ជំងឺផ្សិតលើស្បែក(Psoriasis) គឺជាជំងឺមួយប្រភេទកើតលើស្បែក ដែលធ្វើឱ្យស្បែកក្រហម និងរបកគួរឱ្យខ្លាច។ វាធ្វើឱ្យខូចសោភ័ណភាពរាងកាយរបស់អ្នកជំងឺ ធ្វើអ្នកជំងឺខ្មាសគេ បាត់បង់ទំនុកចិត្ដ ធ្វើឱ្យអ្នកជំងឺរមាស់ និងមានមានអារម្មណ៍ធុញថប់តប់ ប្រមល់។ ដើម្បីដោះស្រាយបញ្ហានេះ លោកវេជ្ជបណ្ឌិត ធា សុវណ្ណពិទូរ្យ ឯកទេសសើស្បែក និងជំងឺកាមរោគ ផ្ដល់កិត្តិយស ចូលខ្លួនមកបកស្រាយពីស្ថានភាពទូទៅ នៃជំងឺ Psoriasis ដូចខាងក្រោមនេះ៖
និយមន័យ និងមូលហេតុជំងឺ Psoriasis មិនមែនជាប្រភេទជំងឺផ្សិតលើស្បែកធម្មតាទេ ជំងឺនេះគេសង្កេតឃើញកើតមាន លើស្បែកដោយសារតែ វាមានបញ្ចេញរោគសញ្ញា មួយចំនួនដូចជា ធ្វើឱ្យស្បែកអ្នកជំងឺរបកប្រៀបដូចជាការបន្ដក់ទៀនពីលើអញ្ចឹង។ ដូច្នេះគេហៅឈ្មោះវាថា ជាជំងឺផ្សិតលើស្បែក ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្ដាប់ ប៉ុន្ដែជំងឺនេះមិនកើតមានឡើង ដោយសារមេរោគផ្សឹតនោះទេពីព្រោះថា ជំងឺស្បែកភាគច្រើន កើតឡើងដោយសារមេរោគផ្សឹត ដោយឡែកជំងឺ Psoriasis នេះមិនមាន បញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ។ ជាធម្មតាអតិសុខុមប្រាណ ដែលធ្វើឱ្យមនុស្សយើងឈឺនោះមាន ៤ប្រភេទ ដូចជា បាក់តេរី វីរុស ផ្សិត និងសត្វល្អិត ហើយនៅក្នុងចំណោម អតិសុខុមប្រាណទាំង៤ ប្រភេទនេះ មិនមានប្រភេទណាមួយ ដែលជាមូលហេតុ បណ្ដាលឱ្យកើតជំងឺ Psoriasis នោះទេ។
គឺជំងឺនេះ កើតឡើង លើខ្លួនអ្នកជំងឺ ដោយខ្លួនឯង ដោយសារប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ វាធ្វើការខុសប្រក្រតី។ ជាទូទៅប្រព័ន្ធការពាររាងកាយ វាមានតួនាទីសម្លាប់មេរោគ ប៉ុន្ដែនៅក្នុងលក្ខខណ្ឌ នៃអ្នកជំងឺ Psoriasis ហ្នឹង ប្រព័ន្ធការពាររាងកាយរបស់គាត់ អត់បានសម្លាប់មេរោគទេ ឬបានសម្លាប់មេរោគដែរ តែខុសប្រក្រតី វាទៅវាយកោ សិកាស្បែករបស់យើង ដូច្នេះហើយស្បែករបស់យើងចាប់ផ្ដើមក្រហម បន្ទាប់ពីក្រហមមក វាចាប់ផ្ដើមរបកជ្រុះ ហើយចាប់ផ្ដើមមានកើតមាននៅកន្លែងផ្សេងទៀត។ អ្វីដែលមានរៀបរាប់ខាងលើ គឺជាយន្ដការវិវឌ្ឍន៍ ទៅរកជំងឺ Psoriasis ដែលមិនមានមូលហេតុច្បាស់លាស់ ពោលគឺនៅសុខៗ វាកើតឡើង ដោយខ្លួនឯង ដោយសារប្រព័ន្ធការពាររាងកាយ និងឈាមសរបស់យើងធ្វើការខុសប្រក្រី។
រោគសញ្ញាជំងឺ Psoriasis នេះ បង្ហាញឱ្យឃើញរោគសញ្ញា នៅលើស្បែក ដោយមានសភាពក្រហមដុំៗ និងរបកពីលើស្បែក ហើយកន្លែងដែលវាចេញច្រើនជាងគេ គឺនៅលើ Extension Area ដូចជា ជង្គង់ កែងដៃ កញ្ចូញគូថ ក្បាល ហើយក៏អាចមាននៅ លើដងខ្លួនផងដែរ ប៉ុន្ដែភាគច្រើនវាកើតនៅកន្លែង ដែលយើងបត់បាន។ ហើយអត្រានៃជំងឺនេះ ប្រមាណ ២០%- ៣០ អាចកើតមាននៅ ត្រង់ក្រចកដៃ និងស៊ីក្រចកដៃខូងៗ ដូចអ្នកជំងឺផ្សិតក្រចកអញ្ចឹង ហើយនៅក្នុងអត្រា ១០% អ្នកជំងឺមានឈឺសន្លាក់លាយឡំបែប មិនជាក់លាក់ ប៉ុន្ដែសញ្ញានៅលើស្បែកមានលក្ខណៈជាក់លាក់ ដោយវាបង្ហាញនូវសភាពក្រហម របក ប៉ុន្ដែវាខុសពីជំងឺស្រែង។ ជំងឺស្រែង ជួនកាលវាបង្ហាញឱ្យឃើញសភាពក្រហមដែរ ប៉ុន្ដែវាមានកណ្ដាប់ជុំវិញ ដូចស្នាមខាំ ហើយចំណុចកណ្ដាលទទេល្វឹង។ ម្យ៉ាងទៀតជំងឺ Psoriasis នេះ មានលក្ខណៈស្រដៀងគ្នា ទៅនឹងជំងឺភ្លឺក្រហម ប៉ុន្ដែជំងឺភ្លឺក្រហមវានៅរាបជាមួយនឹងស្បែក ចំណែកជំងឺ Psoriasis នេះកន្ទួលក្រហម រាងហើបពីស្បែក និងរបក។
កត្តាប្រឈមបើតាមឯកសារបរទេស ការជក់បារី ការប្រើថ្នាំខុសបច្ចេកទេស ឬការប្រតិកម្មថ្នាំជាដើមហ្នឹង អាចធ្វើឱ្យមនុស្សកើតជំងឺ Psoriasis ជាខាងក្រោយ ប៉ុន្ដែវាមានលក្ខណៈខុសគ្នា ពីស្រុកខ្មែរ។ នៅស្រុកខ្មែរយើង កត្ដាដែលធ្វើឱ្យមនុស្សកាន់តែប្រឈមនឹងជំងឺនេះ អាចបណ្ដាលមកពីចំណីអាហារនាំចូលពីប្រទេសជិតខាង ការពិសាស្រា ការខ្វះអនាម័យ ការជក់បារី និងសារធាតុគីមីនៅក្នុងចំណីអាហារ ដែលគាត់ទទួលទាន។
ការធ្វើរោគវិនិច្ឆ័យជាទូទៅជំងឺសើស្បែក យើងមិនចាំបាច់ធ្វើរោគវិនិច្ឆ័យ តាមរយៈការធ្វើតេស្តឈាមនោះទេ គឺយើងគ្រាន់តែធ្វើការពិនិត្យមើលរាងកាយអ្នកជំងឺដោយផ្ទាល់ (Physical Examination)។ ក្រោយពី ការពិនិត្យដោយផ្ទាល់ហើយ យើងអាចដាក់រោគវិនិច្ឆ័យថាវា ជាជំងឺ Psoriasis ពីព្រោះជំងឺនេះ វាមានចង្កោមរោគសញ្ញា ដែលអាចឱ្យសន្និដ្ឋានថា វាជាជំងឺនេះ ពិតប្រាកដមែន ពោលគឺតាមរោគ សញ្ញា តាមកន្លែដែលវាកើត និងតាមរយៈការសាកសួរពីអ្នកជំងឺ។
ការព្យាបាល
នៅអាមេរិកនាពេលសព្វថ្ងៃ ជំងឺនេះមិនទាន់អាចព្យាបាលឱ្យជាដាច់នៅឡើយទេ ហើយនាពេលបច្ចុប្បន្ននេះគេមានថ្នាំចាក់សម្រាប់ ព្យាបាល ដែលត្រូវចាក់ក្នុងមួយសប្ដាហ៍ មួយម្ជុល។ មួយវិញទៀត យើងត្រូវព្យាបាលជំងឺនេះ ដោយការសម្លាប់មូលហេតុរបស់វា ប៉ុន្ដែជំងឺនេះ យើងដឹងមូលមិនច្បាស់លាស់ ហើយម្យ៉ាងទៀតយើងដឹងខ្លះៗថា មូលហេតុគឺបណ្ដាលមកពីភាពមិនប្រក្រតីនៃឈាម
ស ប៉ុន្ដែយើងមិនអាចសម្លាប់ឈាមសបានទេ ពីព្រោះឈាមស មានតួនាទីការពារយើង ប្រៀបដូចទាហានការពារសមរភូមិ ប្រសិនបើយើងដកទាហានចេញ សត្រូវនឹងឈ្លានពាន យ៉ាងណាម៉ិញប្រសិនបើយើងសម្លាប់ឈាមស រាងកាយរបស់យើងនឹង ទទួលរងនូវជំងឺតម្កាត់។ អញ្ចឹងការព្យាបាល គឺយើងត្រូវព្យាបាលតាមរោគសញ្ញា ក្នុងករណីអ្នកជំងឺមានកន្ទួលក្រហម មានរមាស់ គឺយើងត្រូវព្យាបាលគាត់ឱ្យបាត់កន្ទួល និងរមាស់ និងព្យាបាលតាមសតិអារម្មណ៍របស់គាត់ ពីព្រោះជំងឺនេះវាធ្វើឱ្យគាត់មាន អារម្មណ៍ធុញថប់ច្រើន។ ម្យ៉ាងទៀត យើងត្រូវព្យាបាលគាត់ឱ្យបាត់ស្នាម និងពន្យល់គាត់ពីរបៀបរស់នៅ និងរបៀបអនាម័យ។
ការការពារ
ចំពោះការ ការពារ គឺអាចប្រព្រឹត្ដទៅបានសម្រាប់ប្រភេទជំងឺឆ្លង ប៉ុន្ដែជំងឺនេះ វាមិនមែនជាប្រភេទជំងឺឆ្លង អញ្ចឹងយើងមិនមានវិធីការពារនោះទេ។ ប៉ុន្ដែយើងត្រូវតោងយល់ថា មូលហេតុគឺបណ្ដាលមកពីភាពមិនប្រក្រតីនៃឈាមស ដូច្នេះយើងត្រូវធ្វើយ៉ាងម៉េចឱ្យ ឈាមសដំណើរការបានប្រក្រតី។ ដូច្នេះយើងត្រូវបង្កើនសមត្ថភាពឈាមស ដោយការហាត់ប្រាណ ការញ៉ាំអាហារសម្បូរជីវជាតិ បញ្ឈប់ការពិសាស្រា បើពិសាគួរពិសា ក្នុងកម្រិតល្មម បញ្ឈប់ការជក់បារី។
ផលប៉ះពាល់
ជំងឺនេះមិនមែនជាប្រភេទជំងឺធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់តម្រងនោម ធ្វើឱ្យយើងត្រូវលាងឈាម មិនធ្វើឱ្យយើងខូចថ្លើម ប៉ុន្ដែវាប៉ះពាល់ដល់សោភ័ណភាពរាងកាយ ពីព្រោះវាចេញឡើងស្កាស និងរមាស់លើខ្លួន។ ជំងឺនេះ ធ្វើឱ្យខ្លួនអ្នកជំងឺ មានស្នាមពណ៌ដូច ប្រាក់គួរឱ្យខ្លាច វាធ្វើឱ្យគាត់បាត់បង់ទំនុកចិត្ដ ពេលនៅជិតអ្នកដទៃ ត្រូវស្លៀកពាក់បិតបាំងជិតៗព្រោះខ្មាសគេ បើជានារីគាត់ ពិបាកក្នុងការស្លៀកខ្លី និងធ្វើឱ្យគាត់មានអារម្មណ៍តប់ប្រមល់។ ម្យ៉ាងទៀត ប្រសិនបើគាត់គ្មានទំនុកចិត្ដ បណ្ដាលឱ្យគាត់មិនទទួល បានជោគជ័យក្នុងកិច្ចការអ្វីមួយ ហើយគាត់ត្រូវចំណាយប្រាក់ច្រើនដើម្បីព្យាបាលជំងឺនេះ។
អនុសាសន៍វេជ្ជបណ្ឌិតជំនាញ
ដើម្បីព្យាបាលជំងឺនេះ អ្នកជំងឺតោងតែ ព្យាលបាលដោយប្រើឱសថបែបវិទ្យាសាស្ដ្រឱ្យបានច្រើន និងមានកាលបរិច្ឆេទត្រឹមត្រូវ។ កន្លងមក ដោយសារអ្នកជំងឺព្យាបាលដោយប្រើឱសថមិនប្រកបដោយការសិក្សាស្រាវជ្រាវច្បាស់លាស់ វាមិនត្រឹមតែធ្វើគាត់មិនអាចព្យាបាលជំងឺនេះឱ្យជាសះស្បើយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យគាត់ជួបបញ្ហាមួយចំនួនផ្សេងទៀតដូចជាខ្សោយតម្រងនោម និងប៉ះពាល់ដល់ថ្លើមជាដើម៕
តើអ្វីជាជំងឺផ្សិតលើស្បែក(Psoriasis )?
0 Comments