Ad Code

កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ និង​ទទួលស្គាល់​លក្ខខ័ណ្ឌអនាម័យ ក្នុង​ការធ្វើ​ពាណិជ្ជកម្មសត្វ ​និង​ផលិតផល​សត្វ ក្នុង​តំបន់ និង​អន្តរជាតិ​

ភ្នំពេញ​៖ ក្រោយពីក្រុម​បេសកកម្ម​នៃ​អង្គការ​សុខភាព​សត្វ​ពិភពលោក​ចុះមក​កម្ពុជា សិក្សា​ស្រាវជ្រាវក្នុង​ដំណើរ​បេសកកម្ម​រយៈពេលពីរ​សប្តាហ៍​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី០៧ ដល់​ថ្ងៃ​១៦ ​ខែឧសភា ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​សុខភាព​សត្វ កម្ពុជា​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ និងទទួលស្គាល់​ក្នុងការ​ធ្វើ​សមាហរណកម្ម សុខភាព​សត្វ និង​ផលិតកម្ម រួមទាំង​ការបញ្ជាក់​វិញ្ញាបនបត្រ​បសុព្យាបាល និង​លក្ខខ័ណ្ឌ​អនាម័យ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​សត្វ ​និង​ផលិតផល​សត្វក្នុង​តំបន់ និង​អន្តរជាតិ​។​ ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ប្រសា​ស​ន៍​បែបនេះ ធ្វើឡើង​ក្នុងជំនួបពិភាក្សា​កា​ងារ​ជាមួយ Dr. John Weaver ប្រធានក្រុម​បេសកកម្ម​នៃ​អង្គការ​សុខភាពសត្វ​ពិភពលោក (OIE) និង​សហការី (១- Dr. Ronello Abila. តំណាង OIE ប្រចាំ​តំបន់​, 2- Dr. Julie Punderson. ទីប្រឹក្សា​ឯករាជ្យ ក្នុងការ​វាយតម្លៃផ្នែក​ច្បាប់​, 3- Dr. P.V.K. Sridhar ជា​សាស្ត្រាចារ្យ និង​នាយក​សាលា​ផ្សព្វផ្សាយ និង​ការអភិវឌ្ឍ នៅ​សកល​វិទ្យាល័យ​ប្រជាជន​ឥណ្ឌា​)​ កាលពី​ថ្ងៃ​ពុធ ២កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨​។​ ​ក្រសួង​បញ្ជាក់ថា គោលបំណង​សំខាន់នៃ​ការជួបពិភាក្សា​ការងារ និង​ធ្វើ​សេចក្តីរាយការណ៍ អំពីគោលបំណង ​និង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវក្នុង​ដំណើរ​បេសកកម្ម​រយៈពេលពីរ​សប្តាហ៍នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី០៧ ដល់​ថ្ងៃ​១៦​ ខែឧសភា ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​សុខភាព​សត្វ រួមទាំង​ការផ្តល់សេវា​សុខភាព​សត្វ ការបញ្ជាក់​អនាម័យ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​សត្វ ផលិតផលសត្វ និង​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​ឧស្សាហកម្ម​សត្វ និង​កែច្នៃ ហើយ​និងការអនុវត្ត​បទដ្ឋាន​គតិយុត្តិ​បសុព្យាបាល ​កំពុងមាន​ជា​ធរមាន​នាពេល​បច្ចុប្បន្ននៅ​កម្ពុជា។​ ​សូមបញ្ជាក់ថា​ បេសកកម្ម​នៃ​ការសិក្សា និង​វាយតម្លៃ​នាពេលនេះ​ គឺធ្វើឡើង​ដើម្បី​វាយតម្លៃ​ជាទូទៅរួមជាមួយ​នឹង​ការ​បូកសរុប​លទ្ធផល​នៃ​ដំណើរ​បេសកកម្ម​ កាលពី​ថ្ងៃទី២៩ មករា ដល់​ថ្ងៃ០២ កុម្ភៈ ឆ្នាំ​២០១៧ ដែល​ដឹកនាំ​ដោយ​លោកស្រី Dr. Julia Roger​និង Dr. Rymond Briscoe ទាក់ទងទៅនឹង​ប្រព័ន្ធ​គតិយុត្តិ​បសុព្យាបាល​នៅ​កម្ពុជា ដោយ​អនុលោមទៅតាម​បទដ្ឋាន​គតិយុត្តិសុខភាព​សត្វពិភពលោក ដែល​ប្រទេស​កម្ពុជា​បានទទួល​ក្រុម​បេសកកម្ម​នេះ អាចចាត់ទុកថាជា​បេសកកម្ម​ដំបូង​គេ​បង្អស់​នៅក្នុង​តំបន់​អាស៊ី។ ជាពិសេស បេសកកម្ម​នេះ គឺ​ពិតជាមាន​សារសំខាន់​ចំពោះ​កម្ពុជា ដែល​ឆ្លងតាម​ការវាយតម្លៃ​នៃ​ក្រុម​បេសកកម្ម​នេះ កម្ពុជាសង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ និង​ទទួលស្គាល់​ក្នុងការ​ធ្វើ​សម​ហ​រណកម្មសុខភាព​សត្វ និង​ផលិតកម្ម រួមទាំង​ការបញ្ជាក់​វិញ្ញាបនបត្រ​បសុព្យាបាល និង​លក្ខខ័ណ្ឌ​អនាម័យ ក្នុង​ការធ្វើពាណិជ្ជកម្ម​សត្វ​ និង​ផលិតផល​សត្វក្នុង​តំបន់ និង​អន្តរជាតិ​។ ទន្ទឹមនឹងនេះ​ ក្រុម​បេសកកម្ម​នឹង​ផ្តល់​របាយការណ៍​ផ្លូវការ​លើ​ការសិក្សា​នេះ ដើម្បី​ធ្វើជា​មូលដ្ឋានក្នុងការ​កសាង​ផែនការ​សម្រាប់ធ្វើ​ការអភិវឌ្ឍ​អនុវិស័យ​សុខភាព​សត្វ និង​ផលិតកម្ម និងអាច​ប្រើប្រាស់​សម្រាប់​កៀរគរ​ជំនួយ និង​សម្រាប់ធ្វើ​ការអភិវឌ្ឍ​សេវា​សុខភាព​សត្វ​ និង​ផលិតកម្មសត្វនៅ​កម្ពុជា​៕ ​

Post a Comment

0 Comments

Close Menu