http://kampucheathmey.com/2016/wp-content/uploads/2018/02/kingdom-of-cambodia.jpg
កាសែតកម្ពុជាថ្មី មានសេចក្តីសោកស្តាយជាខ្លាំង ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីស្នាក់ការនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ កាលពីពេលថ្មីៗនេះ ដោយរិះគន់ចំពោះចំណាត់ការ របស់តុលាការកម្ពុជា ទៅលើក្រុមបាតុករគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ករណីពន្ធដា ដើម្បីគាបសង្កត់សេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីរាយការណ៍ របស់កាសែតភ្នំពេញប៉ុស្ត៍ ចេញផ្សាយនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ បានឱ្យដឹងថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញសេចក្ដីប្រកាសមួយ កាលពីថ្ងៃទី៨ខែឧសភានេះ ដោយស្នើឱ្យអាជ្ញាធរកម្ពុជា ចាត់ទុកឃាមោឃៈនូវបទចោទប្រកាន់អំពី «កុបកម្ម» លើអតីតក្រុមបាតុករគាំទ្រ អតីតគណបក្សសង្គ្រោះជាតិ១១រូប ក្នុងបាតុកម្ម កាលពីឆ្នាំ២០១៣ ដែលទាមទារឱ្យដោះលែង ទីលានប្រជាធិតេយ្យ ខណៈអង្គការនេះថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន។
សេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើង មុនពេលសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា បណ្ដឹងសារទុក្ខរបស់អតីតសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ១១រូប ក្រោយពីតុលាការបានកាត់ទោសរយៈពេល៤ថ្ងៃ កាលពីខែមេសាកន្លងទៅនេះ។
«ការកាត់ទោសសមាជិក គណបក្សសង្គ្រោះជាតិទាំង១១នាក់ គឺជាករណីមួយក្នុងករណីផ្សេងទៀត ធ្វើឡើងប្រឆាំងនឹងគណបក្សប្រឆាំង ក្រោយពេលគណបក្សនេះ ស្ទើរតែបានឈ្នះការបោះឆ្នោតឆ្នាំ ២០១៣។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាប្រាកដជាបានសម្រេចចិត្តចាក់សោទុកអ្នកប្រឆាំងដើម្បីបន្តយកជ័យជម្នះក្នុងការបោះឆ្នោត។» លោក ប្រេដ អាដាម (Brad Adam) ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ី បានលើកឡើង។
ជាការពិតណាស់ ដូចលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបទៅការចោទប្រកាន់នេះវិញ គ្មានអ្នកណាមានឥទ្ធិពលទៅលើការសម្រេច របស់តុលាការនោះឡើយ ដោយលោកបានរិះគន់ថា ការចេញសេចក្តីថ្លែងការណ៍របស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស «ជាការសងសឹកនឹងថ្នាក់ដឹកនាំកម្ពុជា និងបក្សកាន់អំណាច។»
«ជាគោលការណ៍ច្បាប់ គ្មានស្ថាប័ន ឬបុគ្គលណាមួយបញ្ជា ទៅតុលាការឱ្យលើកលែងបទចោទ ឱ្យចោទ ឬ មិនឱ្យចោទទេ។ បើអង្គការ Human Rights Watch ចង់ជួយសកម្មជនទាំងអស់នោះ គួរតែចូលរួមនីតិវិធីរបស់តុលាការ គឺស្វែងរកមេធាវីពូកែ ស្វែងរកភ័ស្តុតាង ស្វែងរកទឡ្ហីករណ៍ គ្រប់គ្រាន់តាមផ្លូវច្បាប់ បញ្ជាក់ថាអ្នកទាំងអស់នោះមិនមានពិរុទ្ធទេ។» លោក ជិន ម៉ាលីន បានពន្យល់ទៅលោក ប្រេដ អាដាម វិញ។
គួរំឭកថា សាលាឧទ្ធរណ៍ បានបើកសវនាការ កាលពីថ្ងៃទី២១ដល់២៣ខែមេសាឆ្នាំ២០១៨នេះ លើសំណុំរឿងដឹកនាំ និងចូលរួមក្នុងអំពើកុបកម្ម កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ នៅក្បែរស្ពាននាគក្បែរអតីតទីលានប្រជាធិបតេយ្យ វត្តភ្នំ នៅពេលដែលមានបាតុកម្មពីអ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិ ដែលឱ្យបើកទីលានប្រជាធិបតេយ្យឡើងវិញនោះ ហើយបានក្លាយជាអំពើហិង្សា នៅពេលមានការប៉ះទង្គិចគ្នា ជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អតីតសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ១១រូបត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពីបទ«ដឹកនាំ និងចូលរួមក្នុងចលនាកុបកម្ម»។ ទន្ទឹមគ្នានេះដែរ នៅឆ្នាំ២០១៦ មានសកម្មជនអតីតគណបក្សប្រឆាំង៣នាក់ទៀត ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ រយៈពេល៧ឆ្នាំ ពីបទចូលរួមកុបកម្មនេះដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលនេះ អង្គការមួយនេះក៏បានរិះគន់ថា បញ្ហាប្រើប្រាស់ប្រព័ន្ធពន្ធ ដើម្បីគាបសង្កត់លើស្ថាប័នឯករាជ្យ ជាមូលហេតុដែលនាំឱ្យស្ថាប័នភ្នំពេញប៉ុស្តិ៍ បង្ខំចិត្តលក់ទៅឱ្យក្រុមហ៊ុនរបស់អ្នកជំនួញម៉ាឡេស៊ី។
