ភ្នំពេញ ៖ លោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា តាមសិក្សាអង្កេតវិទ្យាសាស្ត្រ និងសុខភាពឆ្នាំ២០១៤ បានបង្ហាញថា នៅកម្ពុជាមានប្រជាជនប្រមាណ ៣២% ខ្វះអាហារូបត្ថម្ភ។
នៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានអំពីទឹក និងអនាម័យជនបទ ព្រឹកថ្ងៃទី ២៥ ខែឧសភានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ លោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា ការខ្វះអាហារូបត្ថម្ភនេះ បណ្តាលមកពីការយល់ដឹងរបស់ប្រជាជនយើងនៅកម្រិតទាបពាក់ព័ន្ធបញ្ហាទឹក និងអនាម័យជនបទ។
ការរស់នៅគ្មានបង្គន់អនាម័យ បន្ទោរបង់តាមពាសវាលពាសកាល វាបានធ្វើឲ្យប៉ះពាល់ដល់សុខភាព ពិសេសនៅរដូវវស្សាមានភ្លៀងធ្វើឲ្យជ្រាបដល់ប្រភពទឹកប្រើប្រាស់បណ្តាលឲ្យកើតជម្ងឺឆ្លងផ្សេងៗ ដូចជាជំងឺរាករូស អាសន្នរោគ ជំងឺសើស្បែក និងធ្វើឲ្យយើងក្លាយជាមនុស្សខ្វះអាហារូបត្ថម្ភ។
ក្រៅពីនេះ ការបត់ជើងពាសវាលពាសកាលនេះ វាមិនត្រឹមតែធ្វើឲ្យរាងកាយឈឺស្គាំងស្គមនោះទេ ថែមទាំងធ្វើឲ្យយើងខាតបង់ថវិកា ខាតបង់ពេលវេលា និងជួបបញ្ហាប្រឈមជួបជាច្រើនទៀត ដូចជាជួបសត្វអាសិរពិស ការចាប់រំលោភពីមនុស្សខិលខូចមួយចំនួនតាមវាលតាមព្រៃក៏មាន។ លោកក៏បានសំណូមពរដល់ផ្នែកអ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ដើម្បីកែប្រែទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាជននៅតាមជនបទ ស្វែងយល់ពីបញ្ហាអនាម័យរស់នៅស្អាតនេះសំខាន់ណាស់។
ព្រោះថា តាមសិក្សាអង្កេតវិទ្យាសាស្ត្រឆ្នាំ២០១៦ លើខេត្តចំនួន ១៣ បានរកឃើញថា ប្រជាពលរដ្ឋក្នុងចំណោម ១០០ខ្នងផ្ទះ មានតែ ៦២%ខ្នងផ្ទះប៉ុណ្ណោះ ដែលមានបង្គន់អនាម័យប្រើប្រាស់ និងមានប្រជាពលរដ្ឋតែ ៦៤%ខ្នងផ្ទះ ប៉ុណ្ណោះមានអណ្តូងទឹកស្អាតប្រើប្រាស់ក្នុងចំណោម ១០០ខ្នងផ្ទះ។ បើប្រៀបជាមួយប្រទេសជិតខាងនៅមានកម្រិតទាប គឺស្ថិតនៅលេខរៀងទី ៤៨ប្រទេសក្នុងចំណោមប្រទេសទាំងអស់ក្នុងលោក។ សម្រាប់ផែនការជាតិ៥ឆ្នាំទៅមុខឆ្នាំ(២០១៩-២០២៣) យើងខិតខំធ្វើយ៉ាងម៉េចឱ្យសម្រេចឱ្យបាន ៩០% ក្នុងចំណោម ១០០ខ្នងផ្ទះ ទុក ១០%ទៀតសម្រាប់ពីរឆ្នាំចុងក្រោយ។
លោក អ៊ុង ប៊ុនអ៊ី ប្រធានស្តីទីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមន៍មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ក៏ដូចជាទាញចំណាប់អារម្មណ៍របស់ពួកគាត់ឲ្យបង្កើនការរាយការណ៍ពីបញ្ហាទឹក និងអនាម័យជនបទ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ការយល់ដឹង និងបង្កើនកិច្ចពិភាក្សាលើវិស័យនេះនៅកម្ពុជា។
លោកបានបញ្ជាក់ថា វេទិកាការីនិពន្ធនេះ ក៏ជាសកម្មភាពដំបូងបង្អស់មុនឈានដល់ការបើកវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានពីទឹក និងអនាម័យជនបទ ដែលគ្រោងនឹងប្រារព្ធឡើងនៅខែមិថុនា ឆ្នាំ២០១៨ខាងមុខ។
លោកបានជម្រាបជូនថា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមន៍ ដោយមានកិច្ចសហការពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សាសហប្រតិបត្តិការលើវិស័យទឹកស្អាត និងអនាម័យរបស់អង្គការសហប្រជាជាតិ(WSSCC) ក្រោមការឧបត្ថម្ភរបស់អង្គការ (Water Aid) កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីការរាយការណ៍ព័ត៌មានពីអនាម័យជនបទកាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ ដោយមានអ្នកសារព័ត៌មានចំនួន១៨នាក់ មកពីស្ថាប័នសារព័ត៌មានផ្សេងៗគ្នាទាំងនៅរាជធានីភ្នំពេញ និងខេត្តគោលដៅមួយចំនួន លើជំនាញផលិត និងរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចំណេះដឹងក្នុងការរាយការណ៍ព័ត៌មានទាក់ទងនឹងបញ្ហាអនាម័យជនបទ និងទឹក ក៏ដូចជាការស្វែងយល់ពីវឌ្ឍនភាព នៃអនាម័យជនបទនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments