Ad Code

​សមាគម​អាស៊ាន ចាំបាច់​រួបរួមគ្នា​ទប់ស្កាត់ «​ព័ត៌មាន​ក្លែងក្លាយ​» ដើម្បី​ផលប្រយោជន៍​រួម​



យោងតាម​សេចក្តីរាយការណ៍​ របស់​សារព័ត៌មាន ហ្គា​ល​ហ្វ៍ ញូ​ស៍ (Gulf News) របស់​ហ្វីលីពីន ចេញផ្សាយ​នៅ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា សមាជិក​ព្រឹទ្ធសភា​ហ្វី​លី​ពី​ន​ម្នាក់​ឈ្មោះ ហ្គ្រេ​ស ប៉ូ (Grace Poe) បាន​និយាយ​នៅក្នុង​សវនាការ ​ស្តីអំពី​«​ព័ត៌មាន​ក្លែងក្លាយ​»​ថា សេរីភាព​បញ្ចេញមតិ​ កំពុង​ត្រូវបាន​គេ​ប្រើប្រាស់ ​ដោយ​អនាធិបតេយ្យ និង​ខុសឆ្គង ជាពិសេស​នៅក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។​

ទន្ទឹមនឹងនេះ អ្នកស្រី​សមាជិកសភា​រូបនេះ​ក៏បាន​និយាយថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ បាន​ផ្សព្វផ្សាយ​ការឃោសនា​ក្លែងក្លាយ ​ថាជា​«​ការពិត​» ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ហ្វីលី​ពី​ន​។​​

«​គ្រោះថ្នាក់​នៃ​ការបោកប្រាស់ ​តាម​អ៊ី​ន​ធើ​ណិ​ត គឺថា​វា​បាន​រាំងស្ទះ​ ដល់​ការបញ្ចេញមតិ​ពិតប្រាកដ​ របស់​ប្រជាពលរដ្ឋ ដែលមាន​សារៈសំខាន់​ ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​ នូវ​គោលនយោបាយ និង​កម្មវិធី​(​សេវាសាធារណៈ​)​។​» អ្នកស្រី ហ្គ្រេ​ស ប៉ូ បានលើកឡើង នៅក្នុង​សវនាការ​។​

នៅឯ​ប្រទេស​ម៉ាឡេស៊ី​ឯណេះ​វិញ លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​នាយករដ្ឋមន្ត្រី​ ដែល​ទើប​ធ្លាក់​ពី​តំណែង ក៏បាន​ត្អូញត្អែរ​អំពី​បញ្ហា​«​ព័ត៌មាន​ក្លែងក្លាយ​»​ នេះដែរ​។​

យោងតាម​សារព័ត៌មាន ឌឹ ស្ត្រេ​ធ៍ ថែម​ស៍ (The Straight Times) របស់​សិង្ហ​បុរី ចេញផ្សាយ​នៅ​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា លោក ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) បាន​រិះគន់​ការផ្សព្វផ្សាយ​ព័ត៌មាន ​តាម វ៉​ត​ស៍​អែប (WhatsApp) ដែល​ត្អូញត្អែរ​អំពី​ បញ្ហា​បោះឆ្នោត​ថា​ជា​«​ព័ត៌មាន​ក្លែងក្លាយ​»​។​

​​«​ពួកគេ​ព្យាយាម​ផ្សព្វផ្សាយ ​ការចោទប្រកាន់ និង​ការ​ភូតកុហក​ទាំងនេះ ទាំងអស់​សង្ឃឹម នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។​» លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក ក្នុងអំឡុងពេល​បោះឆ្នោត​ថ្មីៗ​នេះ​។​​

ចំណែក​នៅ​ប្រទេស​ថៃ​ឯណេះ​វិញ បញ្ហា​«​ព័ត៌មាន​ក្លែងក្លាយ​»​ បាន​ផ្ទុះឡើង​គួរឱ្យ​ភ័យខ្លាច ហើយ​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់ ​ស្ទើរតែ​រត់​ជាន់ជើងគ្នា នៅពេលដែល​ព័ត៌មាន​ច​ចាម​អារាម​ថា ​មាន​ជនអនាមិក​លួច​ដាក់​គ្រាប់បែក នៅ​ទីក្រុង​បាងកក កាលពី​ឆ្នាំ​២០១៦​។ (​នេះ​បើតាម​សេច​ក្ត​រាយការណ៍ ​របស់​កាសែត បាងកក​ប៉ុ​ស្ត៍ (Bangkok Post) ចេញផ្សាយ​នៅ​ថ្ងៃទី​២៨​ខែ​ធ្នាំ​២០១៦ កន្លងមក​។​)

