ជំងឺប្រមេះទឹកបាយ គឺជាជំងឺកាមរោគមួយប្រភេទ ដែលឆ្លងតាមរយៈ ការរួមភេទ ដោយមិនបានប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងការ មានដៃគូរួមភេទច្រើន។ ជំងឺនេះប្រសិនបើមិនបានទទួលទានការព្យាបាលឱ្យបានត្រឹមត្រូវ នឹងបង្កផលពិបាកជាច្រើនដល់អ្នកជំងឺ ដូចជា ចម្លងទៅ អ្នកដទៃ រលាកបង្ហូរនោមរ៉ាំរ៉ៃ និងរលាកប្លោកនោមជាដើម។ល។ ដើម្បីចែករំលែកចំណេះដឹងដល់ប្រជាពលរដ្ឋទូទៅ ស្ដីពីជំងឺប្រមេះទឹកបាយនេះ លោកវេជ្ជបណ្ឌិត ហូយ សេរីវឌ្ឍនៈ ឯកទេសសើស្បែក និងកាមរោគ និងជាអនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យព្រះកុសុមៈ ផ្ដល់បទសម្ពាសន៍ដល់ទយើងខ្ញុំ ដើម្បីស្រាយបំភ្លឺ ពីការឆ្លងរាលដាល ការការពារ ការព្យាបាល ក៏ដូចជាស្ថានភាពទូទៅនៃជំងឺនេះដូចខាងក្រោម៖
ជម្រាបសួរ លោកវេជ្ជបណ្ឌិត! តើលោកវេជ្ជបណ្ឌិតអាចជម្រាបបានទេថា អ្វីទៅជាជំងឺប្រមេះទឹកបាយ? លោកវេជ្ជបណ្ឌិត៖ បាទជម្រាបសួរ!ជំងឺប្រមេះទឹកបាយ(Gonorrhea)គឺជាប្រភេទជំងឺកាមរោគដែលស្តែងឡើងដោយមានការហៀរខ្ទុះតាមបង្ហួរនោម។
តើលោកវេជ្ជបណ្ឌិតអាចលើកឡើងបានទេថាតើមូលហេតុអ្វីខ្លះ ដែលអាចបណ្ដាលឱ្យមនុស្សកើតជំងឺប្រមេះទឹកបាយ ហើយជំងឺនេះអាចឆ្លងរាលដាល ដោយវិធីណាខ្លះ?
លោកវេជ្ជបណ្ឌិត៖ បាទ! ជំងឺនេះបង្កឡើងដោយមេរោគម្យ៉ាងឈ្មោះ Neisseria gonorrheae ជាបាក់តេរី gram-negative, aerobic diplococcus ដែលអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការរួមភេទជាមួយដៃគូដែលមានផ្ទុកមេរោគនេះ។
ចំពោះបុរសអាចមានឱកាសឆ្លងមេរោគប្រមេះទឹកបាយប្រហែល២០%នៅពេលមានការរួមភេទជាមួយស្ត្រីដែលមានផ្ទុកមេរោគប្រមេះទឹកបាយ(Neisseriagonorrheae)។ ចំណែកឯស្ត្រីវិញអាចមានឱកាសឆ្លងមេរោគប្រមេះទឹកបាយប្រហែល៥០%នៅពេលមានការរួមភេទជាមួយដៃគូបុរស ដែលមានផ្ទុកមេរោគប្រមេះទឹកបាយ(Neisseria gonorrheae)។ តើជំងឺប្រមេះទឹកបាយនេះ វាអាចបង្ហាញជារោគសញ្ញាអ្វីខ្លះនៅក្នុងខ្លួនអ្នកជំងឺ(បុរស និងស្ដ្រី)?
លោកវេជ្ជបណ្ឌិត៖ បាទ! ជំងឺប្រមេះទឹកបាយនេះស្តែងចេញជារោគសញ្ញាដំបូងគឺនៅត្រង់រន្ធនោម បង្ហួរនោមចំពោះអ្នកជំងឺទាំងពីរភេទ ហើយក៍អាចស្តែងចេញជារោគសញ្ញាផងដែរនៅលើស្បែក(Cutaneous) នៅក្នុងមាត់និងបំពង់ក(oropharyngeal) ធ្វើឲ្យឈឺបំពង់ក ដែលមេរោគឆ្លងពេលរួមភេទតាមមាត់ នៅប្រដាប់ភេទ(genital) និងនៅរន្ធគូថ(anorectal)ជាដើម ហើយអាចរាលដាលទៅតំបន់ផ្សេងៗទៀតតាមរយៈឈាម(Disseminated Gonococcal Infection)ដូចជាមានសញ្ញានៅលើស្បែក ឲ្យរលាកសន្លាក់(Septic arthritis)
ឲ្យរលាកស្រោមសរសៃពួ(Tenosynovitis)។
ចំពោះស្ត្រីបង្កឲ្យមានការរលាកមាត់ស្បូន ដៃស្បូន ក្រពេញអូវែ(Ovary) ក្តៅក្រហាយ ឈឺចុកចាប់នៅតំបន់អាងត្រគាក(Pelvic Inflammatory disease)និងតំបន់ជុំវិញបង្ហូរនោម និងតំបន់ផ្សេងៗទៀតនៅជុំវិញស្បូន។ រោគសញ្ញាទាំងនោះស្តែងចេញដំបូងមានការហៀរខ្ទុះពីបង្ហូរនោម តាមលិង្គ រឺតាមទ្វារមាស រឺតាមរន្ធគូថ ចំពោះអ្នករួមភេទតាមរន្ធគូថ ជួនមានដំបៅនៅប្រដាប់ភេទ នៅលើស្បែកនៅក្នុងមាត់ ដែលស្តែងចេញជាការរលាកអណ្តាត រលាកអញ្ចាញធ្មេញជាដើម អ្នកជំងឺទាំងពីរភេទមានរលាកបង្ហូរនោមហើយឈឺ ក្តៅខ្លួន ឈឺពោះ មានការឈឺចាប់ពេលនោម។ ចំពោះមនុស្សប្រុសមានការរលាកនៅប្រដាប់ភេទ ជួនកាលឡើងរឹង ហើមនៅលិង្គជួនកាលកទៅជាខ្ទុះក៍មាន ឈឺពងស្វាស។ ចំពោះស្ត្រីមានផ្ទៃពោះ ប្រសិនបើមានផ្ទុកមេរោគនេះពេលឆ្លងទន្លេ គឺអាចឆ្លងទៅកូនដែលប៉ះពាល់ដល់ភ្នែក(gonococcalophthalmia)ដែលធ្វើឲ្យមានការរលាកភ្នែក ភ្នែកក្រហម(conjunctivitis)ហើមត្របកភ្នែក(swollen eyelid) ហើយឈានដល់ការប៉ះពាល់ភ្នែកធ្ងន់ធ្ងរ។
តើជំងឺប្រមេះទឹកបាយនេះ ធ្វើរោគវិនិច្ឆ័យ តាមវិធីណាខ្លះ?
លោកវេជ្ជបណ្ឌិត៖ បាទ! ការធ្វើរោគវិនិច្ឆ័យជំងឺប្រមេះទឹកបាយគឺមានការពិបាកតាមរយះគ្លីនិកដោយសារតែភាគច្រើនមិនមានស្តែងចេញជារោគសញ្ញាឲ្យដឹង (Asymptomatic) ក៍ប៉ុន្តែយើងអាចដឹងបានតាមរយៈមានការហូរខ្ទុះតាមបង្ហូរនោម តាមប្រដាប់ភេទ រឺតាមរន្ធគូថ ជួនកាលមានសញ្ញាពងទឹក រឺដំបៅដាច់រលាត់នៅលើស្បែកនិងប្រដាប់ភេទ។ ម្យ៉ាងវិញទៀតយើងក៍អាចធ្វើរោគវិនិច្ឆ័យតាមរយៈការមើលឈាម យកឈាមទៅបណ្តុះរកមេរោគ យកខ្ទុះទៅបណ្តុះរកមេរោគ លើសពីនេះទៅទៀតយើងក៏អាចស្នើសុំមើលឈាមដើម្បីរកមើលមេរោគជំងឺស្វាយ និងមេរោគអេដស៍ផងដែរ។
គេអាចព្យាបាលជំងឺនេះឱ្យជាសះស្បើយបានដែរឬទេ? ដោយប្រើវិធីណាខ្លះ? ប្រសិនបើអ្នកជំងឺមិន
បានទទួលការព្យាបាលឱ្យបានត្រឹមត្រូវ តើគាត់អាចប្រឈម នឹងផលពិបាកអ្វីខ្លះ? លោកវេជ្ជបណ្ឌិត៖ បាទ! ចំពោះការព្យាបាលបើធ្វើឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាទើបជាសះស្បើយ ហើយចៀសផុតពីផលវិបាកទៅថ្ងៃក្រោយ ការព្យាបាលដោយប្រើប្រាស់ថ្នាំលេប រឺចាក់តាមលក្ខណៈបច្ចេកទេសដោយវេជ្ជបណ្ឌិតជំនាញ ហើយការព្យាបាលត្រូវព្យាបាលដៃគូរួមភេទផងដែរ។ ផ្ទុយទៅវិញប្រសិនបើមិនធ្វើការព្យាបាលឲ្យទាន់ពេលវេលា រឺមិនព្យាបាល អ្នកជំងឺអាចចម្លងទៅអ្នកដទៃទៀតហើយអាចប្រឈមនឹងផលវិបាកដូចខាងក្រោម៖
ចំពោះបុរស ធ្វើឲ្យរលាកក្រពេញប្រូស្តាត ហើយអាចឲ្យមានដំបៅហើយក្រិននិងត្បៀតរន្ធនោមធ្វើឲ្យពិបាកនោមមានការឈឺចាប់ពេលបន្ទោបង់លាមករលាកអេពីឌីឌីមហើយឡើងហើម(Epididymitis)ដែលអាចឈានទៅរកភាពគ្មានកូន ព្រមទាំងមានការឈឺចាប់ពេលដើរ
និងរលាកបង្ហូរនោមរាំរ៉ៃ រលាកប្លោកនោមជាដើម(Custitis)។
ចំណែកស្ត្រីវិញភាគច្រើនមិនឲ្យដឹងរោគសញ្ញា រហូតទាល់តែស្តែងចេញជាផលវិបាកតែម្តង ដែលផលវិបាកទាំងនោះមានដូចជា Pelvic inflammatory Disease(PID)មានប្រហែល២០ ទៅ៤០% ហើយ អាចធ្វើឲ្យមានការរលាក និងក្រិននៅដៃស្បូន ដែលធ្វើឲ្យស្ត្រីនោះមិន
អាចមានកូនបាន រឺក៍មានកូនក្រៅស្បូនដែលជាផលវិបាកធ្ងន់ធ្ងរអាចឲ្យស្ត្រីមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។
ចំណែកទារកវិញ អាចឲ្យមានការប៉ះពាល់ភ្នែកធ្ងន់ធ្ងរពេលឆ្លងទន្លេ ប្រសិនម្តាយមានឆ្លងមេរោគប្រមេះទឹកបាយពេលមានផ្ទៃពោះ។ ផលវិបាកផ្សេងទៀត ប្រសិនបើមេរោគប្រមេះទឹកបាយឆ្លងចូលដល់ក្នុងចរន្តឈាម វាបណ្ដាលឲ្យមានការប៉ះពាល់សន្លាក់ ប៉ះពាល់ប្រឹសបេះដូង និងខួរក្បាលផងដែរ។ ចំពោះអ្នកដែលកើតជំងឺប្រមេះទឹកបាយភាគច្រើនគឺមានការឆ្លងមេរោគប្រមេះទឹកថ្លា (Chlamydia)រួមជាមួយប្រហែល៦០%។លើសពីនេះទៅទៀតចំពោះអ្នកដែលកើតជំងឺប្រមេះទឹកបាយអាចមានឱកាសឆ្លងមេរោគអេដស៍ច្រើនជាងអ្នកដែលមិនកើតជំងឺប្រមេះទឹកបាយ។
ដើម្បីចៀសវាង និងការពារ កុំឱ្យកើតជំងឺប្រមេះទឹកបាយនេះ តើយើងត្រូវធ្វើដូចម្ដេច?លោកវេជ្ជបណ្ឌិត៖ បាទ! ដូចខ្ញុំបានជម្រាបជូនខាងលើថាជំងឺនេះជាប្រភេទជំងឺកាមរោគ ប្រការដែលសំខាន់បំផុតគឺមានដៃគូរួមភេទស្មោះមួយ និងមួយ ប៉ុន្តែបើអស់លោក លោកស្រីមានដៃគូរួមភេទច្រើន គឺត្រូវប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវរាល់ពេល ដែលអស់លោក លោកស្រីធ្វើការរួមភេទជាមួយដៃគូរួមភេទជាពិសេសស្ត្រីរកស៊ីផ្លូវភេទ ត្រូវចៀសវាងដៃគូរួមភេទណា ដែលមានរោគសញ្ញានៅប្រដាប់ភេទ រឺនៅមាត់ដូចជាមានដំបៅ មានហូរខ្ទុះ រឺរោគសញ្ញាផ្សេងៗទៀត ដូចដែលបានរៀបរាប់ខាងលើ។ ម្យ៉ាងវិញទៀតប្រសិនបើលោក លោកស្រីមានដៃគូររួមភេទច្រើន ហើយចូលចិត្តរួមភេទ តែមិនមានចេញជារោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីរុករកមេរោគនេះ រឺជំងឺកាមរោគដទៃទៀតដូចជាជំងឺស្វាយ ជំងឺអេដស៍ជាដើម។ តែទោះជាយ៉ាងណាក៏ដោយស្រោមអនាម័យនៅតែជាវិធីការពារដ៏ល្អបំផុតសម្រាប់អស់លោក លោកស្រី ដើម្បីការពារជំងឺនេះ និងជំងឺដទៃៗទៀត។
ជាចុងក្រោយ តើលោកវេជ្ជបណ្ឌិតមានអនុសាសន៍អ្វី ជម្រាបជូនមិត្ដអ្នកអាន ជុំវិញស្ថានភាពទូទៅ នៃជំងឺប្រមេះទឹកបាយ?
លោកវេជ្ជបណ្ឌិត៖ បាទ! ជំងឺប្រមេះទឹកបាយនេះជាជំងឺកាមរោគមួយក្នុងចំណោមជំងឺកាមរោគដទៃទៀត ដែលឆ្លងតាមការរួមភេទជាមួយដៃគូ ដែលមានផ្ទុកមេរោគ បង្កឲ្យកើតជំងឺប្រមេះទឹកបាយនេះ ទោះជាការរួមភេទតាមប្រដាប់ភេទ រឺតាមមាត់ រឺតាមរន្ធគូថក្តី ហើយលើសពីនេះទៅទៀតដោយសារតែជំងឺនេះភាគច្រើនមិនបង្ហាញជារោគសញ្ញាឲ្យដឹង(Asymptomatic)ដូច្នេះប្រសិនបើអស់លោក លោកស្រីចូលចិត្តរួមភេទ រឺមានដៃគូរួមភេទច្រើន អស់លោក លោកស្រីត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីឲ្យវេជ្ជបណ្ឌិតស្រាវជ្រាវរកមេរោគ Neisseria gonorrheae ដើម្បីធ្វើរោគវិន្និច្ឆ័យឲ្យទាន់ពេលវេលា។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែករោគស្ត្រីយ៉ាងហោចណាស់ឲ្យបានមួយដង រឺ ពីរដងមុនពេលសម្រាលដើម្បីពិនិត្យមើលមាត់ស្បូន និងស្រាវជ្រាវរកមេរោគប្រមេះទឹកបាយ និងជំងឺផ្សេងៗទៀត៕
ស្វែងយល់ពីស្ថានភាពទូទៅទាក់ទិននឹងជំងឺប្រមេះទឹកបាយ(gonorrhea) ពីវេជ្ជបណ្ឌិតឯកទេស
0 Comments