លោក ប្រេដ អាដាម ដដែលបាននិយាយដៀមដាមថា រដ្ឋាភិបាលបានបង្ខំឱ្យកាសែតភ្នំពេញប៉ុស្តិ៍ ដែលដំណើរការយូរមកហើយ សម្រេចចិត្តលក់ ទៅឱ្យក្រុមហ៊ុនម៉ាឡេស៊ី ដោយចោទប្រកាន់ថា ការលក់កាសែតភ្នំពេញប៉ុស្តិ៍នេះ អាចពាក់ព័ន្ធនឹងរដ្ឋាភិបាលដែលរំឭកពន្ធ លើភ្នំពេញប៉ុស្តិ៍ ដែលត្រូវបង់ ៣,៩លានដុល្លារ។
ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីរូបនេះ បានប្រៀបធៀបករណីកាសែតភ្នំពេញប៉ុស្តិ៍នេះ ទៅនឹងករណីកាសែត ឌឹ ឃែមបូឌា ដេលី ដោយនិយាយថាវាគឺជាគោលបំណងរបស់រដ្ឋាភិបាល ក្នុងការបិទស្ថាប័នឯករាជ្យក្នុងស្រុក។
«រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ពន្ធដើម្បីដាក់សម្ពាធលើកាសែតភ្នំពេញប៉ុស្តិ៍ដើម្បីបង្ខំឱ្យស្ថាប័នមួយនេះលក់ ទៅក្រុមហ៊ុនថ្មី ដែលបានបណ្ដេញនិពន្ធនាយកភ្នំពេញប៉ុស្តិ៍ ដែលបានការពារអត្ថបទរបស់អ្នកកាសែតឯករាជ្យភាព។ នេះជាការប្រើប្រាស់អំណាចខុសឆ្គងមួយ របស់រដ្ឋាភិបាលកម្ពុជា ដើម្បីបិទស្ថាប័នផ្សព្វផ្សាយឯករាជ្យ និងរាយការណ៍ ក្នុងដំណើរការបោះឆ្នោតជាតិ នៅខែកក្កដា ដែលឈានចូលមកដល់នាពេលខាងមុខនេះ។» លោក ប្រេដ អាដាម បានលើកឡើង។
ជាការពិតណាស់ ដូចលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ការលក់កាសែតភ្នំពេញប៉ុស្តិ៍ មិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលឡើយ ព្រោះករណីបង់ពន្ធនេះ គឺជាកាតព្វកិច្ច និងភាពទទួលខុសត្រូវរបស់ស្ថាប័នភ្នំពេញប៉ុស្តិ៍ ក៏ដូចជាអ្នកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាទាំងអស់។
ដូចគ្នានេះដែរ ការបញ្ឈប់ ឬការលាលែងពីការងាររបស់និពន្ធនាយក និងអ្នកយកព័ត៌មាននៅកាសែតភ្នំពេញប៉ុស្តិ៍នោះ គ្រាន់តែជាបញ្ហារបស់បុគ្គលិក និងម្ចាស់ក្រុមហ៊ុនថ្មីរបស់ភ្នំពេញប៉ុស្តិ៍ ដែលមិនពេញចិត្តគ្នាទៅវិញទៅមកប៉ុណ្ណោះ។
គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ការចោទប្រកាន់ និងការរិះគន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអាមេរិកមួយនេះ វាបានក្លាយទៅជាវប្បធម៌របស់គេទៅហើយ ហើយក៏ជារបៀបវារៈនៅក្នុងបេសកកម្មរបស់គេ ដើម្បីរក្សាការងារធ្វើ តាមរយៈការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។
ប្រសិនបើអង្គការឃ្លាំមើលសិទ្ធិមនុស្សគិតថាការបិទកាសែត គឺជារឿងនយោបាយ និងសម្ពាធរបស់រាជរដ្ឋាភិបាលកម្ពុជានោះ តើការបិទកាសែតបារាំងឈ្មោះ កាំបូដ ស័រ (Cambodge Soir) កាលពីឆ្នាំ២០១០ និងការបិទកាសែតរាប់រយទៀត ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន វាទាក់ទងនឹងនយោបាយដែរ ឬ?
តើកាសែតដែលមានវ័យចំណាស់ជាងគេ និងលក់ដាច់ជាងគេឈ្មោះ ញូស៍ អហ្វ ឌឹ វើលដ៍ (News of the World) របស់ប្រទេសអង់គ្លេស ដែលត្រូវបិទនៅឆ្នាំ២០០៧ បន្ទាប់ពីចេញផ្សាយអស់រយៈពេល១៦៨ឆ្នាំនោះ វាពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន ឬការគាបសង្កត់របស់រដ្ឋាភិបាលអង់គ្លេស ដែរឬទេ?
សរុបមក កាសែតកម្ពុជាថ្មីអាចសន្និដ្ឋានបានថាបំណងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអាមេរិកមួយនេះ គឺគ្មានអ្វីក្រៅអំពីចង់ឱ្យរាជរដ្ឋាភិបាល និងតុលាការកម្ពុជា ធ្វើអ្វីដែលខុសច្បាប់តែប៉ុណ្ណោះ។ ការចេញសេចក្តីថ្លែងការណ៍របស់គេ គ្រាន់តែចង់បំផ្លាញនីតិរដ្ឋ និងសុខសន្តិភាព នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបានកសាង និងកំពុងថែរក្សាដោយលំបាកប៉ុណ្ណោះ៕ (បទវិចារណកថា ដោយ កាសែតកម្ពុជាថ្មី)
0 Comments