ជាការ​ពិតណាស់ ស្ទើរតែ​គ្មាន​ប្រទេស​ណាមួយ​ នៅក្នុង​សមាគម​អាស៊ាន ក្នុងនោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ អាច​រួច​ផុតពី​ការវាយលុក​ដោយ ​«​ព័ត៌មាន​ក្លែងក្លាយ​» ​នោះឡើយ​។​

គួររំឭកថា ក្រោយពី​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​បាន​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី នៅ​ឆ្នាំ​២០១៦ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រាស​ន៍​ថា​ អ្នក​បង្ហោះ​រូប​សម្តេច ដោយ​ប្រមាថ​ថា ស​ម្តេច​បាន​បាត់​បង់ជីវិត​នោះ  គឺជា​ការ​ប្រឌិត ​«​ព័ត៌មាន​ក្លែងក្លាយ​» ហើយ​ជា​សកម្មជន​បក្សនយោបាយ​ទៀតផង​។​​

សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ឆ្លើយតប​ចំពោះ​អ្នក​បង្ហោះ​រូប​ប្រឌិត​របស់​សម្តេច​ថា​៖ «​សម្រាប់​អស់លោក​មួយចំនួន​តូច ដែល​ចង់ឱ្យ​ខ្ញុំ​ស្លាប់​ តាមរយៈ​ការផ្សាយ​ព័ត៌មាន​ប្រឌិត ​រហូត​បង្កើត​រូបភាព​បង្ហោះ​តាម​ប្រ​ព័​ន្ឋ Facebook ។ សូម​ប្អូនៗ ឬ​ក្មួយៗ​មេត្តា​កែប្រែ​អត្តចរិត​ពាល​នេះ​ចេញទៅ ព្រោះ​វា​គ្មាន​ផលប្រយោជន៍​ សម្រាប់​អស់លោក​នោះឡើយ​។​»​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បន្តថា​៖ «​តាម​ការស្រាវជ្រាវ អស់លោក គឺជា​សកម្មជន​ នៃ​បក្សនយោបាយ ​ដែល​មេដឹកនាំ​របស់​អស់លោក​មួយចំនួន​ជា​ជនពាល និង​ជា​ជន​បោកប្រាស់​អាជីព​។ ពួកគេ​បាន​ហ្វឹកហ្វឺន​ តាមរបៀប​ក្មេង​ពាល​ដែល​សង្គម​ស្អប់ខ្ពើម​។ ពេល​មាន​បញ្ហា​ គេ​តែងតែ​រត់ចោលស្រុក​ និង​ទុកឱ្យ​ថ្នាក់ក្រោម​ជាប់គុក​ជំនួស​។​»

​នៅពេល​ថ្មីៗ​នេះ មាន​«​ព័ត៌មាន​ក្លែងក្លាយ​»​ដែល​បាន​ផ្សព្វផ្សាយ​ថា ស្ពានដែក​បេ​ឡេ​ទើបតែ​សម្ភោ​ធ​ ដាក់ឱ្យ​ប្រើប្រាស់ ត្រូវ​ក្រុមចោរ​ ដែលមាន​គ្នា​ប្រមាណ​ជាង​៣០​នាក់ បាន​ជិះទូក​ប្រមាណ​ជា​ជិត​៣០​ទូក ទៅ​កាត់​ដែក​ស្ពាន​បេ​ឡេ ដែល​ឆ្លងកាត់​ទន្លេសាប ត​ភ្ជាប់​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោង​ចង្វារ​នោះ កាលពី​យប់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៨ ។​

​ទោះជា​យ៉ាងណា លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា តាម​ការពិត ​មិនមែនជា​ចោរលួច​កាត់​ដែក​ស្ពាន​បេ​ឡេ​នោះទេ ក្រុម​នេះ​បានមក​មុជទឹក​ ចូល​ទៅយក​កំណាត់​កម្ទេច​ដែក ដែល​នៅ​សេសសល់​ធ្លាក់​ចូលក្នុង​ទឹក និង​បាន​ឆ្លៀត​លួច​កាត់​ដែក​ប៉ា​រ៉ា​ស់ កា​រពារ​ជើង​ស្ពាន​នោះទេ ហើយ​សមត្ថកិច្ច​បាន​នឹង​កំពុងធ្វើការ​ងារ​នេះ ។​

​ទន្ទឹមនឹងនេះ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​របស់​ព័ត៌មាន​មួយ ដោយ​ដាក់​ចំណងជើង​ថា «​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា សាំង​ស៊ុប​ពែរ​សម្រាប់​អ្នកមាន អ្នកក្រ​ចាក់​តែ​សាំង​ធម្មតា​ទៅ​» មហាជន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កំពុងមាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ចំពោះ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​តាមពិត ខ្លឹមសារ​ដើម​របស់លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ មិនបាន​សំដៅ​បែងចែក​វណ្ណៈ ​រវាង​អ្នកមាន និង​អ្នកក្រ​ក្នុង​ប្រើប្រាស់​សាំង​នោះឡើយ ពោលគឺ​នៅ​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨​កន្លងទៅនេះ អ្នកព័ត៌មាន​បាន​ចោទសួរ​រូបលោក ​ពាក់ព័ន្ធ​ការកំណត់ថ្លៃ​សាំង នៅតាម​ស្ថានីយប្រេងឥន្ធនៈ​នានា ដែល​ក្នុង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ ​បានកំណត់​តែ​ថ្លៃ​សាំង​ធម្មតា និង​ម៉ា​ហ្សូ​ត​ប៉ុណ្ណោះ ហេតុអ្វី​មិន​កំណត់​តម្លៃ​ លក់​សម្រាប់​សាំង​ស៊ុប​ពែរ​នោះ​។​

​ឆ្លើយតប​នឹង​សំណួរ​នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ពន្យល់ថា ការកំណត់​តម្លៃ​សាំង​ធម្មតា ក្នុងទិសដៅ​ជួយ​លើកកម្ពស់​ជីវភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្សត់ខ្សោយ ព្រោះ​ពួកគាត់​ភាគច្រើន​ប្រើប្រាស់​សាំង​ធម្មតា ​សម្រាប់​ចាក់​យានយន្ត​។

ដោយឡែក​សាំង​ស៊ុប​ពែរ​វិញ ភាគច្រើន​អ្នកមាន​ធនធាន អ្នកមាន​យានយន្ត​ទំនើប​ជា​អ្នកប្រើប្រាស់ ដូច្នេះ​ក្រសួង​មិនបាន​កំណត់​តម្លៃ​នោះទេ គឺ​ទុកឱ្យ​ស្ថានីយ​ប្រេង​នីមួយៗ ជា​អ្នក​កំណត់ដោយ​ខ្លួនឯង ទៅតាម​របប​ទីផ្សារសេរី​។​

«​ការកំណត់​តម្លៃ​សាំង​ធម្មតា​នៅលើ​ទីផ្សារ គឺជា​យុទ្ធសាស្ត្រ​សម្រាប់​ជួយ​អ្នកក្រ ព្រោះ​អ្នកក្រ​ភាគច្រើន​ប្រើ​ប្រេងសាំង​ធម្មតា ចំណែក​អ្នកមាន​ឡាន​ទំនើបៗ គេ​ចាក់​សាំង​ល្អ ដើម្បីឱ្យ​ម៉ាស៊ីន​ឡាន​ដំណើរ​ការល្អ ដូចនេះ​យើង​មិន​ព្រួយ​ពី​ការ​ឡើងថ្លៃ លើ​ប្រភេទ​សាំង​ស៊ុប​ពែរ​ទេ​។​» លោក​រដ្ឋមន្ត្រី បានបញ្ជាក់​។​​

ជាការ​ពិតណាស់ បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​សមាគម​អាស៊ាន ក៏ដូចជា​ប្រទេស​នានា​នៅក្នុង​ពិភពលោក មិន​អាចធ្វើ​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ «​ព័ត៌មាន​ក្លែងក្លាយ​» ​នេះឡើយ​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​លើក​ទី​១៤​ របស់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​អាស៊ាន នៅ​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​១០​ខែឧសភា​នេះ រដ្ឋមន្ត្រី​អាស៊ាន​បានទទួល​ស្គា​ល់ ពី​ការគំរាមកំហែង និង​ផល​ប៉ះ​ផល​ជា​អវិជ្ជមាន​ នៃ​ព័ត៌មាន​មិន​ពិត​ទៅលើ​សង្គម ជាពិសេស​ព័ត៌មាន​ដែល​ផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​នេះឯង​។​​

រដ្ឋមន្ត្រី​អាស៊ាន បាន​ឯកភាពគ្នា​ក្នុងការ​ចូលរួម ​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ នៃ​ការអនុវត្ត​ល្អៗ ធានា​យ៉ាងណា​ កុំឱ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន ​ពី​ព័ត៌មាន​មិន​ពិត ឬ​«​ព័ត៌មាន​ក្លែងក្លាយ​»​នេះ​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី​ក៏​យល់ឃើញថា បណ្តា​ប្រទេស​នៅក្នុង​សមាគម​អាស៊ាន ចាំបាច់​រួបរួមគ្នា ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​«​ព័ត៌មាន​ក្លែងក្លាយ​»​នោះ​។​

​គួរ​បញ្ជាក់ថា ជា​លទ្ធផល​នៅក្នុង​កិច្ចពិភាក្សា​ ក្នុង​កិច្ចប្រជុំ​អាស៊ាន​ទី​១៤​នេះ រដ្ឋមន្ត្រី​អាស៊ាន ក៏បាន​អនុម័ត​លើ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ទូលំទូលាយ​មួយ ដែល​រាប់បញ្ចូល​ទាំង​ការណែនាំ​សាធារណៈ​ ឱ្យ​ពិចារណា​លើ​ព័ត៌មាន រដ្ឋាភិបាល ពិនិត្យ​ឱ្យ​ខ្ជាប់ខ្ជួន ​លើ​វិស័យ​ព័ត៌មាន ហើយ​រដ្ឋាភិបាល និង​ប្រជាជន ក៏​ត្រូវធ្វើ​សហប្រតិបត្តិការ ​ជាមួយគ្នា​ទៅវិញ​ក្នុង​រាយការណ៍ ​និង​បំភ្លឺ​ចំពោះ​ការ​ផ្តល់ព័ត៌មាន​ មិន​ពិត​ណាមួយ​ឱ្យបាន​ទាន់ពេល ។

​តាមរយៈ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ដដែល​នោះ រដ្ឋមន្ត្រី​អាស៊ាន បាន​លើកទឹកចិត្ត​ដល់​ប្រទេស​ទាំងអស់ ​ពិចារណា​មធ្យោបាយ​រៀងខ្លួន​បន្ថែម ដែល​រាប់បញ្ចូល​ទាំង​ការបង្កើត​ច្បាប់ បទដ្ឋាន និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​ដើម្បី​គ្រប់គ្រង និង​ធានា​ពី​វិស័យ​ព័ត៌មាន ​ដោយ​ស្របទៅតាម​កាលៈទេសៈ និង​បរិការណ៍​នៃ​ប្រទេស​នីមួយៗ ។

ទន្ទឹមនឹងនេះ កាសែត​កម្ពុ​ជាថ្មី ​សូម​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ជាពិសេស​អ្នកសារព័ត៌មាន ប្រើប្រាស់​សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​របស់ខ្លួន ដោយមាន​ការទទួលខុសត្រូវ ហើយ​ចៀសវាង​ប្រើប្រាស់​សិទ្ធិ​នេះ​ ក្នុង​លក្ខណៈ​អវិជ្ជមាន ដែល​មិន​គ្រាន់តែ​ធ្វើឱ្យប៉ះពាល់​ដល់​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើឱ្យ​ខ្លួនគេ​ផ្ទាល់ ​អាច​រងគ្រោះ និង​ទទួល​ទោសទណ្ឌ​ផងដែរ​។​

​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម គួរ​សិក្សា​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ច្បាប់សារព័ត៌មាន និង​ច្បាប់​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ជួយ​ឱ្យ​ពួកគេ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ កាន់​តែមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ថែមទៀត​៕ (បទ​វិចារណកថា ដោយ កាសែត​កម្ពុ​ជាថ្មី​)

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu