ធម្មតា​ ដែល​ជា​ការ​​ទាក់​ទង​ចំពោះ​ច្បាប់​​ទម្លាប់​របស់​ប្រទេស​​នីមួយៗ ប៉ុណ្ណោះ។


ដូចនេះ​ចំពោះ​​ករណី​ដែល​លោក​​សម រង្ស៊ី បាន​ប្រើប្រាស់​ល្បិច​ញុះ​ញង់​តាមរយៈ​ការ​រើស​អើង​ជាតិ​សាសន៍ ​រវាង​​ជន​ជាតិ​វៀតណាម​នោះ​វា​ជា​របត់​មួយ​ដែល​​បានប្រព្រឹត្ត​​ទៅ​ជា​ធម្មតា របស់​គាត់ ទៅ​ហើយក្នុង​ការប្រឆាំង​​ដោយ​ការ​បង្ហើរ​សំឡេង​​ពី​ក្រៅ​នោះ។ ប៉ុន្តែ​ធាតុ​ពិត​​គេតែង​បាន​​ដឹងថា វាជាលក្ខណៈ​​សាមញ្ញ​ក្រៅ​ផ្លូវ​ការ​របស់​លោក​សម រង្ស៊ី ដែលបាន​​សម្តែង​​ក្នុងឆាក​ថ្ពឹន​ភ្នែក​មួយ​ហៅថា សត្វ​ត្រដេវវិច​ដេក​យក​ជើង​ទ្រមេឃ​តែ​យ៉ាង​នេះ​​ទៅហើយ។ នេះហើយ​ដែល​គេ​និយាយថា ជាសត្វ​ឆោត​ល្ងង់​នោះ៕


 



អត្ថាធិប្បាយ​ ៖​ ត្រដេវវិច​យក​ជើង​ទ្រមេឃ

Post a Comment

0 Comments

Close Menu